អ្នកចរចាផ្នែកជំនួញកំពូលរបស់អាមេរិក និងចិនបានបន្តការចរចាគ្នាកាលពីថ្ងៃពុធ ខណៈភាគីទាំងពីរ បានឈានដល់ការព្រមព្រៀងគ្នាដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មពាក់ព័ន្ធនឹងរឿងពន្ធលើទំនិញដែលអូសបន្លាយពេលរាប់ខែមកហើយនោះ។
ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ដែលជាជំនួយការជិតស្និទ្ធរបស់ប្រធានាធិបតី ស៊ីជីនពីងបានទទួលស្វាគមន៍លោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិក និងលោក Steven Mnunchin រដ្ឋលេខាធិការរតនាគារអាមេរិកដើម្បីធ្វើការពិភាក្សាដោយរំពឹងថានឹងផ្ដោតលើបញ្ហាឧស្សាហកម្មរបស់ចិន។
ប្រទេសនាំមុខគេក្នុងវិស័យសេដ្ឋកិច្ចពិភពលោកទាំងពីរបានផ្លាស់ប្ដូរពន្ធលើទំនិញគ្នាដែលមានតម្លៃ ៣៦០ពាន់លានដុល្លារ ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសសង្គ្រាមពាណិជ្ជកម្មនៅឆ្នាំមុនមកម្ល៉េះ។
ភាគីអាមេរិកកំពុងគាបសង្កត់ភាគីចិនដើម្បីឱ្យធ្វើការកែប្រែគោលនយោបាយឧស្សាហកម្មរបស់ខ្លួន តាមរយៈការបើកទ្វារទីផ្សារសម្រាប់ក្រុមហ៊ុនបរទេស បញ្ឈប់ការឧបត្ថម្ភធនដ៏ច្រើនសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងទប់ស្កាត់ការលួចបច្ចេកវិទ្យាអាមេរិក។
កាលពីសប្ដាហ៍មុន ប្រធានាធិបតីចិន លោកស៊ីជីនពីងបាននិយាយថា ចិននឹងលុបចោលនូវច្បាប់ដែលមិនយុត្តិធម៌ ការឧបត្ថម្ភទុន និងការអនុវត្តទាំងឡាយណាដែលរារាំងដល់ការប្រកួតប្រជែងស្មោះត្រង់ និងធ្វើឱ្យខូចទីផ្សារ។ ជាងនេះទៅទៀត ចិនក៏បានអនុម័តច្បាប់ស្ដីពីការវិនិយោគបរទេសដែលធានាការពារកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនបរទេសផងដែរ។
លោក Mnuchin និងលោក Lighthizer បានសម្ដែងក្ដីសោមនស្សទៅកាន់លោកឧបនាយករដ្ឋមន្ត្រី Liu ពេលបានទៅដល់ផ្ទះសំណាក់រដ្ឋ Diaoyutai កាលពីថ្ងៃពុធ។ លោកឧបនាយករដ្ឋមន្ត្រីចិនក៏បានមានប្រសាសន៍ទៅកាន់ភាគីអាមេរិកទាំងពីររូប មុននឹងចូលទៅដល់កិច្ចចរចាថា "អរុណសួស្ដី! រីករាយណាស់ដែលបានជួបពួកលោក!” AFP
Source: Kampuchea Thmey Daily
0 Comments