Ad Code

ឱកាស​ចុងក្រោយ​ដើម្បី​ចុះឈ្មោះ​ក្រុម​ចូលរួម​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​



ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ហើយ​ក្នុងឆ្នាំនេះ​ដែរ យើង​បាន​បញ្ចូល​វិញ្ញាសា​សេរី​ថ្មី (New Open) សម្រាប់​យុវជន​ឆ្នើម​របស់​កម្ពុជា​ធ្វើការ​ប្រកួតប្រជែង​។​

សូមមេត្តា​រួសរាន់​ចុះឈ្មោះ​ចូលរួម​ប្រកួត​ឱ្យបាន​ត្រឹម​ថ្ងៃ​សុក្រ ទី​១០ ខែឧសភា វេលា​ម៉ោង ១៧:០០​។​

ប្រធានបទ​ប្រកួត​សម្រាប់​ឆ្នាំនេះ​គឺ “​ទីក្រុង​វៃឆ្លាត​” (Smart Cities) ដែល​តម្រូវឱ្យ​មានការ​ប្រកួតប្រជែង​លើ​វិញ្ញាសា​ទូទៅ (Regular) ដោយ​ប្រើ LEGO Mindstorm Robots និង​វិញ្ញាសា​សេរី​ថ្មី (New Open) ដែល​បេក្ខជន​ត្រូវ​ប្រកួត​រ៉ូ​បូត​គ្រប់​ប្រភេទ​។ បេក្ខជន​ទាំងពីរ​កម្រិត ពោលគឺ​កម្រិត​កុមារ (១៣-១៥​ឆ្នាំ​) និង​យុវជន (១៦-១៩​ឆ្នាំ​) គឺអាច​ចូលរួម​ប្រកួត​នៅក្នុង​វិញ្ញាសា​ប្រកួត​ទាំងពីរ​នេះ​បាន​ដូចគ្នា​។​

ប្រសិនបើ​អ្នកជា​បេក្ខជន​ថ្មី អ្នក​អាច​រក​ជាវ​រ៉ូ​បូត​ក្នុងតម្លៃ​សមរម្យ ពី​ដៃគូ​ឧបត្ថម្ភ​របស់​យើង​ដែលមាន​ដូចជា iOne និង UBTECH robotics ដោយសារ​វា​សក្ដិសម​បំផុត​សម្រាប់​ការត្រៀម​លក្ខណៈ​ចំពោះ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​លើ​វិញ្ញាសា​ទូទៅ​។ សូម​ទទួលយក​ការផ្ដល់ជូន​ពិសេស​នេះ ព្រមទាំង​ចូលរួម​សិក្ខាសាលា​ផ្សេងៗ​ដើម្បីឱ្យ​សាលា​របស់​អ្នក​អាច​ស្គាល់​អំពី​រ៉ូ​បូត ហើយ​អាច​ត្រៀមខ្លួន​ចំពោះ​ការប្រកួតប្រជែង​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង https://www.facebook.com/CambodiaRobotics/ ។​

ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​នាំមក​ជូន​ដោយ អង្គការ​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ ដោយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ យើង​មាន​បេសកកម្ម​បណ្ដុះ​ការស្រឡាញ់​ចូលចិត្ត​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ដល់​សិស្សានុសិស្ស​កម្ពុជា និង​ទទួលស្គាល់​នូវ​សកម្មភាព​រីករាយ​ដែល​បានមកពី​ការប្រើប្រាស់​មុខវិជ្ជា​ស្ទែ​ម​បញ្ចូល​គ្នា​តាមរយៈ​រ៉ូ​បូត ក្នុង​លក្ខណៈ​រីករាយ បញ្ចូល​គ្នា និង​អប់រំ​។

នៅក្នុង​ឆ្នាំ​នេះដែរ ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ផ្ដល់ឱកាស​ដល់​បេក្ខជន​ដើម្បី​ចូលរួម​ប្រកួត​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ហុង​គ្រី ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ហើយ​យើង​សង្ឃឹមថា យុវជន​របស់​យើង​នឹង​អាច​មានឱកាស​ដើម្បី​តំណាង​ប្រទេស​កម្ពុជា​ឡើងទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​បែប​ស្ទែ​ម​នេះ ជាថ្មី​ម្ដងទៀត​។

នៅក្នុង​កម្មវិធី​នេះ យើង​មាន​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ៣០ នាក់​ដើម្បី​ជួយ​សម្របសម្រួល ហើយ​យើងខ្ញុំ​សង្ឃឹមថា សាធារណជន អ្នកគ្រូ​លោកគ្រូ មាតាបិតា ក៏ដូចជា​សិស្ស​-​និស្សិត នឹងចូលរួម​ទស្សនាការ​ប្រកួត​នេះ​ទាំងអស់គ្នា​។ យើងខ្ញុំ​សូម​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោកអ្នក​ប្រកបដោយ​សេចក្ដី​រីករាយ​។​

សេចក្ដីប្រកាស​នេះ​គឺជា​ការ​ក្រើនរំឭក​ចុងក្រោយ​។ សូម​ចុច​ត្រង់នេះ​ដើម្បី​ទាញយក​ពាក្យសុំ​ចុះឈ្មោះ​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ​អ៊ីមែល wro@stemcambodia.ngo ទូរស័ព្ទ 023 72 72 62 ឬ​វេ​ប​សាយ​http://www.stemcambodia.ngo/world-robot-olympiad/



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu