Ad Code

ខេត្ត​លាវ​នី​ញ ប្រទេស​ចិន មានបំណង​រួម​ជាមួយ​កម្ពុជា ដើម្បី​កិច្ចសហប្រតិបត្តិការ​​និង​ការ​វិនិយោគ​ជាមួយគ្នា



ភ្នំពេញ​ ៖ លោក Chen Qiuta អគ្គលេខាធិការ​បក្ស​ប្រចាំ​ខេត្ត​លាវ​នី​ញ ប្រទេស​ចិន បាន​សម្តែង​ពី​ចំណាប់អារម្មណ៍​មានបំណង​រួម​ជា​មួយ​កម្ពុជា ផ្សារភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដោយ​យកគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ជា​ឱកាស​ក្តាប់​យក​គម្រោង​សំខាន់ៗ នៃ​កិច្ចសហប្រតិបត្តិការ និង​ការ​វិនិយោគ​។

លោក Chen Qiuta មាន​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ នៅក្នុង​វេទិកា​ជំរុញ​ធុរកិច្ច រវាង​ខេត្ត​លាវ​នី​ញ ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​លាវ​នី​ញ សភាពាណិជ្ជកម្ម​ខេត្ត​លាវ​នី​ញ​នៅ​កម្ពុជា ធនាគារ​ចិន​សាខា​នៅ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ​។

​លោក​អគ្គលេខាធិការ​បក្ស​ប្រចាំ​ខេត្ត​លាវ​នី​ញ​បាន​បញ្ជាក់​ថា ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា និង​ជាទី​ផ្សារ​នាំចេញ​ធំ​ទី​៥​របស់​កម្ពុជា កិច្ចសហប្រតិបត្តិការ​ធុរកិច្ច​រវាង​ខេត្ត​លាវ​នី​ញ និង​ប្រទេស​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​នាំមុខ​ក្នុង​ប្រទេស​ចិន ដែលជា​តថភាព​បញ្ជាក់​យ៉ាងច្បាស់​ថា កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​លាវ​នី​ញ និង​កម្ពុជា ចាក់​ឬ​ស​នៅក្នុង​មិត្ត​ភាពជា​ប្រពៃណី​នៃ​ផលប្រយោជន៍​រួម សម្រប​តាម​បម្រែបម្រួល​សម័យកាល ដែល​នាំ​ជា​កម្លាំង​ជំនួយ​ដល់​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ ដើរ​បាន​កាន់តែ​ជ្រៅ និង​ពិតប្រាកដ ថែមទាំង​អាច​បង្ក​ជា​ការ​ផ្លាស់ប្តូរ​ទៅវិញទៅមក​យ៉ាង​ប្រសើរ​ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ចិន និង​អាស៊ាន​។

លោក​បញ្ជាក់​បន្ថែម​ថា យើង​ទាំងអស់គ្នា​គួរតែ​ក្តាប់​ឱកាស​ប្រមូល​ផ្តុំ​កម្លាំង​សាមគ្គី ដើម្បី​បោះជំហាន​ទៅមុខ ដោយ​ភាព​តាំងចិត្ត​កាន់តែ​ម៉ឺងម៉ាត់ ជំហាន​កាន់តែ​ស៊ីសង្វាក់​គ្នា និង​យន្តការ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​បង្ហាញ​ពី​គុណសម្បត្តិ​ធំធេង និង​មូលដ្ឋាន​ជ្រាលជ្រៅ​នៃ​ការ​បំពេញ​ចន្លោះ​ខ្វះខាត​រវាង​ទ្វេភាគី​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​។ សង្ឃឹមថា រដ្ឋាភិបាល​ទាំងពីរ​ភាគី​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​វិធានការ​នានា ដែល​បាន​ដាក់​ចុះ លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​ផ្នែក​ឧស្សាហកម្ម​របស់​ភាគី​ទាំងពីរ​។ ឧទាហរណ៍​ដូចជា ការកាត់បន្ថយ​ចំណាយ​ដឹកជញ្ជូន និង​ភស្តុភារ ជំរុញ​ការ​ផ្សារភ្ជាប់​ការ​ដឹកជញ្ជូន ថាមពល និង​ព័ត៌មានវិទ្យា បន្ត​ជំរុញ​ឲ្យ​ដំណើរការ​គយ​ជាដើម​កាន់​តែមាន​ភាព​ងាយស្រួល និង​កាន់​តែមាន​ភាព​វៃឆ្លាត លើកកម្ពស់​កម្រិត​នៃភាពងាយស្រួល​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ ពង្រឹង​កិច្ចសហប្រតិបត្តិការ​តំបន់​សេដ្ឋកិច្ច​ពិសេស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម ទេសចរណ៍ បន្ថែម​មួយ​កម្រិត​ធ្វើ​ឲ្យ​មូលដ្ឋាន​ឆន្ទៈ​មិត្តភាព​ចិន និង​កម្ពុជា​កាន់តែ​រឹងមាំ​។



លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៃ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា ផ្តើម​ចេញពី​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ និង​ផ្លូវ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​ជា​បន្ត​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ជា​ការ​តភ្ជាប់​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ និង​គ្រប់​ជ្រុងជ្រោយ​ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​ពង្រឹង និង​ជំរុញ​កំណើនសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ប្រៀប​លើ​ការប្រកួតប្រជែង​ក្នុង​របត់​ទីផ្សារ​ពិភពលោក ដែល​កំពុង​ធ្វើ​បដិវត្តន៍​ឌីជីថល ៤.០​។ លោក រដ្ឋលេខាធិការ​បាន​ជម្រាប​ជូន​ថា នៅក្នុង​យុគសម័យ​ឌីជីថល​នេះ ដើម្បី​ឲ្យ​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ដំណើរការ​ដោយ​រលូន ជាពិសេស​សម្រេច​បាន​នូវ​គោលដៅ​រួម ក្រោម​ប្រធានបទ «​រួមគ្នា​កសាង​វិថី​សូត្រ សមុទ្រ​សតវត្សរ៍​ទី​២១៖ បង្កើត​សហគមន៍​ចិន​-​អាស៊ាន​ប្រកបដោយ​នវានុវត្តន៍​»​បន្ថែម​ពីលើ​សារៈសំខាន់​នៃ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ខ្ញុំ​យល់ថា ការតភ្ជាប់​ផ្នែក​ឌីជីថល គឺជា​កក្តា​ចាំបាច់​មិនអាច​ខ្វះ​បាន​។ ទន្ទឹម​នេះដែរ​យើង​ត្រូវ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព បង្កើត​ការងារ​ធ្វើ និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​សុខុមាលភាព​សង្គម​។ លើសពី​នេះ​ទៀត វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ព​ន្លឿ​ន​សមាហរណកម្ម​តំបន់ ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​បង្កើន​ប្រសិទ្ធភាព​សម្រាប់​ការធ្វើ​ប្រតិបត្តិការ​លើ​វិស័យ​នានា​ដូចជា ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(E-Commerce) ប្រតិបត្តិការ​ធនាគារ ការទូទាត់​ហិរញ្ញវត្ថុ ។​ល​។ ក្នុងនាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​សូម​អរគុណ​ចំពោះ​វិនិយោគិន​ចិន ជាពិសេស​ខេត្ត​លាវ​នី​ញ​ទាំងអស់ ដែល​បាននឹងកំពុង​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា និ​សូម​អំពាវនាវ​ដល់​វិនិយោគិន​ចិន ដែល​មិនទាន់​បានមក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ព្រមទាំង​សម្រេច​បណ្តាក់​ទុនវិនិយោគ​ឲ្យ​បាន​ទាន់​ពេល​វេលា ដែលជា​ឱកាស​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។

លោក ឯក សំអុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន ក៏​សង្ឃឹម​ជឿជាក់​ដែរ​ថា វេទិកា​ជំរុញ​ធុរកិច្ច រវាង​ខេត្ត​លាវ​នី​ញ ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​ថ្ងៃនេះ​នឹង​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត ការ​តភ្ជាប់​គ្នា និង​ការ​បោះ​ជំហាន​ទៅមុខ​នូវ​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ខេត្ត​លាវ​នី​ញ ជាពិសេស​ជាមួយនឹង​ការ​កើនឡើង​គ្រប់​ជ្រុងជ្រោយ​រវាង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​«​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​»​របស់​ចិន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu