Ad Code

តុលាការ​ ឃុំខ្លួន​ក្រុម​ឧក្រិដ្ឋជន​ ជនជាតិ​ចិន​ ដែល​ចាប់​បង្ខាំង​រំលោភ​ និង​ជំរិត​ទារ​ប្រាក់​ស្ត្រី​ចិន​



ភ្នំពេញ ៖ លោក ​ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​៣​នាក់​ ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​ ក្រោម​ការចោទប្រកាន់​ ពីបទ​ចាប់​បង្ខាំង រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារ​ប្រាក់។​

ក្រុម​ឧក្រិដ្ឋជន​ដែល​ត្រូវ​តុលាការ​ឃុំខ្លួន​នេះ ទី​១.ឈ្មោះ Guo Yuwei អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE2952223។​ ទី​២.ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិត​ឆ្លងដែន​លេខ EE2962687។​ ទី​៣.ឈ្មោះ Li Hongjie អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE 9458762។​

ក្រុម​ឧក្រិដ្ឋជន​ ត្រូវបាន​នគរបាល​ក្រសួងមហាផ្ទៃ​ បញ្ជូន​មកកាន់​សាលាដំបូង ​កាលពី​ថ្ងៃទី​២៤​មេសា ជាមួយនឹង​វត្ថុតាង​ចាប់យក​រួមមាន ​៖ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង (​របស់​ជនរងគ្រោះ​), រថយន្ត​ម៉ាក Starex ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2AX-8067 (​រថយន្ត​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​)​។

កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​ចាប់ជំរិត​ទារ​ប្រាក់​មួយ នៅ​ចំណុច​ហាង​ផាត​ឌី​ង ផ្លូវ​លេខ​១១០ ភូមិ​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមាន​ជនរងគ្រោះ​ចំនួន​៥​នាក់​រួមមាន​ ៖
ទី​១.ឈ្មោះ Xiang kai pi
​ទី​២.ឈ្មោះ Chen Sihong
​ទី​៣.ឈ្មោះ Huang Shuang Giong
​ទី​៤.ឈ្មោះ peng Lin hui
​ទី​៥.ឈ្មោះ Hua. Na (​លិខិតឆ្លងដែន​ទុក​នៅ​ភ្នំពេញ​)​។​

យោង​របាយការណ៍​រប​ស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​បុរស​ជន​ជាតិ​ចិន​១​ក្រុម​ មាន​គ្នា​៥​នាក់ នាំ​នារី​រងគ្រោះ យកមក​ពី​ហាង​បាយ​ថា​ង​ទីង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​បាន​ចូល​ច្រៀង​ខារ៉ាអូខេ យីហោ តុង​ហ្វាំ​ង​ម៉េង​ជូ​។​

ពួក​ជនសង្ស័យ បាន​បើករថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដឹក​នារី​រងគ្រោះ ចេញ​ពី​ភ្នំពេញ​ឡើង​ភ្នំ (​អត់​ស្គាល់​) រួច​ដក​យក​ប្រាក់​ពី​នារី​រងគ្រោះ​ផ្ទេរ​តាម​ទូរស័ព្ទ (WeChat) សរុប​នារី​ទាំង​៥​នាក់ ជាង​៤​ពាន់​ដុល្លារ​។​ បន្ទាប់មក ពួកគេ​បាន​រំលោភ​សេពសន្ថវៈ ក្នុង​រថយន្ត និង​ក្បែរ​ស្រះ​ទឹក​មិន​ស្គាល់​ទីតាំង​។ (​ឈ្មោះ Huang Shuang Giong មិនត្រូវ​រំលោភ​ទេ​)​។ ជនល្មើស ​បានមក​ដល់​ក្រុង​កំពត នៅ​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ជនល្មើស ក៏បាន​ទាញ​ជនរងគ្រោះ​ចេញពី​រថយន្ត​ចំនួន ៣​នាក់​ មាន Xiang kai pi, Chen Sihong និង Huang Shuang Giong ដោះលែងឲ្យ​ត្រឡប់មកវិញ។ រីឯ​នារី​រងគ្រោះ peng Lin hui និង Hua. Na ត្រូវបាន​ជនសង្ស័យ យកទៅ​ជាមួយ​ពួកគេ ដែល​រថយន្ត​នោះ បើក​តាម​បណ្ដោយ​មាត់​ព្រែក​ ឆ្ពោះ​ទៅ​ជើង​ សំដៅ​ស្ពាន​ថ្មី រហូត​មានការ​ចាប់ខ្លួន​ពួកគេ​បាន​នៅ​ក្រុង​ព្រះសីហនុ នៅក្នុង​សណ្ឋាគារ​មួយ ដោយ​រំដោះ​បាន​ទាំង​ជន​រង​គ្រោះ​២​នាក់​ ដែល​ពួក​ឧក្រិដ្ឋជន​បង្ខាំង​ទុក​រំលោភ​ផ្លូវ​ភេទ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu