Ad Code

ក្រសួងការពារជាតិ ប្រកាស​បដិសេធ​ពាក្យ​ចចាមអារ៉ាម​រឿង​ទម្លាក់​ស័ក្តិ​នាយទាហាន​



ភ្នំពេញ ​៖ ការ​ច្រានចោល​របស់​ក្រសួងការពារជាតិ​នេះ ធ្វើឡើង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមេសា និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់ ខែឧសភា ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ ដែល​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​។



នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​គូសបញ្ជាក់ និង​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​លើកឡើងថា ក្រសួងការពារជាតិ​មាន​គម្រោង​ទម្លាក់ ស័ក្តិ ដែល​ព័ត៌មាន​នេះ​មិនមែន​ជា​ការពិត​នោះទេ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សុំ​ឲ្យ​នាយទាហាន​ទាំងអស់ កុំ​មានការ​ភ្ញាក់ផ្អើល តាម​ការ​បកស្រាយ​ខុស​គោលបំណង​របស់​រាជ រដ្ឋាភិបាល​កម្ពុជា ក្នុង​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ​រយៈពេល​៥​ឆ្នាំ ២០១៥-២០១៩​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បន្ដ​ថា ការកែទម្រង់​ឋានន្តរស័ក្តិ​ក្នុង​កងយោធពល ខេមរភូមិន្ទ មាន​ផែនការ​យុទ្ធសាស្ត្រ​យូរអង្វែង ជា​ជំហានៗ ដើម្បី​កសាង​កងទ័ព​មួយ​មាន​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​ដឹកនាំ​បញ្ជា​ឲ្យ​សម​ស្របតាម​ការវិវឌ្ឍន៍ នៃ​សភាពការណ៍​ជាតិ និង​អន្តជាតិ​។ ជាមួយគ្នា​នេះ មិនមែន​កាត់ ឬ​ទម្លាក់​ស័ក្តិ ដូច​ការ​បកស្រាយ​ភាន់ច្រឡំ​នោះ​ទេ​។



គួរ​រម្លឹក​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​មានប្រសាសន៍​លើកឡើង​កាលពីពេល​ថ្មីៗ​នេះ​ថា នៅ​ថ្ងៃ​អនាគត ខាងមុខនេះ ក្នុង​ជួរ​កងទ័ព​មានតែ​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ប៉ុណ្ណោះ ដែល​ពាក់​ផ្កាយ​៤​។ ជា​មួយ​គ្នា​នេះ សម្រាប់​អគ្គ​មេបញ្ជាការ​រង និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នានា ត្រូវ​ពាក់​ផ្កាយ​៣, អគ្គនាយករង​ពាក់​ត្រឹម​ផ្កាយ​២​ប៉ុណ្ណោះ​។

​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ទៀត​ថា មេបញ្ជាការ​កងទ័ពជើងគោក ជើង​អាកាស ជើង​ទឹក គឺ​ពាក់​ត្រឹម​ផ្កាយ​៣ និង​តាម​បណ្តា​មេបញ្ជាការ​ភូមិភាគ​នានា ផ្តល់​ត្រឹមតែ​ផ្កាយ​២​។ ដោយឡែក អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ នឹង​ត្រូវ​ពាក់​ត្រឹម​ផ្កាយ​៣​។ សម្តេច​តេ​ជោ បាន​ថ្លែង​បន្ថែម​ថា នៅពេល​ខាងមុខ​មន្ត្រី​ថ្នាក់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ដែល​ពាក់​ផ្កាយ​៤ និង​ទម្លាក់​មក​ត្រឹម​ផ្កាយ​៣ លើកលែងតែ​មន្ត្រី​ចាស់ៗ មួយចំនួន​ប៉ុណ្ណោះ​រក្សាទុក​ផ្កាយ​៤​។ ពាក់ព័ន្ធ​នឹង​កំណែទម្រង់​វិស័យ​កងកម្លាំងប្រដាប់អាវុធ​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា នឹងធ្វើ​កំណែទម្រង់​លើ​កម្លាំង​នគរបាល​ផង​ដែរ ហើយ​ទាំង​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ នឹង​សិក្សា​លម្អិត​បន្ថែម​លើ​ការកែទម្រង់​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu