Ad Code

តារា​កំប្លែង​អ៊ុយ​ក្រែ​ន​លោក Zelensky ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្លាយជា​ប្រធានាធិបតី​



តារា​កំប្លែង​ដែល​មិនមាន​បទពិសោធន៍​ផ្នែក​នយោបាយ​បានទទួល​ជ័យជម្នះ​យ៉ាង​ភ្ល្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃអាទិត្យ​ហើយ​លោក​ទទួលបាន​ការ​អបអរសាទរ​ពី​សំណាក់​មេដឹកនាំ​ពិភពលោក​។ យោងតាម​លទ្ធផល​ជា​ផ្លូវការ​បានបង្ហាញ​ថា​​​ លោក Volodymyr Zelensky បាន​ផ្ដួល​លោក Petro Poroshenko ដោយ​ទទួល​សំឡេងឆ្នោត​បាន​៧៣​ភាគរយ​។

លោក Poroshenko ទទួលបាន​ត្រឹមតែ​២៤​ភាគរយ​ប៉ុណ្ណោះ​ដោយ​ចាញ់​តារា​កំប្លែង​និង​តារា​សម្ដែង​វ័យ​៤១​ឆ្នាំ​នៅ​ទូទាំងប្រទេស​រូបនេះ​ខណៈ​សន្លឹកឆ្នោត​៤២​ភាគរយ​ត្រូវបាន​រាប់​។វា​ជា​លទ្ធផល​មិនធម្មតា​ចំពោះ​យុទ្ធនាការ​មួយ​ដែល​បានចាប់ផ្តើម​ឡើង​ត្រឹមតែ​ជា​រឿង​កំប្លែង​មួយ​ប៉ុណ្ណោះ​ប៉ុន្តែ​បាន​ឆក់យក​ដួងចិត្ត​អ្នកបោះឆ្នោត​ដែល​មានការ​អាក់អន់ចិត្ត​ដោយសារតែ​ភាពអយុត្តិធម៌​សង្គមអំពើពុករលួយ​និង​សង្គ្រាម​ជាមួយ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​បានសម្លាប់​មនុស្ស​ប្រមាណ​១៣,០០០​នាក់​។

ឥឡូវនេះតារាភាពយន្ត​ទូរទស្សន៍ “Servant of the People” រូបនេះ​នឹង​ក្លាយជា​អ្នកដឹកនាំ​នៃ​ប្រទេស​ដែលមាន​ប្រជាជន​៤៥​លាន​នាក់​មួយ​នេះ​ខណៈ​ប្រទេស​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​។​ លោក Zelensky បាន​ប្រាប់​អ្នកគាំទ្រ​នៅ​ឯទី​ស្នាក់ការ​កណ្ដាល​នៃ​យុទ្ធនាការ​របស់​គាត់​ថា “​ខ្ញុំ​នឹង​មិន​ចុះចាញ់​ទេ​។ ខ្ញុំ​អាច​ប្រាប់​ទៅ​គ្រប់​ប្រទេស​ក្រោយ​សូវៀត​ទាំងអស់​ថាយើង​អាច​ធ្វើ​បាន​គ្រប់យ៉ាង​!”​។

​ការលើកឡើង​បែបនេះ​ហាក់ដូចជា​សំដៅទៅ​ប្រទេសជិតខាង​រុស្ស៊ី​ដែល​លោក Vladimir Putin បាន​កាន់អំណាច​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ​។ មានការ​អបអរ​សារ​ទរ​ពី​អឺរ៉ុប​និង​ក្រៅពី នេះ​ដោយ​ក្នុងនោះ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​លោក Andrzej Duda នៃ​ប្រទេស​ប៉ូឡូញ​បាន​អបអរសាទរ​ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ុយ​ក្រែ​ន​តាម​ទូរស័ព្ទ​។

​ចំណែក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Jeremy Hunt បាន​និយាយ​នៅលើ Twitter ថា “​ឥឡូវនេះ​អ្នក​ពិតជា​អ្នកបំរើ​របស់​ប្រជាជន​”​។   ស្របពេល​ជាមួយគ្នា​នោះដែរ អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk បាន​ថ្លែងថាពួកគេ​សម្លឹង​ទៅរក​ការបន្ត​ការគាំទ្រ​និង​កិច្ចសហប្រតិបត្តិការ​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu