Ad Code

ឪពុក ​និង​កូន ​បាន​លង់ទឹក​ស្លាប់​ ខណៈ​ជួយ​សង្គ្រោះ​ភ្ញៀវ​ទេសចរ​នៅ​ឯ​ទីតាំង​ដ៏​ពេញ​និយម​ក្នុង​ទីក្រុង​Melbourne



​ក្រុម មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​ជួយសង្គ្រោះ​ជីវិត​ជា​ឪពុក​និង​កូន​បាន​លង់ទឹក​ស្លាប់ ​ខណៈ កំពុង​ព្យាយាម​ជួយសង្គ្រោះ​ភ្ញៀវទេសចរ​ម្នាក់​ចេញពី​សមុទ្រ​នៅ​ជិត​កន្លែង​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​អូស្ត្រាលី​នៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​។ ​លោក Ross Powell អាយុ​៧១​ឆ្នាំ​និង​កូនប្រុស​របស់គាត់​ឈ្មោះ Andrew អាយុ​៣២​ឆ្នាំ​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​ទូក​ជួយសង្គ្រោះ​របស់​ពួកគេ​បាន​ក្រឡាប់​អំឡុងពេល​ជួយសង្គ្រោះ​បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់​នៅ​ក្បែរ​ចំណោត Twelve Apostles ដែលជា​បំណែក​ថ្មកំបោរ​ចំនួន​១២​ជិត​ឆ្នេរ​រដ្ឋ Victoria ។

​អ្នកទេសចរ​ដែល​សញ្ជាតិ​ឬ​ឈ្មោះ​មិនត្រូវ​បាន​គេ​បង្ហាញ​នោះ​គឺ​បាន​ដើរលេង​នៅ​មាត់ទន្លេ​នៅពេលដែល​គាត់​ជួប​បញ្ហា​។ ប៉ូលិស​រដ្ឋ Victoria បាន​និយាយថា គាត់​ត្រូវបាន​ជួយសង្គ្រោះ​ពី​ទឹក​រួម​ជាមួយនឹង​អ្នក​សង្គ្រោះ​ជីវិត​ទី​បី​ដោយ​ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​មួយគ្រឿង​ហើយ​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​។ សាកសព​របស់លោក Powell ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទឹក​មិនយូរប៉ុន្មាន​ក្រោយ​ពេលនោះ​។

​សោកនាដកម្ម​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់ទីប្រជុំ​ជន Port Campbell ដែលជា​ទីប្រជុំជន​តូច​មួយ​និង​ជាទី​កំណើត​របស់​បុរស​ទាំង​ពីរ​ខណៈ​លោកនាយក​រដ្ឋមន្ត្រី Scott Morrison បានធ្វើ​ដំណើរ​ទៅ​អធិស្ឋាន​។​ ​លោក Morrison បាន​សរសេរ​នៅលើ​គេហទំព័រ Twitter កាលពី​ថ្ងៃ​ចន្ទ​ថា “​អ្នក​ជួយសង្គ្រោះ​ជីវិត​គឺ​មិន​គិតតែ​ពី​ខ្លួនឯង​និង​មាន​ភាពក្លាហាន​។ យើង​សូម​អរគុណ​ពួកគេ​ចំពោះ​ការងារ​របស់​ពួកគេ​និង​មានការ​អាណិត​អាសូរយ៉ា​ង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​របស់ Ross និង Andrew”​។

លោក Paul James ដែលជា​ប្រធាន​មជ្ឈមណ្ឌល Surf Lifesaving Victoria បាន​សរសើរ​អ្នក​ទាំងពីរ​ថា​ជា​វីរបុរស​។គួរ​បញ្ជាក់ថា ឆ្នេរសមុទ្រ​អូស្ត្រាលី​គឺ​ស្ថិត​ក្នុងចំណោម​ទីតាំង​ដែលមាន​ភ្ញៀវទេសចរ​ដ៏​ធំ​បំផុត​របស់​ទ្វីប​នេះ​។ អ្នក​ហែល​ទឹក​ត្រូវបាន​គេ​ណែនាំ​ឲ្យ​រក្សា​គម្លាត​រវាង​តំបន់​ដែលមាន​ទង់​និង​ល្បាត​ដោយ​អ្នក​សង្គ្រោះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu