Ad Code

គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅតែ​ជឿជាក់​លើ​កូនក្រុម​មុន​ទទួល​ក្រុម​ជើងឯក​៦​សម័យ​ភ្នំពេញ​ក្រោ​ន



​លោក Conor Nestor គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ធ្លាប់​ដឹកនាំ​ក្រុម​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល​៦​ទល់​៣ កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លង​ទៅលើ​ទឹកដី​ខេត្តស្វាយរៀង របស់ខ្លួន នៅពេលនេះ​គ្រូបង្វឹក​អៀង​ឡង់​រូបនេះ​មាន​ជំនឿ​ចិត្ត​លើ​កូនក្រុម​របស់ខ្លួន​ថា​នឹង​បន្ត​រក​ពិន្ទុ​ជូន​អ្នកគាំទ្រ​មុន​ការប្រកួត​មកដល់​នៅ​ល្ងាច​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ​។



ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី​២១ ខែមេសា ឆ្នាំ​២០១៩ នេះ​ក្នុង​សប្ដាហ៍​ទី​៤ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) រដូវ​កាល​ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ប្រកួត​នេះដែរ​ក៏មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។

គ្រូបង្វឹក​វ័យ​៣៤​ឆ្នាំ​ខាងលើ​បាន​លើក​ឡើង​មុន​ការប្រកួត​មកដល់​ថា « ខ្ញុំ​គិតថា​រដូវ​កាល​នេះ​ក្រុម​ទាំង​២​មាន​ភាពខុស​គ្នាច្រើន ចឹ​ង​លទ្ធផល​រដូវ​កាល​មុន​គឺ​ពុំមាន​ន័យ​។ យើង​ចង់​បង្កើត​នូវ​អ្វី​ថ្មី​សម្រាប់​អ្នកគាំទ្រ​របស់​យើង និង​ខ្ញុំ​ដឹងថា​កីឡាករ​អាច​ផ្តល់​គ្រប់យ៉ាង​សម្រាប់​ជ័យជម្នះ​»​។ ជាមួយគ្នា​នោះដែរ លោក Conor ក៏បាន​បន្ថែម​ពី​ផលវិបាក​មួយចំនួន​ដោយ​លើកឡើងថា ភ្នំពេញ​ក្រោ​ន មាន​កីឡាករ​ល្អ​ច្រើន​ដែល​អាច​ឈ្នះ​ការប្រកួត ដូច្នេះ​ត្រូវតែ​គោរព​គូប្រកួត និង​ការពារ​ជា​ក្រុម ប៉ុន្តែ​លោក​ក៏មាន​កីឡាករ​អាច​ឈ្នះ​ការប្រកួត​ផងដែរ​។ លោក​មាន​ជឿចិត្ត​ថា​ប្រកួត​នេះ​គឺជា​ប្រកួត​ជក់ចិត្ត​។

លោកគ្រូ​បង្វឹក​កំពុងកាន់​អាជ្ញា​ប័​ណ្ណ​UEFA A license ខាងលើ​បាន​ដឹកនាំ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោម​ប្រកួត​បាន​៣​លើក​ឈ្នះ​ទាំង​៣​លើក​ពោល​គឺ​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២​ទល់​០ បន្ត​ឈ្នះ​សូល​ទី​ឡូ​អង្គរ ១​ទល់​០ និង​ចុងក្រោយ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​០​។ កាលពី​រដូវ​កាល​មុន​លោក Conor Nestor ដឹកនាំ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ៦​ទល់​៣ ក្នុង​ជើង​ទី​១​នៅ​ខេត្តស្វាយរៀង តែ​ជើង​ទី​២​ធ្វើឡើង​នៅ​កីឡដ្ឋាន RSN Stadium របស់ភ្នំពេញ​ក្រោន​វិញ​ម្តង​គឺ​បាន​ចាញ់​វិញ​២ទល់១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu