ភ្នំពេញ ៖ នៅវេលាម៉ោង៤ រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ កម្ពុជាមួយក្រុមដែលមានគណៈប្រតិភូរាជរដ្ឋាភិបាល រួមទាំងកងទ័ពនិងគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ឡេ ដឹកអាញ់ (Le Duc Anh)អតីតប្រធានាធិបតីវៀតណាមនៅទីក្រុងហាណូយ។ លោក ឡេ ដឹកអាញ់ បានទទួលមរណភាពក្នុងអាយុ ៩៩ ឆ្នាំ កាលពីវេលាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។
លោក ឡេ ដឹកអាញ់ ក្នុងឋានៈជានាយទាហាន និងប្រធានរដ្ឋបាល រួមចំណែកយ៉ាងសកម្មនិងធំធេងក្នុងការជួយរំដោះជីវិតប្រជាជនកម្ពុជាពីរបប ប្រល័យពូជសាសន៍ប៉ុលពត ,ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និង ឧបត្ថម្ភគាំទ្រការស្ដារនិងកសាងមាតុប្រទេសកម្ពុជាឲ្យរស់ ឡើងវិញ ក្នុងការកសាងកម្លាំងទ័ពនិងរៀបចំផែនការវាយផ្តួលរំលំរបបប៉ុលពតកាលខែធ្នូ ឆ្នាំ១៩៧៨ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីខែធ្នូ ឆ្នាំ២០១៣ ធ្លាប់បានទៅសួរសុខទុក្ខនិងសំណេះសំណាល ជាមួយលោក ឡេ ដឹកអាញ់ ផងដែរ។
លោក ឡេ ដឹកអាញ់ កើតនៅឆ្នាំ១៩២០ ក្នុងខេត្តធួន ធៀន-វ៉េ ភាគកណ្តាល លោកបានចូលរួមបដិវត្តន៍នៅឆ្នាំ ១៩៣៧ និងបានក្លាយជាសមាជិកបក្សកុំម្មុយនីស្តវៀតណាមនៅមួយឆ្នាំបន្ទាប់។
លោកបានចូលរួមប្រយុទ្ធប្រឆាំងទល់នឹងបារាំងអស់១០ឆ្នាំរវាងឆ្នាំ១៩៤៥និង១៩៥៤និងក្រោយមក ប្រយុទ្ធក្នុងសង្គ្រាមវៀតណាមទល់នឹងអាមេរិកអស់ពេល១២ឆ្នាំ ចាប់ផ្តើមពីឆ្នាំ១៩៦៤។
ក្រោយបដិវត្តន៍ខែសីហាផ្តើមឡើងដោយចលនាវៀតមិញ(សម្ពន្ធសម្រាប់ឯករាជ្យភាពវៀតណាម)ប្រឆាំងការគ្រប់គ្រងអាណានិគមបារាំងនៅវៀត ណាម លោកបានធ្វើជាមេដឹកនាំអនុសេនាតូចនិងបន្តក្លាយជាប្រធាននយោបាយនៅក្នុងកងអនុសេនាធំមួយនិងបន្ទាប់មកកងវរសេនាធំ។ចាប់ពីខែតុលាឆ្នាំ១៩៤៨ដល់១៩៥០ លោកជានាយសេនាធិការយោធាតំបន់៧និង៨ដែលប្រយុទ្ធនៅវៀតណាមខាងត្បូង។
ចាប់ពីឆ្នាំ១៩៥១ដល់១៩៥៤ លោកបម្រើការជារងសេនាធិការនិងនាយសេនាធិការស្តីទីសម្រាប់តំបន់កូសាំងស៊ីន និង ចាប់ពីឆ្នាំ ១៩៦៣ លោកបម្រើការជានាយរងសេនាធិការចម្រុះរបស់កងទ័ពប្រជាជនវៀតណាម ។
លោក ឡេ ឌឹក អាញ់ បានឡើងជាមេបញ្ជាការរងនិងនាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរំដោះប្រជាជននៅវៀតណាមខាងត្បូងចាប់ពី ឆ្នាំ១៩៦៤ដល់១៩៧៤ ។ លោកបានឡើងឋានៈពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ឯកនៅឆ្នាំ ១៩៧៤ មុនក្លាយជាមេបញ្ជាការរងនៃយុទ្ធនាការហូជីមិញដែលជាការវាយប្រហារដ៏ធំមួយដែលបានចូលរួមដល់ការដួលរលំវៀតណាមខាងត្បូងនិងបញ្ចប់សង្គ្រាមវៀតណាមនៅឆ្នាំ១៩៧៥។
លោកបានធ្វើជារដ្ឋមន្ត្រីការពារជាតិចាប់ពីឆ្នាំ ១៩៨៧ ដល់ ១៩៩១ និង នៅខែកញ្ញាឆ្នាំ១៩៩២ លោកត្រូវបានជ្រើសតាំងជាប្រធានាធិបតីវៀត ណាមជាតំណែងដែលលោកកាន់រហូតដល់ឆ្នាំ១៩៩៧។
តាមការគ្រោងទុកសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងដឹកនាគណៈប្រតិភូវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅរសៀលថ្ងៃទី ៣ ខែ ឧសភា បន្ទាប់ ពីអញ្ជើញចូលរួមបុណ្យសព និង គោរពវិញ្ញាណក្ខន្ធលោក ឡេ ដឹកអាញ់ នៅព្រឹកថ្ងៃទី ៣ ខែ មេសានៅទីក្រុងហាណូយប្រទេសវៀតណាម ៕
Source: Kampuchea Thmey Daily
0 Comments