ភ្នំពេញ ៖ គ្រូជនជាតិកូរ៉េចំនួន១៤រូប មកបង្រៀនពីវិធីសាស្ត្រ នៃការបង្រៀនតាមបែបទំនើបដល់គ្រូនិងសិស្ស នៅកម្ពុជា ដើម្បីឆ្លើយតបទៅតាមស្តង់ដារអប់រំថ្នាក់អន្តរជាតិ។
លោក បណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និង ជាជនបង្គោលកម្មវិធីផ្លាស់ប្ដូរគ្រូបង្រៀនអន្តរជាតិកូរ៉េ កម្ពុជាបានមានប្រសាសន៍ថា គ្រូជនជាតិកូរ៉េខាងត្បូងចំនួន១៤រូប នឹងចុះទៅបង្រៀននៅតាមសាលារៀនចំនួន៧ ក្នុងរាជធានីភ្នំពេញរយៈពេល៤ខែ ចាប់ពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០១៩ ដើម្បីជួយបង្រៀនពីរបៀប នៃការបង្រៀនថ្មីៗ និងអនុវត្តជាក់ស្តែង លើមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យាដល់គ្រូបង្រៀនកម្រិតបឋមសិក្សា រហូតដល់កម្រិតវិទ្យាល័យ។
ថ្លែងនៅក្នុងពិធីទទួលស្វាគមន៍គ្រូបង្រៀនជនជាតិកូរ៉េក្នុងកម្មវិធីផ្លាស់ប្ដូរគ្រូបង្រៀនកូរ៉េ និងកម្ពុជាកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកបណ្ឌិត ម៉ុក សារ៉ុមបានបន្តថា គ្រូកូរ៉េទាំង១៤រូបនោះ នឹងចុះទៅបង្រៀនផ្ទាល់ដល់គ្រូ និងសិស្សនៅវិទ្យាល័យសន្ធរម៉ុក វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សាលាបឋមសិក្សាចតុមុខ សាលាបឋមសិក្សាចាក់អង្រែលើ សាលាបឋមសិក្សា ហ៊ុន សែន ពោធិចិនតុង និងសាលាបឋមសិក្សាឧកញ៉ាមហាភក្តីហ៊ុននាង បឹងត្របែកខាងត្បូង ដោយក្នុង១សាលាៗដាក់គ្រូកូរ៉េ២នាក់។
លោកបានស្នើឲ្យក្រសួងអប់រំកូរ៉េ ជួយបន្ថែមចំនួនគ្រូបង្រៀនមកកម្ពុជា ដើម្បីឲ្យក្រសួងអាចបញ្ជូនគ្រូកូរ៉េទៅបង្រៀនដល់សិស្សានុសិស្សមួយចំនួននៅតាមបណ្តាខេត្ត ដែលមានសក្ដានុពលដូចជានៅខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម។
កញ្ញា ហុង ស៊ូល អ្នកជំនាញរបស់មជ្ឈមណ្ឌលអប់រំប៉ាស៊ីហ្វិកសម្រាប់ការយ ល់ដឹងសាកលបានមានប្រសាសន៍ថាគ្រូបង្រៀនកូរ៉ទាំងនេះនឹងជួយបង្ហាត់បង្រៀនដល់សិស្សានុសិស្សកម្ពុជាឲ្យមានភាពក្លាហាន ចេះបញ្ចេញមតិយោបល់ ចេះរៀនដោយខ្លួនឯងនិងបង្រៀនឲ្យសិស្សចេះអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់តែម្តងតាមរយៈការបញ្ចាំងស្លាយនិងសម្ភារៈឧបទ្ទេសផ្សេងៗ ដើម្បីឲ្យសិស្សឆាប់យល់និងចាប់បានមេរៀន។
កញ្ញាបានបន្តថា ចំណែកគ្រូកូរ៉េវិញ ក៏ទទួលបាននូវបទពិសោធន៍ថ្មីៗពីការបង្រៀននេះ ក៏ដូចជាវប្បធម៌ប្រពៃណី និង ទំនៀមទម្លាប់របស់ប្រទេសកម្ពុជាផងដែរ ហើយនឹងយកបទពិសោធន៍ទាំងនេះទៅបង្ហាត់បង្រៀនបន្តដល់សិស្សកូរ៉េឲ្យចេះពីរបៀបរស់នៅតាមបែបពហុវប្បធម៌ផ្សេងៗ។
លោក អូណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ចំពោះកម្មវិធីផ្លាស់ប្ដូរការបង្រៀនអន្តរជាតិរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជាដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកហើយ ឆ្នាំនេះ គឺជាឆ្នាំទី៣ហើយ»។
លោកមានជំនឿថា គ្រូកូរ៉េទាំងនោះ នឹងដើរតួដ៏សំខាន់មួយក្នុងការផ្សារភ្ជាប់ចិត្ត និងគំនិតរបស់ប្រជាជនកូរ៉េ និងប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរជាងនេះទៅទៀត។
លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា កម្មវិធីផ្លាស់ប្ដូរការបង្រៀនអន្តរជាតិរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជានេះ នឹងជួយផ្តល់នូវបទពិសោធន៍បែបស្ថាបនាដល់គ្រូបង្រៀនកូរ៉េនិងកម្ពុជាឲ្យយល់ដឹងពីប្រព័ន្ធអប់រំគ្នាទៅវិញទៅមក ស្វែងយល់ពីវប្បធម៌គ្នាឲ្យបានស៊ីជម្រៅ កសាងសមត្ថភាពទំនាក់ទំនងគ្នាតាមបែបអន្តរវប្បធម៌ក្នុងការបង្រៀនដោយសងការជាមួយគ្រូម្ចាស់ផ្ទះ ចែករំលែកចំណវដឹងនិងជំនាញគោរុកោសល្យតាមរយៈដំណើរការបង្រៀន និងរៀននិងពង្រឹងបណ្តាញទំនាក់ទំនងគ្នាក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ។
លោកសង្ឃឹមថា កម្មវិធីផ្លាស់ប្ដូរការបង្រៀនអន្តរជាតិរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជានេះ គឺជាកិច្ចសហការមួយដ៏ចាំបាច់ និងបន្ទាន់ក្នុងការបង្កើតយុទ្ធសាស្ត្រប្ដូរមូលធនមនុស្សរបស់កម្ពុជា ដែលឆ្លើយតបទៅនឹងការប្រែប្រួលសេចក្តីត្រូវការក្នុងស្រុក ក្នុងតំបន់ និងសាកលលោកដែលកំពុងតែវិវត្តន៍ឥតឈប់ឈរនិងឆាប់រហ័ស។
គួរបញ្ជាក់ថា កម្មវិធីផ្លាស់ប្ដូរគ្រូបង្រៀនរបស់ក្រសួងអប់រំកូរ៉េនេះ កម្ពុជា ជាប្រទេសចុងក្រោយគេដែលក្រសួងអប់រំកូរ៉េ ទើបបានចុះអនុស្សរណៈយោគយល់គ្នា កាលពីឆ្នាំ២០១៧កន្លងទៅនេះ រយៈពេល៥ឆ្នាំ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឡាវ វៀតណាម មីយ៉ាន់ម៉ា ថៃ និង ប្រទេសហ្វីលីពីន៕
Source: Kampuchea Thmey Daily
0 Comments