បុរសជនជាតិជប៉ុន Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានដាក់គោលដៅស្វែងរកអ្នកគាំទ្រចំនួន៥០០០នាក់ចូលទស្សនាប្រកួតរបស់ក្រុមខ្លួនលើទឹកដីខេត្តសៀមរាប ខណៈក្រុមរបស់ខ្លួន ទទួលក្រុមវិសាខា នៅល្ងាចថ្ងៃអាទិត្យ ទី២៨ មេសា ឆ្នាំ២០១៩ ថ្មីៗនេះមានអ្នកគាំទ្រច្រើនជាង៤០០០នាក់ តែមិនទាន់ដល់គោលដៅដែលក្លិបចង់បាននៅឡើយនោះទេ។
ក្នុងជ័យជម្នះលើក្រុមវិសាខា ដោយលទ្ធផល២ទល់១ ប្រចាំសប្ដាហ៍ទី៥ ថ្មីៗនេះស្រូបទាញបានអ្នកទស្សនា៤៣៧៧នាក់ នៅកីឡដ្ឋានខេត្តសៀមរាប ដែលនេះគឺជាកំណត់ត្រាថ្មីមួយ។ បើតាមចំនួនច្រើនបំផុតលើកមុន គឺច៤២៥៧នាក់ ពេលអង្គរថាយហ្គឺរធ្វើជាម្ចាស់ផ្ទះជំនួបលីគកំពូលកម្ពុជា រដូវកាល២០១៨។
យ៉ាងណាក្តីលោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងពេលឃើញអ្នកទស្សនាយ៉ាងច្រើនកុះករចូលរួមគាំទ្រផ្ទាល់នៅដល់កីឡដ្ឋានស្វាយធំ។ លោកថា ក្លិបរបស់លោកព្យាយាមបង្កើតកម្មវិធីប្លែកៗដើម្បីស្រូបទាញអ្នកគាំទ្រកាន់តែច្រើនថែមទៀត។ នេះជាលើកទីពីរដែលអង្គរថាយហ្គឺរ ធ្វើជាម្ចាស់ផ្ទះសម្រាប់ជំនួបលីគកំពូលកម្ពុជា នៅរដូវកាល២០១៩ ដោយលើកទីមួយ ទទួលភ្ញៀវបឹងកេត និងទទួលបានអ្នកទស្សនាផ្ទាល់៣០៩០នាក់។ លោក Kato បានប្ដេជ្ញាចិត្តធ្វើយ៉ាងណាទាក់ទាញអ្នកទស្សនាឲ្យបានចំនួន៥០០០នាក់នាពេលខាងមុខ។
លោក Akihiro Kato មានមកវិនិយោគក្លិបបាល់ទាត់នៅកម្ពុជា តាំងពីឆ្នាំ២០១៥ មកម្ល៉េះពោលគឺលោកបានកសាងក្លិបឡើងវិញក្រោយថ្នាក់ដឹកនាំក្លិបត្រាយអាស៊ី ចាកចេញ ហើយពេលនោះក្លិបបានប្តូរឈ្មោះទៅជាខេមបូឌាថាយហ្គឺរ និងបន្តប្តូរឈ្មោះមកអង្គរថាយហ្គឺរ វិញពេលប្តូរមូលដ្ឋានពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប៕
Source: Kampuchea Thmey Daily
0 Comments