Ad Code

ព្រោះតែ​បញ្ហា​របួស​ធ្វើ​ឲ្យ សុក សំណាង មិន​អាចជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ពេញ​ម៉ោង​ទោះបីជា​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ក៏ដោយ



ខ្សែបម្រើ​ស្លាប សុក សំណាង អាច​វិល​ត្រលប់​មក​លើ​ទីលាន​ជួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) វិញ​បាន​ហើយ​ក្រោយ​សម្រាក​ប្រមាណ​វះកាត់​និង​ព្យាបាល​ជាង​៦​ខែ​ដោយសារ​បញ្ហា​របួស​ឆ្អឹង​ស្មងជើង​ខាងស្តាំ​ដែល​ជា​របួស​ចាស់ ដែល​កើត​លើ​រូបគេ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​។



ម្ចាស់​គ្រាប់​បាល់​ដំបូង​ក្នុង​ការ​ប្រកួត​ជាមួយ​ភ្នំពេញ​ក្រោ​ន ក្នុង​សប្ដាហ៍​ទី​៤​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ថ្មីៗ​នេះ​កីឡាករ សុក សំណាង ត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ​នា​ចុង​វគ្គ​ទី​១​។ លោក Conor Nestor​ដែលជា​គ្រូបង្វឹក​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បានសម្រេច​ប្តូរ​កីឡាករ សុក សំណាង ចេញ​តាំងពី​នាទី​៣៧ ដោយសារ​បញ្ហា​របួស​ខ្នង​មាន​តាំង​មុន​ការប្រកួត​។ មុន​ធ្វើការ​ផ្លាស់ប្តូរ សំណាង ក៏បាន​ទាត់​បញ្ចូល​ទី​១​គ្រាប់​យ៉ាង​ល្អ​នាទី ១៥ ដែល​ជា​ការ​ពីស្តាំ​ទៅ​បង្គោល​ទី​២​រំលង​ផុតដៃ​អ្នកចាំទី​របស់​គូប្រកួត​។

កីឡាករ សុក សំណាង បានបញ្ជាក់​ក្រោយ​បង្ហាញខ្លួន​លើ​ទីលាន​វិញ​ថា «ខ្ញុំ​គិតថា​ទម្រង់​លេង​របស់ខ្ញុំ​អាច​នឹង​ឆាប់​យល់​ជាមួយ​មិត្ត​រួម​ក្រុម​លឿន​ជាង​នេះ​បន្ទាប់​សម្រាក​ពីរ​បួស និង​សង្ឃឹមថា​អ្វី​នឹង​ល្អប្រសើរ​វិញ​។ ខ្ញុំ​សម្រាក​ព្យាបាល​របួស ហើយ​អ្វី​ដែល​ខ្ញុំ​ខ្វះខាត​ពេលនេះ​កម្លាំង និង​បច្ចេកទេស​។ ខ្ញុំ​គិតថា​ពេលនេះ​ទម្រង់​លេង និង​ចង្វាក់​លេង របស់​យើង​សហការគ្នា​បាន​ល្អ ខណៈ​ការបញ្ចប់​ទី​ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត​»​។



​សូម​រំលឹក​ថា​ បញ្ហា​របួស​នេះ​តម្រូវ​ឲ្យ​កីឡាករ សុក សំណាង ត្រូវ​ចេញទៅ​ពិនិត្យ​តាមដាន ព្យាបាល​និង​វៈ​កាត់​របួស​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម ដែល​ចាយ​ពេល​រហូតដល់​ទៅ​៦​ខែ ហើយ​អវត្តមាន​របស់​កីឡាករ​រូបនេះ​លើ​ទីលាន​ធ្វើ​ឲ្យ​គេ​បាត់បង់​ឱកាស​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង បាត់​ឱកាស​ក្នុង​ការជួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០១៨​ផង​។

គេ​ចាំ​បាន​ថា​ កីឡាករ សុក សំណាង ត្រូវបាន​លោក សំ វ៉ាន់​ដេ​ត បានដាក់​ចូល​បញ្ជី​ក្រុម​ធំ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​២០១០ ក្រោយ​បង្ហាញខ្លួន​បានល្អ​នៅក្នុង​ក្រុមយុវជន​ថ្នាល ហើយ​កីឡាករ​រូប​នេះ​ធ្លាប់​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ក្រុម​ឈ្នះ​បាន​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៣ និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១១,២០១២,២០១៥ និង​២០១៧ នេះ​ផងដែរ​។ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​កោះហៅ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ​ទាំង​ឈុត​យុវជន​និង​ឈុត​ធំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu