Ad Code

អង្គការ​យូណេស្កូ​សន្យា​ជួយ​ព​ន្លឿ​ន​ការចុះបញ្ជី​ទីក្រុង​របស់​កម្ពុជា​ចំនួន​៣​ឲ្យ​ក្លាយជា​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ



ភ្នំពេញ​ ៖​ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​បាន​សន្យា​ថា នឹង​ជួយ​ព​ន្លឿ​ន ការចុះបញ្ជី​ទីក្រុង​របស់​កម្ពុជា​ចំនួន​៣​ឲ្យ​ក្លាយជា​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​កម្ពុជា​និង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​។

នៅក្នុង​ជំនួប​ជាមួយ​លោក​បណ្ឌិត​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ ២០១៩​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ លោក សា​ដា អ៊ូ​ម៉ា តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ធ្វើការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​ដើម្បី​ព​ន្លឿ​ន​ការងារ​ចុះបញ្ជី​ទីក្រុង​បាត់ដំបង ក្រុង​កំពត និង​ក្រុង​ក្រចេះ​របស់​កម្ពុជា​ទៅក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​ឲ្យ​បាន​លឿន​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​រវាង​លោក​បណ្ឌិត​ថោង ខុន និង​លោក សា​ដា អ៊ូ​ម៉ា លោក​ជក់ ជំនោ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ការចុះបញ្ជី​ទីក្រុង​របស់​កម្ពុជា​ចំនួន​៣​ឲ្យ​ក្លាយជា​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​នេះ នឹង​បង្ហាញ​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា​កាន់តែច្បាស់​ថែមទៀត​។

ក្នុង​ជំនួប​នោះ​ដែរ តំណាង​អង្គការ​យូណេស្កូ ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​ធ្វើដំណើរ មកកាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក ដូចជា​ប្រាសាទ​អង្គ​វត្ត ប្រាសាទព្រះវិហារ និង​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជាដើម​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​ផងដែរ​។

លោក​បណ្ឌិត​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​គាំទ្រ នឹង​អគុណ​ចំពោះ​ការប្តេជ្ញា​របស់​តំណាង​អង្គការ​យូណេស្កូ ដែល​ជួយ​ក្នុងការ​ចុះបញ្ជី​ទីក្រុង​បាត់ដំបង ក្រចេះ និង​ទីក្រុង​កំពត​ទៅជា​ទីក្រុង​បេតិកភណ្ឌ​អង្គការ​យូណេស្កូ​នេះ ព្រោះថា ការ​អភិវ​ឌ្ឍ​វិស័យ​ទេសចរ​ឲ្យ​រីកចម្រើន​ត្រូវ​តែ​មាន​ការ​ផ្សារភ្ជាប់​ជាមួយ​ផ្នែក​វប្បធម៌​បេតិកភណ្ឌ​។

ជាមួយគ្នា​នោះ ដែរ​លោក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​ស្នើ​ដល់​តំណាង​អង្គការ​យូណេស្កូ​ធ្វើ​យ៉ាង​ណា​ជួយ​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត លើ​ការងារ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប និង​ជំរុញ​ឲ្យ​ការ​ផ្សារភ្ជាប់​ពី​តំបន់​ទេសចរណ៍វប្បធម៌ ទៅ​នឹង​តំបន់​ទេសចរណ៍ធម្មជាតិ​នានា​ផងដែរ​។

តំណាង​អង្គការ​យូណេស្កូ​បាន​ទទួល​យក​សំណើ​នេះ ហើយនឹង​បន្ត​សហការ​រៀបចំ វគ្គ​បណ្តុះបណ្តាល​ដល់​ម​ន្ត្រី​ទេសចរ​កម្ពុជា​លើ​ការងារ អភិវឌ្ឍន៍ និង​ការ​អភិរក្ស​វប្បធម៌ ដើម្បី ថែរក្សា​សម្បត្តិ​វប្បធម៌​ឲ្យ​បាន​គង់វង្ស និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​កាន់តែច្រើន​ថែមទៀត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu