Ad Code

រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ សម្រាប់​ឆ្នាំ​២០២០



ភ្នំពេញ​ ៖ រដ្ឋាភិបាល​ជប៉ុន ​បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ​២០២០ជាច្រើន​កន្លែង​ទៀត​។​ ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​ធ្វើ​បទ​បង្ហាញ ស្ដីពី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់​ឆ្នាំ​២០២០ កាលពី​ល្ងាច​ថ្ងៃទី​២៦​មេសា​នេះ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​។​

លោក កូ​ហេ ហូ​រី លេខា​ទី​២ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ថ្លែងថា អាហារូបករណ៍​នេះ មាន​ប្រភេទ​កម្រិត​អាហារូបករណ៍ សម្រាប់​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា ថ្នាក់​ឧ​ត្ត​មសិ​ក្សា ថ្នាក់​មធ្យមសិក្សា​បច្ចេក​ទេស និង​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ សម្រាប់​ពាក្យ​ស្នើសុំ​អាច​រក​បាន​នៅ​ការិយាល័យ​អាហា​រូបករណ៍ នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​អាសយដ្ឋាន ផ្ទះ​លេខ ២៣ ផ្លូវ​លេខ ៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​(​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ខាងកើត​ស្ថានីយ​ទូរទស្សន៍​អប្សរា​) ឬ​តាមរយៈ​គេហទំព័រ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ ការិយាល័យ​អាហារូបករណ៍ ​នឹង​ចាប់ផ្ដើម​ទទួល​ពាក្យ​ ពីថ្ងៃ​ទី​០២ ខែ​ឧសភា រហូតដល់​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​។ ការដាក់​ពាក្យស្នើសុំ ត្រូវបំពេញ​ពាក្យ​ស្នើសុំ និង​ឯកសារ​ពាក់ព័ន្ធ​ដែល​ចាំបាច់​មកកាន់​ការិយាល័យ​អាហារូបករណ៍​ឲ្យ​បាន​មុន ឬ​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​០០​។ កាលបរិច្ឆេទ ​នៃ​ការ​ជ្រើសរើស​ការប្រឡង​សរសេរ ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ ការ​សម្ភាស​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា តាម​កាលបរិច្ឆេទ​ដូចខាងក្រោម ​៖
​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​២០១៩ ថ្នាក់​ឧ​ត្ត​មសិ​ក្សា ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០១៩ ថ្នាក់​មធ្យមសិក្សា​បច្ចេកទេស ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០១៩ និង​ថ្នាក់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩​។

ចំពោះ​លទ្ធផល​ចុងក្រោយ​ នៃ​បេក្ខជន​ជាប់​អាហារូបករណ៍ ​នឹងត្រូវ​ប្រកាស​តាម​កាលបរិច្ឆេទ​ដូច​ខាង​ក្រោម​ ៖ ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​ចន្លោះ​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ដល់​ខែ​មករា ឆ្នាំ​២០២០ ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ ថ្នាក់មធ្យមសិក្សា​បច្ចេកទេស និង​ថ្នាក់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចន្លោះ​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩​។​
ព័ត៌មាន​លម្អិត​អំពី​អាហារូបករណ៍​ជប៉ុន​MEXT Scholarship សម្រាប់​ឆ្នាំ​២០១៩ សូម​ចូលទៅ​កាន់​គេ​ហទំព័រ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែលមាន​អាស័យដ្ឋាន​( htt://www.kh.emb-japan.go.jp/itpr_en/00_000086.html )​។​

សូមបញ្ជាក់ថា បើតាម​ការ​ថ្លែង​របស់ លោក កូ​ហេ ហូ​រី លេខា​ទី​២ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​ ត្រូវបាន​ចាប់ផ្ដើម​ផ្តល់​មក​កម្ពុជា​ឡើងវិញ​ នៅ​ឆ្នាំ​១៩៩២ សម្រាប់​និស្សិត​កម្ពុជា​ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ គិត​មកដល់ពេលនេះ​មាន​និស្សិត​កម្ពុជា​ប្រមាណ​ជាង​១១០០​នាក់​ហើយ ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​សិក្សា​នៅ​ប្រទេស​ជប៉ុន​។

លោក​បន្តថា អតីត​និស្សិត​អាហារូបករណ៍ បច្ចុប្បន្នកំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​វិស័យ​ផ្សេងៗ ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ថែមថា ការបង្កើត​នូវ​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​តូក្យូ និង​រាជធានី​ភ្នំពេញ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក៏បាន​ជួយ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​ផង​ដែរ​។ គិត​ត្រឹម​ខែ​មេសា ឆ្នាំនេះ មាន​ប្រជាជន​ជប៉ុន​ប្រមាណ​៤.០០០​នាក់ ដែល​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​១៨៥​ក្រុមហ៊ុន ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សមាគម ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​(JBAC)​។ តួលេខ​ទាំងនេះ ​គឺ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ជិត​​៤​ដង បើ​ធៀប​នៅ​ឆ្នាំ​២០១០៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu