Ad Code

លួច​ម៉ូ​ទ័​រ​បូម​កម្ដៅ​ម្នាក់​ឯង​មិន​រួច ទៅ​ហៅ​គ្នា​ម្នាក់​ទៀត​មក​ជួយ ម្ចាស់​មក​ទាន់​ ស្រែក​ឆោឡោ​



​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​លួច​ម៉ូ​ទ័​រ​បូម​កម្ដៅ​របស់​មន្ត្រី​ក្រសួង​សាធារណការ ​យកចេញ​មិន​រួច ​ហៅ​បក្ខពួក​ម្នាក់ទៀត​មកជួយ​យកចេញ ​ស្រាប់តែ​ម្ចាស់​មក​ទាន់ ​ស្រែក​ឆោឡោ​ ដេញចាប់​ប្រគល់ឲ្យ​សមត្ថកិច្ច​ទាំង​២​នាក់​ កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ចំណុច​ដី​ឡូត៍​លក់​គ្រឿង​សំណង់ ផ្លូវ​បេតុង ក្រុម​ទី​១៥ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ​។

​ជនសង្ស័យ​ពីរ​នាក់ ទី​១.​ឈ្មោះ​ អ៊ែ​ល សុះ​ហ្វី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ក្រុមទី​៣ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​២ មុខរបរ​មិន​ពិត​ប្រាកដ ជា​មុខ​សញ្ញា​ចាស់ (​មាន​សារធាតុ​ញៀន​)។ ទី​២.ឈ្មោះ​ សេត រ៉ូ​ហ្សិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ផ្លូវ​បេតុង ក្រុមទី​៣ ភូមិខ២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សី​កែវ មុខរបរ​កម្មករ​សំណង់​(​មាន​សារធាតុ​ញៀន​)​។ រីឯ​សម្ភារៈ​ដកហូត​រួមមាន ៖ ​ម៉ូ​ទ័​រ​បូម​កម្ដៅ​មួយ​គ្រឿង​,​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​C125 គ្មាន​ស្លាក​លេខ​។

​ជនរងគ្រោះ ឈ្មោះ​ ទូច ស្រី​ពៅ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​២៧៧H ផ្លូវ​បេតុង ក្រុមទី​១៣​ ភូមិ​ក្រោលគោ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ​មុខរបរ​មន្ត្រី​ក្រសួង​សាធារណការ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ លុះ​ពេលមកដល់​កន្លែង​កើតហេតុ​ បាន​ឈប់​ម៉ូតូ​ចូលទៅក្នុង​ដី​ឡូត៍ ​ឃើញ​ម៉ូ​ទ័​រ រួច​លើកយក​មិន​រួច ​ក៏​ជិះ​ម៉ូតូ​ទៅ​ហៅ​បក្សពួក​ម្នាក់​ទៀត​មកជួយ​យក ពេលមកដល់​កំពុង​ធ្វើ​សកម្មភាព​លួច ​ក៏​ម្ចាស់​មក​ទាន់ ​បាន​ស្រែក​ឆោឡោ​ស្របពេល​សមត្ថកិច្ច​យើង​កំពុង​ល្បាត​ ក៏​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។
​ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu