Ad Code

មនុស្ស​១៥​នាក់​ស្លាប់​នៅពេល​កងកម្លាំង​ស្រីលង្កា​វាយឆ្មក់​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ឥស្លាម​និយម



ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា មនុស្ស​ចំនួន​១៥​នាក់​ដោយ​ក្នុងនោះ​មាន​កុមារ​៦​នាក់​ផងដែរ​ បាន​ស្លាប់​អំឡុង​ប្រតិបត្តិការ​មួយ​របស់​កងកម្លាំង​សន្តិសុខ​ស្រីលង្កា​ បន្ទាប់ពី​ការវាយប្រហារ​នៃ​ពិធីបុណ្យ Easter​។ អំឡុង​ប្រតិបត្តិការ​នេះ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បីនាក់​ បាន​បំផ្ទុះ​ខ្លួនឯង​ហើយ​អ្នក​ផ្សេងទៀត​ត្រូវបាន​បាញ់សម្លាប់​។​

បុរស​ទាំងបី​នាក់​នេះ​បាន​បំផ្ទុះ​គ្រាប់បែក​។ គ្រាប់បែក​ក៏បាន​សម្លាប់​ស្ត្រី​ចំនួន​៣​នាក់​និង​កុមារ​៦​នាក់​ផងដែរ​នៅ​ខាងក្នុង​អ្វីដែល​គេ​ជឿថា​ជា​ផ្ទះ​សុវត្ថិភាព​ជី​ហាដ​មួយ​នៅ​ជិត​ទីក្រុង Kalmunai ភាគ​ខាងកើត​កាលពី​យប់​ថ្ងៃ​សុក្រ​។​

ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បុរស​បីនាក់​ផ្សេងទៀត​ដែល​ក៏ត្រូវ​បាន​គេ​ជឿថា​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ផងដែរ​នោះ​គឺ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​ខាងក្រៅ​ផ្ទះ​នោះ​”​។​

មន្ត្រី​យោធា​ម្នាក់​បាន​និយាយថា ប៉ូលិស​ដែល​គាំទ្រ​ដោយ​កងទ័ព​បាន​បាញ់​តបត​គ្នា​ជាមួយ​អ្នក​នៅ​ខាង​ក្នុងផ្ទះ​រយៈពេល​ជាង​មួយ​ម៉ោង​។ មន្ត្រី​ដដែល​បាន​បន្ថែមថា សាកសព​ទាំងនោះ​ត្រូវបាន​គេ​រកឃើញ​នៅ​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ប្រតិបត្តិ​ការស្វែងរក​មួយ​។​

កងកម្លាំង​សន្តិសុខ​បាន​បង្កើន​ការស្វែងរក​ជន​ជ្រុលនិយម​បន្ទាប់ពី​ក្រុម​រដ្ឋ​ឥស្លាម​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​អត្តឃាត​លើ​ព្រះវិហារ​គ្រិស្ត​បី​កន្លែង​និង​សណ្ឋាគារ​ប្រណីត​៣​កន្លែង​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​២៥៣​នាក់​និង​រងរបួស​រាប់រយ​នាក់​ទៀត​។​

ប្រតិបត្តិការ​រួមគ្នារ​វាង​ប៉ូលិស​និង​កងទ័ព​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្តល់ព័ត៌មាន​ថា អ្នក​ដែល​ទទួលខុសត្រូវ​គឺ​កំពុង​លាក់ខ្លួន​នៅក្នុង​តំបន់​មួយ​នៃ​ទីក្រុង Kalmunai ដែលមាន​ចម្ងាយ​៣៧០​គីឡូម៉ែត្រ​ភាគ​ខាងកើត​រដ្ឋធានី​។​

ប៉ូលិស​បាន​និយាយថា មិនមាន​ជនរងគ្រោះ​ស្ថិតនៅក្នុង​ចំណោម​កងក​ម្លាំ​ង​សន្តិសុខ​ទេ​។​
​រដ្ឋាភិបាល​បាន​សារភាព​ទទួល​កំហុសឆ្គង​សំខាន់ៗ​បើទោះបីជា​លោកនាយក​រដ្ឋមន្ត្រី Ranil Wickremesinghe បាន​និយាយថា លោក​មិនដឹង​អំពី​ការព្រមាន​ណាមួយ​មុន​ការវាយប្រហារ​នោះទេ​ដែល​ការលើកឡើង​បែបនេះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​លោក​ជាមួយ​ប្រធានាធិបតី Maithripala Sirisena៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu