Ad Code

ផ្ដន្ទាទោស​លោក​សម រ​ង្ស៊ី​ ដាក់ពន្ធនាគារ​៨​ឆ្នាំ ​ករណី​ញុះញង់​កងទ័ព​មិន​អោយ​ស្ដាប់បង្គាប់​រាជរដ្ឋាភិបាល



ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​រស់ ពិសិដ្ឋ នា​រសៀល​ថ្ងៃ​ទី​០២​ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ទណ្ឌិត​សម រង្ស៊ី ដាក់​ពន្ធនាគារ​៨​ឆ្នាំ និង​ពិន័យ​ប្រាក់​២០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ ញុះញង់​កងទ័ព​មិន​អោយ​ស្ដាប់បង្គាប់ និង​បទ​ធ្វើ​អោយ​ខូច​ទឹកចិត្ត​កងទ័ព។

កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក​រស់ ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​យក​សំណុំរឿង​ញុះញង់​កងទ័ព​មិន​អោយ​ស្ដាប់បង្គាប់​របស់​ទណ្ឌិត​ សម រង្ស៊ី​ មក​បើកសវនាការ​ជា​សាធារណៈ នៅ​ចំពោះ​មុខ​មេធាវី​ការពារ​ក្ដី​អោយ​ជនជាប់ចោទ គឺ​មេធាវី សំ សុ​គង់។

សវនាការ​នេះ ​បានធ្វើ​ឡើង​នៅ​ចំពោះមុខ​មេធាវី​គូ​ភាគី និង​កំបាំងមុខ​ជន​ត្រូវ​ចោទ សម រង្ស៊ី។តុលាការ​ បាន​ផ្ដើម​ចោទប្រកាន់​លោក​សម ​រង្ស៊ី​ពីបទ ញុះញង់​កងទ័ព​កុំ​អោយ​ស្ដាប់បង្គាប់​រាជរដ្ឋាភិបាល បទ​ធ្វើអោយ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ប្រមាថ​ថ្នាក់ដឹកនាំ​កង​យោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី ០៥​ធ្នូ ឆ្នាំ​២០១៧។

កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ លោក​មេធាវី វង្ស ភក្ដី មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ក្រសួងការពារជាតិ បានដាក់​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី មក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​រាជរដ្ឋាភិបាល ស្របច្បាប់ បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​។​

ពាក្យបណ្តឹង​របស់​មេធា​វី​តំណាង​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់ថា ការអំពាវនាវ​របស់​លោក សម រង្ស៉ី នៅលើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដែលជា​បទល្មើស​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​អនុវត្ត​។​

នៅលើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​០៥ ខែ​​ធ្នូ ឆ្នាំ​២០១៧ លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​កងទ័ព​បង្វែរ​កាណុង​កាំភ្លើង​មកលើ​រាជរដ្ឋាភិបាល ហើយ​បង្គាប់​ឲ្យ​កងទ័ព​ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន តទៅទៀត។​

ក្រោយពី​ដាក់ពាក្យ​បណ្ដឹង​រួច លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​សម្រេច​ចោទប្រកាន់​លោក​សម រង្ស៊ី​ ជា​ផ្លូវការ​ហើយ​បញ្ជូន​អោយ​ចៅក្រម​សម្រេច​តាម​នីតិវិធី ក្រោម​រូបភាព​ជនជាប់ចោទ​នៅ​ក្រៅ​ឃុំ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu