ក្រុមបាល់ទាត់វិសាខា បានយកលើម្ចាស់ផ្ទះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣ទល់១ ប្រចាំសប្ដាហ៍ទី៣នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2019) ឆ្នាំ២០១៩ លើទីលានកីឡដ្ឋាន Smart RSN ស្របពេលដែរគ្រូបង្គោលលោក ហុក សុជីវ័ន បានចាត់ទុកនេះគឺជាលទ្ធផលល្អ តែរំឭកកូនក្រុម មិនត្រូវធ្វេសប្រហែសការប្រកួតណាមួយឡើយ។
លោក ហុក សុជីវ័ន បានលើកឡើងក្រោយបន្តរកបាន៣ពិន្ទុនេះទៀតថា «សប្ដាហ៍នេះ ពួកយើងធ្វើបានល្អមែនទែន តាំងពីតំបន់ការពារ រហូតដល់តំបន់ប្រយុទ្ធ យើងព្យាយាមធ្វើបានច្រើន យើងមានឱកាសច្រើន គ្រាន់តែយើងមិនអាចសម្រេចផលបានគ្រប់ពេល...។ អ្វីៗដូចយើងគិត គេជាក្រុមមួយ ចូលចិត្តលេងខ្លីៗ ហើយកីឡាករគេ មានទំនុកចិត្តក្នុងការលេងបាល់ខ្លី ចឹងវាក៏ពិបាកសម្រាប់តំបន់ការពារយើងដែរ»។
លោកគ្រូបង្គោលដែលកំពុងតែកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក AFC A License រូបនេះបានផ្ដាំផ្ញើកូនក្រុម ត្រូវមានការប្រុងប្រយ័ត្នគ្រប់ការប្រកួត ព្រោះមិនមានក្រុមណាមួយ ងាយស្រួលយកឈ្នះ ឬប្រហែសបានឡើយ។ លោក ហុក សុជីវ័ន្ត បានលើកឡើងថា «នេះគឺជាលទ្ធផលមួយដ៏ល្អ ធ្វើឲ្យគម្លាតពិន្ទុ ក្រុមលេខ១ ដល់លេខ៣ ខុសត្រូវគ្នាត្រឹម ២ពិន្ទុ ។ លទ្ធផលនេះ ល្អមែនទែន សម្រាប់យើងក្នុងការប្រកួតប្រជែងពិន្ទុក្នុងលីគ។ តែជារួមការប្រកួតក្នុងលីគឆ្នាំនេះ អត់មានប្រកួតណា អាចប្រហែសបានទេ បើយើងប្រហែសយើងនឹងឃើញគម្លាតពិន្ទុដាច់គ្នាឆ្ងាយ»។
គិតត្រឹមពេលនេះក្រុមវិសាខា មាន ៧ពិន្ទុក្នុងដៃ ក្រោយប្រកួតបាន៣លើក ឈ្នះ២ និងស្មើ១ ឈរលេខរៀងទី៣បណ្ដោះអាសន្ន។ ចំពោះលទ្ធផល ៣ប្រកួតរបស់ក្លិបកីឡាបាល់ទាត់ វិសាខា បានយកឈ្នះក្លិបភ្នំពេញក្រោន ៣-១, ឈ្នះក្លិបគិរីវង់សុខសែនជ័យ ២-០ និងស្មើក្លិបសូលទីឡូអង្គរ ០-០។ ចំណែកឯប្រកួតបន្ទាប់ ក្លិបកីឡាបាល់ទាត់ វិសាខា ត្រូវជួបក្លិបអគ្គិសនីកម្ពុជា ក្នុងដី នាថ្ងៃទី២០ ខែមេសា ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររួច៕
Source: Kampuchea Thmey Daily
0 Comments