ចៅក្រមសហព័ន្ធអាមេរិកបានបញ្ជាឱ្យធនាគារចិនចំនួន៣អនុវត្តតាមការទាមទាររបស់ក្រុមអ្នកស៊ើបអង្កេតអាមេរិក ប្រគល់ឯកសារទាំងឡាយដែលជាប់ទាក់ទងនឹងចលនាសាច់ប្រាក់១០លានដុល្លារពាក់ព័ន្ធការបំពានកិច្ចព្រមព្រៀងអន្តរជាតិទៅលើកូរ៉េខាងជើង។
លោក Beryl Howell ប្រធានចៅក្រមសហព័ន្ធក្រុងវ៉ាស៊ីនតោន D.C បាននិយាយថា បទបញ្ជានេះគឺសម្រាប់ឯកសារលក់ដូរហ៊ុនរវាងក្រុមហ៊ុនមានមូលដ្ឋាននៅហុងកុងដែលពេលនេះលែងដំណើរការ និងអង្គភាពរដ្ឋរបស់កូរ៉េខាងជើង។
ឯកសារតុលាការដែលចេញផ្សាយជាសាធារណៈនេះមិនបានបញ្ជាក់ឈ្មោះធនាគារ ក្រុមហ៊ុនហុងកុង និងអង្គភាពរដ្ឋរបស់កូរ៉េខាងជើងនោះឡើយ។ នៅក្នុងឯកសារនោះបានចែងថា រដ្ឋាភិបាលចិនមានភាគហ៊ុនកម្មសិទ្ធិក្នុងធនាគារទាំងបីនេះ ដែល២ធនាគារក្នុងចំណោមនោះមានសាខានៅសហរដ្ឋអាមេរិក។
ដីកាតុលាការខាងលើនេះត្រូវបានដាក់ចេញនៅខែធ្នូ ២០១៧ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកជុំវិញការរំលោភកិច្ចព្រមព្រៀងផ្ដោតលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងការលាងលុយកខ្វក់ និងការរំលោភច្បាប់សម្ងាត់របស់ធនាគារ។
យោងតាមឯកសាររបស់តុលាការ ដីកាខាងលើទាមទារឱ្យមានកំណត់ត្រាដ៏ច្រើនរបស់ធនាគារដែលមានតាំងពីខែមករា ២០១២ មក។ នៅក្នុងឯកសារដដែលបានគូសបញ្ជាក់ពីប្រតិបត្តិការសរុប ១០៥,៣៤លានដុល្លារ រួមទាំងទឹកប្រាក់៤៥,៧៨លានដុល្លារដែលបានឆ្លងកាត់គណនីឆ្លងឆ្លើយសហរដ្ឋអាមេរិករបស់ធនាគារចិនដំបូងគេ ទឹកប្រាក់១,៦៣លានដុល្លារដែលបានឆ្លងកាត់គណនីធនាគារឆ្លើយឆ្លងរបស់ធនាគារទី២ និង ៥៧,៩៣លានដុល្លារដែលបានឆ្លងកាត់គណនីឆ្លើយឆ្លងសហរដ្ឋអាមេរិករបស់ធនាគារទី៣៕ REUTERS
Source: Kampuchea Thmey Daily
0 Comments