Ad Code

បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ ដែល​នាំចូល​លុយ​ជាង​៣​លាន​ដុល្លារ​ ឡើង​តុលាការ



ភ្នំពេញ​ ៖​ បុរស​ជនជាតិ​ចិន​៣​នាក់ ​ដែល​ដឹកជញ្ជូន​លុយ​ដុល្លារ​ចំនួន ​៣.៥២០.០០០​ដុល្លារ​ ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ចូល​មក​កម្ពុជា ត្រូវ​បាន​បញ្ជូន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ។

ជនសង្ស័យ​ទាំង​៣​នាក់​ ដែល​ត្រូវ​ប្រគល់​ឲ្យ​តុលាការ​ធ្វើ​ការ​សាកសួរ ទី​១-ឈ្មោះ Wang Shiping ប្រើ​លិខិតឆ្លងដែន​លេខ​EC9259330 មុខរបរ​មិន​ពិតប្រាកដ។ ទី​២-ឈ្មោះ Wang Lichao កាន់ លិខិត​ឆ្លង​ដែន លេខ​ED4367915 មុខរបរ មិន​ពិតប្រាកដ។ ទី​៣-ឈ្មោះ Zhang Jian កាន់​លិខិត ឆ្លងដែន​លេខ​E 35414034 មិនមាន​លិខិតឆ្លងដែន ជាប់​ខ្លួន មុខរបរ​មិន​ពិតប្រាកដ​។​ ព្រះរាជអាជ្ញា​អម​តុលាការ​កំពុង​ធ្វើការ​សាកសួ​រ​ជនសង្ស័យ​ទាំង​៣​នាក់។​

នគរបាល​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រចាំ​នៅ​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ទាំង​៣​នាក់​ កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ខណៈ​កំពុង​នាំ​លុយ​ចំនួន​៣,៥២០,០០០​ដុល្លារ ដោយ​ពុំ​មាន​ការ​បញ្ជាក់​ពី​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុង​កុង​ចូល​មក​ប្រទេស​កម្ពុជា។

របាយការណ៍​បឋម​របស់​សមត្ថកិច្ច​ បាន​ចាត់​ទុក​សកម្មភាព​នាំ​ប្រាក់​ដុល្លារ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ពុំ​មាន​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់លាស់​នេះ ជា​ទង្វើ​សម្អាត​ប្រាក់ និង ​ហិរញ្ញប្បទាន​ភេរវកម្ម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu