Ad Code

លោក ហ៊ុន ម៉ា​ណែ​ត ​៖ សម័យ​សន្តិភាព បើ​គ្មាន​ការបំផ្លាញ​ដូច​សម័យ​ខ្មែរក្រហម​នោះ​ទេ យើង​នៅ​តែ​មានឱកាស​រួមគ្នា​កសាង សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​



​ព្រះសីហនុ​ ៖ លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មហា​កុដិ ផ្លូវ​បេតុង និង​សមិទ្ធផល​នានា ក្នុង​វត្ត​ពោធិ៍​អណ្តែត ស្ថិតនៅ​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា ឆ្នាំ​២០១៩​។​

ថ្លែង​នៅក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា យើង​មាន​មោទនភាព​ចំពោះ​សមិទ្ធ​ផល ដែល​យើង​កសាង​សម្រាប់​ទាំងអស់គ្នា និង​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដែល​បានឃើញ​ជាក់ស្តែង​នេះ​។ លោក​បន្តថា សម័យ​សន្តិភាព​នេះ បើ​គ្មាន​ការបំផ្លាញ​ដូច​សម័យ​ខ្មែរក្រហម​នោះទេ យើង​នៅតែ​មានឱកាស​រួមគ្នា​កសាង​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ​។​

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់ជា​ខេត្ត​ដាច់ស្រយាល ប៉ុន្តែ​នៅ​ពេលនេះ មានការ​អភិវឌ្ឍ​សមិទ្ធផល​យ៉ាងច្រើន មាន​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ធ្វើ​ឲ្យ​ក្មួយៗ​មា​ន​ឱកាស​រៀនសូត្រ​នៅទីនេះ មាន​រោងចក្រ​សហគ្រាស​ជាច្រើន ដែល​ផ្ដល់ឱកាស​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ មានលទ្ធភាព​ចូលរួម​កសាង​សមិទ្ធផល ដែល​ទាំងអស់នេះ គឺ​បង្ហាញ​ពី​ការរីកចម្រើន​។

តាម​ លោក ហ៊ុន ម៉ា​ណែ​ត “​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល គឺ​មិនដែល​ឲ្យ​កងកម្លាំង​ធ្វើបាប​ប្រជាពលរដ្ឋ​នោះទេ គឺមាន​តែ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ការពារ​ប្រជាពលរដ្ឋ​។ នៅ​ឆ្នាំនេះ​ពិធី​ចូលឆ្នាំ​ខ្មែរ​មាន​សន្តិសុខ ស្ថិរភាព​ល្អប្រសើរ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានឱកាស​កម្សាន្ត​សប្បាយរីករាយ​នឹង​ធ្វើ​សង្ក្រាន្ត​គ្រប់​ទីកន្លែង​” ។ ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ និង​កោត​សរសើរ ចំពោះ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​សប្បាយ​រីករាយ​។

លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​មាន​សុខដុម​រមណី​កម្ម​សាសនា ដោយ​មិន​ប្រកាន់​ថា​សាសនា​អ៊ីស្លាម ឬ​សាសនាព្រះពុទ្ធ ឬ​សាសនា​ដទៃ​ឡើយ គឺ​យើង​មាន​ជំនឿ និង​ការប្រតិបត្តិ​ផ្សេងៗ​គ្នា ប៉ុន្តែ​យើង​ធ្វើការ និង​រស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត​។ សាសនា​នេះហើយ​បានធ្វើ​ឲ្យ​មនុស្ស​គោរព​ស្រឡាញ់គ្នា មានការ​អប់រំ​សីលធម៌ និង​គុណធម៌​ក្នុងការ​រស់នៅ​។ លោក​បញ្ជាក់ថា គោល​នយោ​បាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន គឺ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ និង​មានតែ​ខិតខំ​កសាង​សមិទ្ធផល​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​រៀនសូត្រ ខិតខំរ​កក​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ កសាង​វត្ត​អារាម​នៅ​ទូទាំងប្រទេស ចែក​ដីធ្លី​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ខិតខំ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​នយោបាយ​ជូន​ប្រជាពលរដ្ឋ​។​

លោក ហ៊ុន ម៉ា​ណែ​ត អះអាងថា ក្រៅពី​ខិតខំ​អភិវឌ្ឍន៍​វិស័យ​អាណាចក្រ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ខិតខំ​អភិវឌ្ឍន៍​វិស័យ​សាសនា​ឲ្យ​មានការ​រីកចម្រើន​ជាង​មុន ក្នុងនោះ​យើង​ឃើញ​មាន​ព្រះវិហារ សាលាឆាន់ មហា​កុដិ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​វត្ត លេច​ត្រដែត​ឡើងជា​បន្តបន្ទាប់​។ តួយ៉ាង​ដូច​នៅ​វត្ត​ពោធិ៍​អណ្ដែត​នេះ​ជាដើម​។ ការកសាង​សមិទ្ធផល​ទាំងអស់នេះ គឺ​បានមកពី​ការចូលរួម និង​វប្បធម៌​ចែករំលែក​ពី​សំណាក់​ប្រជាពលរដ្ឋ និង​សប្បុរសជន​។ លោក​បន្តថា “​ខណៈដែល​ពេល​ថ្មីៗ​នេះ ស្រុក​ព្រៃនប់​កើតមាន​ការតវ៉ា​រឿង​ដីធ្លី​នោះ សូម​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ដោះស្រាយ​តាម​នីតិវិធី​កុំ​ប្រើ​ហិ​ង្សា ព្រោះ​សមត្ថកិច្ច​ក៏​ជា​កូនចៅ​ប្រជាពលរដ្ឋ ហើយ​យើង​មិន​ចង់​ឲ្យ​មានការ​វាយប្រហារ​កាប់​ចាក់​គ្នា​ព្រោះ​គ្មាន​អ្វី​ចំណេញ​នោះទេ​។ សូម​គោរព​ច្បាប់​ទាំងអស់គ្នា ហើយ​យើង​បាន​សេចក្តីសុខ​ទាំងអស់គ្នា​។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំទៅ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គេ យើង​ខិតខំ​គិតតែ​ធ្វើការ ខិតខំ​រៀនសូត្រ​ពិសេស​ត្រូវ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកសាង​ប្រទេសជាតិឲ្យ​មានការ​ជឿនលឿន​ទៅមុខ ពីព្រោះ​ការធ្វើ​បាតុកម្ម​នេះ​វា​មិន​ចំណេញ​ឡើយ​សម្រាប់​ប្រទេសជាតិ​”​។​

ថ្លែង​នៅក្នុង​ពិធី​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ខិតខំ​ការពារ និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ត្រូវ​ស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ ប្រទេស​ជាតិ រាជរដ្ឋាភិបាល​។ ត្រូវ​ចាត់ទុក​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ ធំ​ជាង​ប្រយោជន៍​របស់ខ្លួន​។ ពីព្រោះ នេះ​ជាគោលការណ៍​របស់​រាជ​រដ្ឋាភិបាល ដែល​ខិតខំ​កែសម្រួល​នូវ​អ្វីដែល​មិន​ទាន់​បានល្អ ដើម្បី​រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ​។​

ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់​ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​ សម្ដេច​តេ​ជោ ​ដឹកនាំ​ប្រទេស​។ ការ​ឈ្នះ​នេះ គឺ​ឈ្នះ​ដោយ​អំពើ​ល្អ ព្រោះថា សម្ដេច​មិនដែល​ឲ្យ​មន្ត្រី​ទៅ​ធ្វើបាប​ប្រជាពលរដ្ឋ​នោះទេ គឺមាន​តែ​ឲ្យ​មន្ត្រី​ទៅ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។ នេះហើយ គឺជា​អំពើ​ល្អ​ដែល​រាជរដ្ឋាភិបាល​បាន​ដឹកនាំ​ប្រទេស​មកដល់​ពេលបច្ចុប្បន្ន​។ នេះហើយ គឺជា​កម្លាំងចិត្ត​របស់​សម្ដេច​តេ​ជោ​ ក្នុងការ​ដឹកនាំ​ប្រទេស​។ ឲ្យ​តែ​លោក​គិត​អំពី​ផលប្រយោជន៍​ប្រជាជន លោក​មិនដែល​ហត់នឿយ​នោះទេ​។ ដរាបណា​ប្រជាពលរដ្ឋ​នៅតែ​គាំទ្រ​ជឿទុកចិត្ត​ សម្ដេច​តេ​ជោ ហ៊ុន សែន លោក​នៅតែ​បម្រើ​ប្រជាពលរដ្ឋ និង​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu