ស្ថាបនិក WikiLeaks លោក Julian Assange ត្រូវប្រឈមមុខនឹងសវនាការបឋមក្នុងទីក្រុងឡុងដ៍នៅថ្ងៃព្រហស្បតិ៍ជុំវិញការស្នើសុំធ្វើបត្យាប័នពីសហរដ្ឋអាមេរិក។ រឿងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីគាត់ត្រូវដាក់ពន្ធនាគាររយៈពេល៥០សប្តាហ៍ដោយសារតែរំលោភបំពានលក្ខខណ្ឌនៃការបង់ប្រាក់ធានា។
សហរដ្ឋអាមេរិកចង់ធ្វើបត្យាប័នអ្នកទម្លាយការសម្ងាត់សញ្ជាតិអូស្ត្រាលីរូបនេះដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទសមគំនិតធ្វើការជាមួយអតីតអ្នកវិភាគការសម្ងាត់អាមេរិកលោកស្រី Chelsea Manning។ លោក Assange ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ខែមេសាបន្ទាប់ពីបានចំណាយពេលប្រាំពីរឆ្នាំនៅក្នុងស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលទើបតែបង្ហាញបន្ទាប់ពីការចាប់ខ្លួនគាត់នោះគឺបានចោទប្រកាន់គាត់ថាបានជួយបំបែកពាក្យសម្ងាត់ដែលត្រូវបានរក្សាទុកក្នុងកុំព្យូទ័ររបស់ក្រសួងការពារជាតិកាលពីខែមីនាឆ្នាំ២០១០។
ការចោទប្រកាន់នេះត្រូវមានទោសអតិបរមា៥ឆ្នាំ។
លោកស្រី Manning បានប្រគល់ឯកសារសម្ងាត់រាប់ពាន់ទៅឲ្យ WikiLeaks ដែលបង្ហាញពីការធ្វើខុសរបស់យោធាអាមេរិកនៅក្នុងសង្គ្រាមអ៊ីរ៉ាក់និងអាថ៌កំបាំងការទូតរបស់ប្រទេសជាច្រើន។
និពន្ធនាយក WikiLeaks លោក Kristinn Hrafnsson បាននិយាយកាលពីថ្ងៃពុធថា រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នឹងត្រូវផ្តោតទៅលើការការពារការធ្វើបត្យាប័នរបស់ Assange ទៅសហរដ្ឋអាមេរិក។
លោកបានព្រមានថា “វានឹងក្លាយជាសំណួរអំពីជីវិតនិងការស្លាប់”។
អ្នកគាំទ្ររបស់លោក Assange ជឿថា ការចោទប្រកាន់ធ្ងន់ធ្ងរជាងនេះអាចត្រូវបានដាក់ប្រសិនបើគាត់ត្រូវបានផ្ទេរទៅសហរដ្ឋអាមេរិកហើយគាត់អាចត្រូវកាត់ទោសប្រហារជីវិត៕ AFP
Source: Kampuchea Thmey Daily
0 Comments