ក្រុមហ៊ុនផ្ដល់សេវាចាក់បញ្ចាំងរឿងកម្សាន្តលើអ៊ីនធឺណិត Netflix កាលពីថ្ងៃអង្គារ បានយល់ព្រមចាប់ដៃគូជាមួយក្រុមអ្នកផលិតកុនរឿង "Crazy Rich Asians” ដើម្បីផលិតរឿងដែលផ្អែកលើការជួយសង្គ្រោះជីវិតក្រុមបាល់ទាត់ជ្រូកព្រៃដែលជាប់ក្នុងល្អាងប្រទេសថៃ។
កាលពីឆ្នាំទៅ ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបានជាប់ក្នុងល្អាងថាំហ្លួងនៅភាគខាងជើងប្រទេសថៃអំឡុងពេលរដូវមូសុងដែលមានភ្លៀង និងទឹកជំនន់កាលពីថ្ងៃទី២៣ មិថុនា ក្រោយបញ្ចប់ការហ្វឹកហាត់បាត់ទាត់របស់ក្រុមខ្លួន។
ស្ថានភាពដ៏លំបាកក្នុងការជួយសង្គ្រោះជីវិតពួកគេដែលជាប់ក្នុងល្អាងអស់រយៈពេល១៨ថ្ងៃនោះ បានគ្របដណ្ដប់ស្ទើរតែលើគ្រប់ចំណងជើងសារព័ត៌មានអន្តរជាតិ ខណៈពេលដែលអ្នកជំនាញមុជទឹកជាច្រើននាក់បានដុតដៃដុតជើងទាំងយប់ទាំងថ្ងៃដើម្បីយកពួកគេចេញពីខាងក្នុងល្អាង ស្របពេលដែលទឹកកាន់តែបន្តលិចក្នុងល្អាង ហើយអាហារក៏កាន់តែអស់។
ឧស្សាហកម្មខ្នាតតូចមួយដែលអាចរកចំណូលបានយ៉ាងច្រើនក្រាស់ក្រែលតាមរយៈការសរសេរសាច់រឿងនេះឡើងវិញត្រូវបានបង្កើតឡើង ដោយមានក្រុមហ៊ុនទាំងក្នុងស្រុកនិងអន្តរជាតិ រួមទាំងគ្រឹះស្ថានបោះពុម្ពចាំតម្រង់ជួរគ្នាបោះពុម្ពជាសៀវភៅ ផលិតជាកុន និងធ្វើកម្មវិធីឯកសារជាដើម។
អ្នកស្រី Erika North នាយកផ្នែកឯកសារសំណៅដើមអន្តរជាតិរបស់ក្រុមហ៊ុន Netflix បាននិយាយនៅក្នុងកម្មវិធីមួយដែលចូលរួមដោយផលិតកម្ម SK Global ក្រុមផលិតកររឿង "Crazy Rich Asians” ក្រុមបាល់ទាត់ជ្រូកព្រៃ និងគ្រូបង្វឹករបស់ពួកគេថា "លើលោកនេះតែងមានការនិទានមួយដែលគេស្គាល់ទូទាំងពិភពលោក ហើយរឿងរ៉ាវដ៏មិនគួរឱ្យជឿរបស់ក្មេងៗទាំងនេះក៏មិនខុសគ្នាដែរ។ យើងកំពុងត្រៀមនឹងធ្វើការនិទានរឿងពិតណាមួយដែលអាចធ្វើទៅបាន។"
អ្នកស្រីបានបន្ថែមថា វាអាចនឹងមិនចប់រួចរាល់ក្នុងឆ្នាំនេះទេ តែក៏មិនព្រមបញ្ជាក់ថាវានឹងត្រូវប្រើទម្រង់បែបណាដែរ។
ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកកំពុងញញឹមដាក់អ្នកថតរូប ដោយអាវធំពីក្រៅ អាវខាងក្នុងពណ៌លឿង ដែលជាពណ៌សម្រាប់សែរាជវង្សដើម្បីរម្លឹកដល់រាជពិធីឡើងគ្រងរាជ្យរបស់ស្ដេចថៃក្នុងសប្ដាហ៍នេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments