Ad Code

ក្រសួង​ការងារ​ ត្រៀមខ្លួន​បន្ត​សហការ​ជាមួយ​GMAC​ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង ​នៃ​វិស័យ​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កម្ពុជា ​នៅ​លើ​ឆាក​អន្តរជាតិ​



ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានលើកឡើង​ថា ​ក្រសួង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ​ក្នុងការ​បន្ត​កិច្ចសហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង ​នៃ​វិស័យ​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

ការលើកឡើង​របស់លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បែបនេះ​ធ្វើឡើង​នៅក្នុង សន្និបាត​ប្រចាំឆ្នាំ​២០១៩ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​ និង​ពិធី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩-២០២១ កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។​

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្តថា​ «​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក វ៉ាន់ ស៊ូ​អៀង ដែល​បាន​បំពេញ​តួនាទី​ជា​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏ដូចជា​សមាជិក​-​សមាជិកា​ទាំងអស់​ដែល​តែងតែ​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​ក្រសួង ក្នុងការ​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​

នាឱកាស​ដ៏​វិសេសវិសាល​នេះ​ផងដែរ ខ្ញុំ​ក៏​សូម​អបអរសាទរ​ចំពោះ ប្រធាន​សមាគម GMAC ថ្មី ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩-២០២១ នាពេលនេះ​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ផ្តើមចេញពី​គោលនយោបាយ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​នឹង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល ​រាជរដ្ឋាភិបាល​ បាន​និង​កំពុង​អនុវត្ត​ចាប់ពី​ឆ្នាំ​១៩៩៩ បានធ្វើ​ឲ្យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​បន្ត​រីកចម្រើន​គួរ​ជាទី​មោទនៈ ចាប់ផ្តើម​ពី​រោងចក្រ​ប្រមាណ​ជាង​៦០​រោងចក្រ ជាមួយនឹង​កម្មករ​និ​យោ​ជិត​ប្រមាណ​៨​ម៉ឺន​នាក់ រហូតមកដល់​ពេលនេះ រោងចក្រ​កើនឡើង​ដល់​ប្រមាណ ១២០០​រោងចក្រ ជាមួយនិង​កម្មករនិយោជិត​ប្រមាណ​ជាង​៨៤​ម៉ឺន​នាក់​។ វិស័យ​កាត់ដេរ គឺជា​វិស័យ​មួយ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​បានផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​។

ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​សាទរ​ចំពោះ​កិច្ចការ​កន្លងមក​ដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានធ្វើ​ការសហកា​រយ៉ា​ង​សិ្អ​តរ​មួ​ត​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងនោះ​រួមមាន ​៖ ការ​រួមគ្នា​អនុវត្ត​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​ទៅនឹង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​កន្លងមក​យើង​បាន​នឹង​កំពុង​រួមគ្នា​អនុវត្ត​ប្រកបដោយ​ជោគជ័យ ជាពិសេស​តាមរយៈ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ភាគី​រាជរដ្ឋាភិបាល រួមមាន ​៖ ក្រសួង​ការងារ និង ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​ពាណិជ្ជកម្ម ជាមួយនឹង​វិស័យ​ឯកជន រួមមាន​ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។

ការបង្កើន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ តាមរយៈ​ការអនុវត្ត​យន្តការ​ត្រីភាគី និង​កិច្ច​សន្ទនា​សង្គម ដែល​យើង​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ជា​មូលដ្ឋានគ្រឹះ​ធានាបាន​នូវ​ភាព​សុខដុម​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ ធ្វើ​ឲ្យ​មាន​ការ​ថយចុះ​នូវ​វិវាទ​ការងារ​បាន​ប្រសើរ​ជាង​មុន​ច្រើន​។​

ការបន្ត​ចូលរួម​អនុវត្ត​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​ដល់​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល យុទ្ធ​សាស្ត្រ​ចតុកោណ និង​គោលនយោបាយ​នានា ដូចជា​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ គោលនយោបាយ​ជាតិ​ ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។

ទន្ទឹមនឹងនេះ ការចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​នូវ​កាតព្វកិច្ច​នានា​ដែល​បានចែង​ក្នុង​ច្បាប់ ​ស្តីពី​ការងារ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ស្ថិតនៅក្រោម​បញ្ញត្តិ​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា រួមទាំង​បទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ផងដែរ​។ បន្ថែម​ពីនេះ GMAC ក៏​ជា​ដៃគូ​ដ៏​សំខាន់​ផងដែរ ដែល​បាន​ចូលរួម​ធ្វើ​ឲ្យ​ក្រសួង​អាច​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា និង​គម្រោង​នានា​ផងដែរ​។​

លោក​បណ្ឌិត ​អ៊ិត​ សំហេង​ បាន​បញ្ជាក់ថា​ ស្ថិតក្នុង​បរិបទ ដែល​វិស័យនេះ​កាន់តែ​ប្រឈម​ខ្លាំង​ទៅ​នឹង​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំចេញ​នានា យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ស្វែងរក​ដំណោះស្រាយ​រួមគ្នា ដើម្បី​ធានាថា វិស័យនេះ​នៅតែ​អាច​បន្ត​ធានាបាន​នូវ​ឧត្ដមភាព​ប្រកួត​ប្រជែង សមាជិក​ទាំងអស់​រប​ស់​GMAC​ អាច​រក្សាបាន​ដំណើរ​ផលិតកម្ម​អាជីវកម្ម​របស់​ខ្លួន ប្រកប​ដោយ​ចីរភាព​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu