លួចស្រលាញ់អ្នកណាម្នាក់នៅលើហ្វេសប៊ុកមែនទេ? ពេលនេះ បណ្ដាញសង្គម នឹងអាចជួយអ្នក សម្រេចបំណងបាន ដែលវាជាផ្នែកមួយនៃការកែទម្រង់ថ្មី ត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ មានគោលដៅលើកកម្ពស់ទំនាក់ទំនងក្នុងជីវិតពិត និងធ្វើឱ្យវេទិកាមួយនេះ ក្លាយជាកន្លែងកាន់តែជិតស្និទ្ធសម្រាប់ក្រុមមនុស្សតែម្ដង។
មុខងារថ្មីនេះត្រូវបានដាក់បង្ហាញក្នុងកម្មវិធី Facebook ដែលមានការកែទម្រង់ថ្មីក្នុងនាមជាបណ្ដាញសង្គមដែលត្រៀមខ្លួនក្នុងការអនុវត្តយុទ្ធសាស្ត្រថ្មីផ្ដោតលើទំនាក់ទំនងឯកជន និងក្រុមតូច។
ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បាននិយាយនៅក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍកម្មវិធី F8 សម្រាប់បណ្ដាញសង្គមយក្សមួយនេះថា "ស្របពេលដែលពិភពលោកកាន់តែធំឡើងៗ ហើយទំនាក់ទំនងក៏មានកាន់តែច្រើនឡើងៗដែរនោះ យើងត្រូវការភាពស្និទ្ធស្នាលឱ្យបានច្រើនជាងមុន"
កម្មវិធីថ្មីនេះបានដាក់ឱ្យដំណើរការសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ក្នុងគោលបំណងបង្កើតជាទិសដៅថ្មីមួយសម្រាប់ហ្វេសប៊ុក។ ក្នុងមុខងារថ្មីនេះបានលុប Background ពណ៌ខៀវ និងផ្ដល់ជម្រើសថ្មីៗជាច្រើនសម្រាប់ភ្ជាប់ទំនាក់ទំនង។
ការផ្លាស់ប្ដូររបស់ហ្វេសប៊ុកនេះធ្វើឡើងដើម្បីឆ្លើយតបជាមួយការរិះគន់ជុំវិញករណីបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ អសមត្ថភាពក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលនាពេលកន្លងមក។
ការផ្លាស់ប្ដូរដែលបានប្រកាសកាលពីថ្ងៃអង្គារនឹងបង្កើតឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ខុសពីមុន ដោយបន្ថែមមុខងារ Dating ការរាប់អានមិត្ត និងមុខងារព្រឹត្តិការណ៍នានា ក្នុងចេតនាឱ្យអ្នកប្រើប្រាស់ទាំងអស់មានអារម្មណ៍ថាដូចបានជួបគ្នានៅពិភពខាងក្រៅដូច្នោះដែរ។ នេះបើតាមប្រធានកម្មវិធីថ្មីរបស់ហ្វេសប៊ុក អ្នកស្រី Fidji Simo ប្រាប់មកកាន់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងកិច្ចប្រជុំ F8។
ជាមួយគ្នានេះដែរ ហ្វេសប៊ុកក៏បានប្រកាសដាក់បញ្ចូលមុខងារ Dating ថ្មី សម្រាប់ប្រទេសចំនួន១៤ រួមមាន ហ្វីលីពីន សិង្ហបុរី ប្រេស៊ីល និងឈីលីជាដើម។ មុខងារថ្មីនេះមានឈ្មោះថា Secret Crush ដែលអាចឱ្យអ្នកប្រើប្រាស់បង្ហាញអារម្មណ៍ថាតើ Friend មួយណាដែលពួកគេចាប់អារម្មណ៍លើសពីមិត្តធម្មតា តែវានឹងលោតសញ្ញាប្រាប់ឱ្យអ្នកដឹងវិញ នៅពេលណាដែលមិត្តម្នាក់នោះដាក់អ្នកក្នុងបញ្ជី Secret Crush ដូចគ្នាប៉ុណ្ណោះ បើមិនអ៊ីចឹង វានឹងនៅតែជាការសម្ងាត់ដដែល៕ AFP
Source: Kampuchea Thmey Daily
0 Comments