ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សជិត៨០០,០០០នាក់នៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសឥណ្ឌាត្រូវបានជម្លៀសចេញមុនការមកដល់នៃព្យុះស៊ីក្លូនដ៏ធំមួយ។
សេវាអាកាសធាតុរបស់ប្រទេសឥណ្ឌាបាននិយាយថា ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលខ្លាំងក្លាឈ្មោះ Fani ត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការបាក់ដីនៅរសៀលថ្ងៃសុក្រជិតទីក្រុងហិណ្ឌូដ៏ពិសិដ្ឋឈ្មោះ Puri ។
មន្ដ្រីនាយកដ្ឋានសង្គ្រោះជាតិបានប្រាប់ AFP ថា មនុស្សចំនួន៧៨០,០០០នាក់បានធ្វើដំណើរទៅកាន់កន្លែងដែលមានសុវត្ថិភាពនៅពេលយប់ពីស្រុកយ៉ាងហោចណាស់១៣ក្នុងរដ្ឋ Odisha ដែលជាកន្លែងនឹងទទួលរងគ្រោះពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លានេះ។
ជម្រកប្រមាណ១,០០០កន្លែងនៅតាមសាលារៀននិងអគាររដ្ឋាភិបាលត្រូវបានបង្កើតឡើងដើម្បីដាក់មនុស្សជាងមួយលាននាក់។
នៅថ្ងៃព្រហស្បតិ៍ ព្យុះដែលគេរាយការណ៍ថាជាព្យុះធំបំផុតដែលវាយប្រហារប្រទេសឥណ្ឌាភាគខាងកើតក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយមួយនេះគឺមានប្រភពចេញពីឈូងសមុទ្រ Bengal ដែលមានចម្ងាយប្រហែល៤៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រហើយនឹងឆ្ពោះដំណើរទៅទិសខាងលិច។
ព្យុះស៊ីក្លូននេះត្រូវបានគេរំពឹងថានឹងនាំមកជាមួយខ្យល់ដែលមានល្បឿនពី១៨០ទៅ១៩០គីឡូម៉ែត្រក្នុងមួយម៉ោងហើយវាស្មើទៅនឹងកម្លាំងខ្យល់ព្យុះប្រភេទ៣ដល់ប្រភេទ៤។
វានឹងក្លាយជាព្យុះខ្លាំងទីបួនដែលវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្រមានថា ខ្យល់ដែលមានល្បឿនលឿនអាចគាស់រំលីងដើមឈើទាំងឫស ធ្វើឲ្យខូចខាតដំណាំ បំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងចរាចរណ៍នៅតាមតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់និងតំបន់ទំនាប។
គួរបញ្ជាក់ថា ខ្យល់ព្យុះតែងតែវាយប្រហារភាគខាងកើតនិងភាគអាគ្នេយ៍ប្រទេសឥណ្ឌាចន្លោះខែមេសាដល់ខែធ្នូ។ កាលពីឆ្នាំ២០១៧ ព្យុះស៊ីក្លូន Ockhi បានបណ្តាលឲ្យមនុស្សចំនួន២៥០នាក់ស្លាប់និងជាង ៦០០នាក់បាត់ខ្លួននៅក្នុងរដ្ឋ Tamil Nadu និង Kerala៕ AFP
Source: Kampuchea Thmey Daily
0 Comments