ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាលកាលពីលើសៀវភៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានកោះអញ្ជើញអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធមួយចំនួនមកប្រជុំពិភាក្សាគ្នានៅសាលារាជធានីភ្នំពេញ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមបណ្ដោយផ្លូវធំៗ ធំមួយចំនួន ពិសេសនៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវព្រះនរោត្ដម ខណៈដែលមហាវិថីទាំងពីរនេះតែងតែប្រឈមនឹងការកកស្ទះចរាចរជាប្រចាំនោះ។
លោក ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា បញ្ហាការកកស្ទះចរាចរនៅតាមមហាវិថីធំៗទាំងពីរខាងលើនេះនៅតែជាបញ្ហាប្រឈម ដូច្នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំពិភាក្សានេះឡើង ដើម្បីរួមគ្នា ធ្វើការដោះស្រាយសំដៅកាត់បន្ថយឲ្យបាននូវការកកស្ទះចរាចរណ៍នៅតំបន់នេះ។
លោកអភិបាលបានបន្តទៀតថា ចាប់ពីរង្វង់មូលចៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មកដល់ ផ្លូវព្រះនរោត្តមស្ពានក្បាលថ្នល់ឃើញថា ចរាចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃមានការកកស្ទះរាល់ថ្ងៃតែម្ដង បញ្ហានេះយើងត្រូវតែធ្វើការរដោះស្រាយ។ លោកបញ្ជាក់ថា ក្រោយកិច្ចប្រជុំពិភាក្សានេះ អាជ្ញាធរដែនដីក៏ដូចជាមន្ត្រីជំនាញត្រូវសិក្សាឲ្យបានច្បាស់ពីបញ្ហាប្រឈម ដែលបង្កឲ្យមានការស្ទះចរាចរណ៍ ថាតើវា ផ្ដើមចេញពីបញ្ហាអ្វី ? ដែលយើងត្រូវរួមគ្នាដើម្បីធ្វើការដោះស្រាយ។
លោកអភិបាលបញ្ជាក់ថា កន្លងមកនេះប៉ូលិសជំនាញនិងអាជ្ញាធរខណ្ឌមិនដែលបានធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញពាក់ព័ន្ធ បញ្ហាប្រឈមផ្តើមចេញពីបញ្ហាកកស្ទះចរាចរណ៍នេះទេ។ ដូច្នេះទេ ចាប់ពីពេលនេះទៅអ្វីដែលយើងគួរធ្វើ គឺអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញត្រូវតែចុះទៅធ្វើការសិក្សាពីបញ្ហាប្រឈមទាំងនោះ ដើម្បីរួមគ្នាធ្វើការដោះស្រាយ។
ក្នុងឱកាសនោះដែរ លោកឃួងស្រេងក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌនិងប៉ូលិសការិយាល័យចរាចររាជធានីភ្នំពេញ សហការគ្នាដើម្បីដោះស្រាយ បញ្ហាកកស្ទះការចូលនេះ ពិសេសនៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវព្រះនរោត្ដមមុខក្រសួងមហាផ្ទៃ ហើយខណ្ឌសាមីជាអ្នកម្ចាស់ការទទួលខុសត្រូវ។ ក្រៅពីនេះលោក ឃួង ស្រេងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកបើកបរយានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍៕
Source: Kampuchea Thmey Daily
0 Comments