Ad Code

កូរ៉េ​ទាំងពីរ​រម្លឹក​ខួប​នៃ​ជំនួប​កំពូល មូ​ន​-​គីម ជាមួយ​សំឡេង​ខុសគ្នា



ប្រទេស​កូរ៉េខាងជើង ​និង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍ ​បាន​បញ្ចេញ​កំណត់ហេតុ​ផ្សេងគ្នា​ ខណៈដែល​ពួកគេ​បាន​ប្រារព្ធ​ខួប​លើកទីមួយ​នៃ​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​របស់​ពួកគេ​។​

លោក គីម ជុង​អ៊ុន និង​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានរៀបចំ​កិច្ចប្រជុំ​លើកដំបូង​របស់​ពួកគេ​នៅ​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំមុន​នៅក្នុង​តំបន់​គ្មាន​យោធា​ដែល​ពុះ​ចែក​ឧបទ្វីប​នេះ​អំឡុង​ការវិវត្តន៍​ផ្នែក​ការទូត​យ៉ាង​ឆាប់រហ័ស​ដែល​ត្រូ​ស​ត្រាយផ្លូវ​សម្រាប់​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​គីម​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ខែមិថុនា​។​

ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក មានការ​រីកចម្រើន​តិចតួច​ណាស់​អំពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ខណៈដែល​ទីក្រុង​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន​បាន​ជាប់គាំង​ចាប់តាំងពី​ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​លោក​ត្រាំ​និង​លោក​គីម​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​។​

លោក​មូ​ន​ដែល​បានរៀបចំ​កិច្ចប្រជុំ​លើកដំបូង​រវាង​មេ​ដឹក​ទាំងពីរ​គឺ​បាន​ព្យាយាម​ជួយសង្គ្រោះ​ផ្នែក​ការទូត​បើទោះបីជា​កូរ៉េខាងជើង​នៅតែ​មិនមាន​ការឆ្លើយតប​ធំធេង​ក៏ដោយ​។​

ចាប់តាំងពី​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ហាណូយ​មក កូរ៉េខាងជើង​មិនបាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​ប្រធានការិយាល័យ​កិច្ចចរចា​រួម​របស់​ពួកគេ​នៅ​ទីក្រុង Kaesong ទេ​ហើយក៏​មិនបាន​ចូលរួម​ក្នុង​គម្រោង​រួម​ផ្សេងទៀត​ផងដែរ​។​

កូរ៉េខាងជើង​មិនបាន​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​របស់​កូរ៉េខាងត្បូង​ក្នុង​សប្តាហ៍​នេះ​សម្រាប់​ពិធី​មួយ​នៅ​ថ្ងៃ​សៅរ៍​ក្នុងភូមិ Panmunjom ដើម្បី​រំលឹក​ដល់​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​កាលពី​ឆ្នាំមុន​ទេ​។​

ផ្ទុយទៅវិញ នៅ​ថ្ងៃ​សៅរ៍ គណៈកម្មាធិការ​កូរ៉េខាងជើង​ដើម្បី​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិភាព​ដែល​គ្រប់គ្រង​ទំនាក់ទំនង​អន្តរ​កូរ៉េ​បាន​ជំរុញ​ឲ្យ​ក្រុង​សេ​អ៊ូ​ល​ចាត់វិធានការ​សកម្ម​បន្ថែមទៀត​ដើម្បី​កែលម្អ​ទំនាក់ទំនង​។​

គណៈកម្មាធិការ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) ថា “​ស្ថានការណ៍​ធ្ងន់ធ្ងរ​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង​ដែល​អាច​មើលឃើញ​ពី​ការវិល​ត្រលប់​ទៅរក​អតីតកាល​នៃ​គ្រោះមហន្តរាយ​នៅក្នុង​គ្រោះថ្នាក់​នៃ​សង្គ្រាម​”​។​

ចំណែកឯ​សេចក្តី​អត្ថាធិប្បាយ​មួយ​ដែល​ធ្វើឡើង​ដោយ​កាសែត​អភិរក្ស Dong-A Ilbo របស់​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​បាន​កត់សម្គាល់ថា ទំនាក់ទំនង​អន្តរ​កូរ៉េ​បាន​វិល​ត្រលប់​ទៅរក “​គំរូ​ចាស់​” វិញ​ដែល​ក្រុង​សេ​អ៊ូ​ល​ព្យាយាម​ជា​ឯកភាព​ដើម្បី​ចូលរួម​ជាមួយ​ក្រុង​ព្យុងយ៉ាង​បើទោះបីជា​ត្រូវបាន​ព្រងើយកន្តើយ​ម្តង​ហើយ​ម្តងទៀត​ដោយ​អ្នកជិតខាង​របស់ខ្លួន​ក៏ដោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu