Ad Code

ស្ត្រី​ម្នាក់​ ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​នៅ​លើ​រទេះ​អេតចាយ​



​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​រទេះ​អេតចាយ​បង្ក​ជាការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សៅរ៍ ៨​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ចំណុច​ផ្លូវលំ ជាប់​របង​ដី​ក្រុមហ៊ុន​គូ​កា​កូ​អ៊ីន ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ អត្តសញ្ញាណ​សព​ ឈ្មោះ យាយ យួន ភេទ​ស្រី ​អាយុ​ប្រហែល​៤២​ឆ្នាំ​ មុខ​របរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​បន្ទប់​ជួល​លេខ​២ ផ្ទះ​លេខ​៦៩ ផ្លូវ​រថភ្លើង ក្រុម​៥៤ ភូមិ​១៤ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​(​សព​មាន​លុយ​ បាន​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​មួយ​យប់​តម្លៃ​មួយ​ម៉ឺន​រៀល ពេល​អត់​លុយ​ សព​ដេក​លើ​រទេះ​អេតចាយ​)​។

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​ ដំណើរ​រឿងហេតុ​នោះ​ គឺ​ឆ្លងតាម​ការបំភ្លឺ​របស់​ ឈ្មោះ ម៉ៅ ស្រី​ពៅ ភេទ​ស្រី អាយុ​៤២​ឆ្នាំ និង ​ឈ្មោះ ​ឈុន សេង ភេទ​ស្រី អាយុ​៤២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ សព​ឈ្មោះ យាយ យួន ​បានមក​ជួល​បន្ទប់​លេខ​២ ផ្ទះ លេខ​៦៩ ផ្លូវ​រថភ្លើង ក្រុម​៥៤ ភូមិ​១៤ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ រយៈពេល​ប្រហែល​ប្រាំ​ខែ​ហើយ ដើម្បី​រកស៊ី​ដើរ​រើស​អេតចាយ គ្មាន​ប្តី​កូន ឬ​បងប្អូន​ទេ ហើយ​គាត់​មាន​ជំងឺ​ប្រចាំកាយ​(​ស្លេកស្លាំង​) លុះ​ព្រឹក​ម៉ោង​ប្រហែល​១០​ព្រឹក​ ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ សព​បាន​ដេក​លើ​រទេះ​អេតចាយ​របស់​គាត់ ដូច​សព្វដង ដោយ​អាកា​រៈ​ហេវ​ហត់ រហូ​ត​ដល់​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី ថ្ងៃ​ដដែល សព​បាន​ស្លាប់​នៅ​លើ​រទេះ​អេតចាយ​តែម្ដង​។​

​ឆ្លងតាម​ការពិនិត្យរ​បស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​វិទ្យាសាស្ត្រ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សព​ស្លាប់​ដោយសារ​គាំងបេះដូង​។​

​បច្ចុប្បន្ន ​សព​ យកទៅ​បូជា​តាម​ប្រពៃណី​នៅ​វត្ត​ទួល សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu