Ad Code

ជនអន្តោប្រវេសន៍ ​ផ្ទុះ​ការ​តវ៉ា ​បន្ទាប់ពី​មនុស្ស​រាប់​រយ​នាក់​រត់​គេចខ្លួន​ចេញពី​មណ្ឌល​ឃុំឃាំង​ម៉ិ​ក​ស៊ិក



ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​នៅឯ​មណ្ឌល​ឃុំឃាំង​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​បានធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ការជាប់​ឃុំ​របស់​ពួកគេ​កាលពី​ថ្ងៃ​សុក្រ​ពោលគឺ​មួយថ្ងៃ​ បន្ទាប់ពី​ការរត់​គេចខ្លួន​របស់​អ្នក​ជាប់ឃុំ​ដែល​ភាគច្រើន​ជា​ជនជាតិ​គុយបា​ប្រហែលជា​១,៣០០​នាក់​។​

ជន​ចំណាកស្រុក​រាប់សិប​នាក់​បាន​ស្រែក​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា “​យើង​ចង់ទៅ​” និង “​យើង​ឃ្លាន​” នៅ​មណ្ឌល​នេះ​ក្នុង​ទីក្រុង Tapachula នៃ​រដ្ឋ Chiapas ភាគខាងត្បូង​។​

សាក្សី​បាន​និយាយថា នៅពេល​អាហារ​ពេល​ល្ងាច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជន​ចំណាកស្រុក​ប្រហែល​១,៣០០​នាក់​បាន​រត់គេចខ្លួន​បន្ទាប់ពី​គំរាម​ដុត​មណ្ឌល​ឃុំឃាំង​នេះ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការដាក់​មនុស្ស​ច្រើនពេក​។​

វិទ្យាស្ថាន​អន្តោប្រវេសន៍​ជាតិ (INM) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មានការ​ចាកចេញ​ដោយ​គ្មាន​ការអនុញ្ញាត​ជា​ទ្រង់ទ្រាយ​ធំ​នៃ​មនុស្ស​ដែល​ត្រូវបាន​គេ​ដាក់​នៅក្នុង​ស្ថានីយ​អន្តោប្រវេសន៍​”​។​

វិទ្យាស្ថាន​នេះ​បាន​និយាយថា មនុស្ស​ចំនួន​៧០០​នាក់​បាន​ត្រលប់​មកវិញ​ភ្លាមៗ​បន្ទាប់ពី​ចាកចេញ​ប៉ុន្តែ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បានបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា មនុស្ស​ប្រហែល​៥០០​នាក់​ផ្សេងទៀត​មិនត្រូវ​បាន​គេ​ដឹង​។​

ចាប់តាំងពី​ខែតុលា​មក ជនជាតិ​អាមេរិក​កណ្តាល​និង​គុយបា​រាប់ម៉ឺន​នាក់​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ជា​ក្រុម​ដោយ​សង្ឃឹមថានឹង​ឈានទៅដល់​សហរដ្ឋអាមេរិក​។​

ជន​ចំណាកស្រុក​បាន​និយាយថា ពួកគេ​កំពុង​រត់គេច​ពី​ភាពក្រីក្រ​និង​អំពើ​ហិង្សា​។​
​មជ្ឈមណ្ឌល Tapachula ត្រូវបាន​សាងសង់ឡើង​ដើម្បី​ដាក់​មនុស្ស​ចំនួន​៩០០​នាក់​ប៉ុន្តែ​អ្នកស្រុក​និយាយថា ពេលខ្លះ​វា​ដាក់​មនុស្ស​រហូតដល់​ទៅ​៣,០០០​នាក់​ឯណោះ​។​

គួរ​បញ្ជាក់ថា វា​ជា​លើក​ទី​បី​ហើយ​ចាប់តាំងពី​ខែតុលា​មក​ដែល​ជន​ចំណាកស្រុក​នៅ​មណ្ឌល Tapachula បានធ្វើ​កុបកម្ម​ប្រឆាំងនឹង​ស្ថានភាព​របស់​មណ្ឌល​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu