Ad Code

ផ្ទះ​ជួល ​នៅ​ប្លុក​ផ្ទះ​ឡ​ ដំឡើង​ថ្លៃឈ្នួល​ផ្ទះ​១០​ដុល្លារ​ទៀត​ហើយ ​ខណៈ​កម្មករ​ទើប​​​ដំឡើង​ប្រាក់​ខែ​១២​ដុល្លារ ​ក្នុង​១​ខែ​ ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី



​ភ្នំពេញ ៖ ផ្ទះជួល​នៅ​ប្លុក​ផ្ទះ​ឡ ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ចំនួន​រាប់ពាន់​បន្ទប់ និង ​មាន​អ្នក​ជួល​ស្នាក់នៅ​ជាង​១​ម៉ឺន​នាក់ ​បាន​ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវ បន្ទាប់ពី​ថៅកែ​ម្ចាស់​ផ្ទះ​ជួល​ទាំងនោះ ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ចំនួន​១០​ដុល្លារ​បន្ថែមទៀត ​បើ​ធ្លាប់​ជួល​ត្រឹម​៣០ ឡើង​ដល់​៤០​ បើ​ធ្លាប់ជួល​ត្រឹម​៤០​ឡើងដល់​៥០​ ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ទទួលយកបាន។

ម្ចាស់​ផ្ទះ​ជួល​ហាក់​ដឹង​ក្លិន​ណាស់​ស្របពេល​រាជរដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ​បាន​១២​ដុល្លារ​បន្ថែម​ទៀត ស្រាប់តែ​ឈ្នួល​ផ្ទះ​ក៏​ទារ​ឡើង​១០​ដុល្លារ​ទៀត​ដែរ។ ពលរដ្ឋ​ជា​អ្នក​ជួល​ផ្ទះ​បាន​នាំគ្នា​បិទ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ​ខែ​មេសា​ ឆ្នាំ​២០១៩ ក្នុង​ប្លុក​ផ្ទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ផ្ទះជួល​នៅ​ប្លុក​អតីត​ឡឥដ្ឋ​ខាងលើនេះ​មាន​បន្ទប់​ជួល​ប្រមាណ​ជាង​១​ពាន់​បន្ទប់ និង​មាន មនុស្ស​រស់នៅ​ប្រមាណ​រាប់​ម៉ឺន​នាក់​ដោយមាន​ការរស់នៅ រួមជាមួយ​មិត្តភ័ក្ដិ​ខ្លះ និង ជា​លក្ខណៈ​គ្រួសារ​ខ្លះ​ផង​ដែរ ដោយមាន​សង្កាត់​២​ និង​ខណ្ឌ​២​ ជាប់​ព្រំប្រទល់​ជាមួយគ្នា​។ ក្នុង​នោះ មាន​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ស្ទឹម​មានជ័យ​៣ ​ខណ្ឌ​មានជ័យ​។

ក្រុម​កម្មករ​កម្មការិនី ស្នាក់នៅ​ប្លុក​ផ្ទះជួល​ខាងលើនេះ បាន​និយាយ​ថា ពួកគាត់​ទើប​មកពី​ស្រុក ភ្លាម​បាន​ឮ​ដំណឹង​ថា ម្ចាស់​ផ្ទះ​ជួល​បាន​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ចំនួន​១០​ដុល្លារ ហើយ​នៅ​ក្នុងនោះ​ផងដែរ ផ្ទះ​ជួល​ធ្លា​ប់យក​ថ្លៃ​៣០​ដុល្លារ បាន​ឡើង​៤០​ដុល្លារ ផ្ទះ​៤០​ដុល្លារ​បាន​ឡើង​ទៅដល់ ៥០​ដុល្លារ ហើយ បូក​សរុប​ទាំង​ថ្លៃ​ទឹក​ភ្លើង​ផង​នោះ អស់​ប្រមាណ​៦០​ដុល្លារ​ឯណោះ តើ​លុយ​សល់​ប៉ុន្មាន ដើម្បី​ចាយ​វាយ​ក្នុង​ក្រុមគ្រួសារ​ និង​តម្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

កម្មករ​កម្មការិនី​បានបញ្ជាក់​ទៀត​ថា ​សម្ដេច​នាយករដ្ឋមន្ត្រី​ទើប​ដំឡើង ប្រាក់ខែ បាន​១២​ដុល្លារ​ទៀត​ក្នុង​១​ខែ​ ស្រាប់តែ​ថៅកែ​ផ្ទះជួល​បាន​ឆ្លៀត​ដំឡើង​តាម​១០​ដុល្លារ​ដែរ ដូច​ចាំ​មើល​តែ​លុយ​កម្មករ​ប៉ុណ្ណោះ​ ហាក់ដូច​មិន​ចង់​ឲ្យ​កម្មករ​មាន​ជីវភាព​ធូរធារ​នឹង​គេ​សោះ ហើយ​ពួកគាត់​សូមឲ្យ សម្ដេច​នាយក​រដ្ឋមន្ត្រី​ជួយ​មើល​ផង​។

គួរ​បញ្ជាក់ថា​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់បាន​ប្រកាសថា នៅពេល​កម្មករ​ទទួល​បានការដំឡើង​ប្រាក់ខែ​ចំនួន​១២​ដុល្លារ​ទៀត​នោះ សូម​កុំ​ឲ្យ​ខាង​ម្ចាស់​ផ្ទះ​ជួល​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ទៀត​អី តែ​ក្រុម​ថៅកែ​ផ្ទះជួល​ហាក់​មិន​ស្ដាប់​តាម​ការណែនាំ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ទេ នៅ​សុខៗ​នាំគ្នា​ដំឡើង​ឈ្នួល​ផ្ទះ​ ធ្វើ​ឲ្យ​កម្មករ​ចលាចល​បង្ក​ភាព​ស្មុគស្មាញ​ដល់​អាជ្ញាធរ។​

បើតាម​ប្រភព​ព័ត៌មាន​ពី​ចៅសង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ផ្ទះ​ជួល​ខាង​លើ​នេះ​ក្រោម ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្កាត់​ចោមចៅ​១ មាន​ផ្ទះ​ជួល​ប្រមាណ​ជាង​៨​រយ​បន្ទប់ និង​មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ផងដែរ។ នៅវេលា​៥​ល្ងាច ក្រុម​កម្មករ​កម្មការិនី បាន​មក​តវ៉ា​រួច​ម្តង​ហើយ ដោយ លោក​ចៅសង្កាត់ បាន​មក​សម្របសម្រួល​ថា នៅ​ថ្ងៃ​ទី​២២​មេសា​ និង កោះហៅ ម្ចាស់ផ្ទះ​ខាងលើ ទៅ​សាលាខណ្ឌ ដើម្បី​ចរចា​គ្នា ​និង​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ហើយ នៅ​វេលា​ម៉ោង​៥​ល្ងាច ពួកគាត់ នឹង​ផ្តល់​ដំណឹង ប្រាប់​កម្មករ​កម្មការិនី ឲ្យ​ដឹង​គ្រប់ៗ​គ្នា​ផងដែរ​។

បន្ទាប់ពី​មានការ​សម្របសម្រួល​រួចមក ក្រុមកម្មករ​ដែល​បាន​បិទផ្លូវ​ជាង​១​ម៉ោង​មក​នោះ បាន​រំសាយ​ទៅវិញ រង់ចាំ​ស្ដាប់​លទ្ធផល ​នៃ​ការ​ដោះស្រាយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu