Ad Code

បើក​គោយន្ត​កែច្នៃ​ដឹក​ដី​បើក​ថយក្រោយ មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​របួស​០២​នាក់​នៅ​ស្រុក​ក្រឡាញ់



សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ដោយសារ អ្នក​បើក​គោយន្ត​កែច្នៃ​ដឹក​ដី​បើក​ថយក្រោយ មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង មនុស្ស​ចំនួន​០២​នាក់​ផ្សេងទៀត បាន​រង​របួស​ស្រាល។ ​ចំណែក​ជន​បង្ក​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩​ តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់​។



អធិការ​នគរបាល​ស្រុក​ក្រឡាញ់ គឺ លោក​វរសេនីយ៍ឯក ជី បេង​ជន បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង រវាង​គោយន្ត​កែច្នៃ​ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ជាមួយនឹង​ម៉ូតូ នៅ​លើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិត​ក្នុង​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង មនុស្ស​ចំនួន​០២​នាក់​ផ្សេងទៀត បាន​រងរបួស​ស្រាល។



លោក​បន្ត​ថា ករណីនេះ​គឺ​អ្នកបើកបរ​គោយន្ត​កែច្នៃ​ដឹក​ដី ឈ្មោះ លន់ លីន ភេទ​ប្រុស អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ បាន​បើក​គោយន្ត​ថយក្រោយ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1F-7834 បើកបរ​ដោយ​ឈ្មោះ យា​ត យ៉ា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង និង​អ្នកជិះ​ជាមួយ​ពីរ​នាក់​ទៀត គឺ​អ្នក​ទី​១. ឈ្មោះ យា​ត សារិកា ភេទ​ស្រី អាយុ​១៤​ឆ្នាំ រងរបួស​ស្រាល និង​អ្នក​ទី​២. ឈ្មោះ​ង៉ា វី​សា ភេទ​ប្រុស អាយុ​១១​ឆ្នាំ រង​របួស​ស្រាល ដែល​អ្នក​ទាំង​៣​នាក់​នេះ រស់នៅ​ភូមិ​ព្រៃ​គាប ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង រួច​ឈប់ រីឯ​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ។ ​នៅ​គ្រានោះ​អ្នកបើក​បរបាន​ចុះ​រត់​គេចខ្លួនបាត់​។

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ បាន​ធ្វើ​ការ​ត្រួតពិនិត្យ និង​វាស់វែង និង​បាន​នាំ​យក​វត្ថុ​តាំង​មក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំ​រឿង និង​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​បន្ត រីឯ​សាកសព​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu