ក្រុមណាហ្គាវើល ដែលជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) មានឈ្មោះតំណាងឲ្យកម្ពុជាទៅលេងក្នុងវគ្គជម្រុះពូលF នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2019 បានធ្លាក់ត្រឹមវគ្គជម្រុះនេះ ទោះបីជានៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ ខណៈលោក មាស ចាន់ណា ដែលជាគ្រូបង្វឹកមិនសប្បាយចិត្តចំពោះទម្រង់លេងរបស់កូនក្រុមតែងតែធ្វើឲ្យរបូតគ្រាប់បាល់នៅចុងម៉ោងប្រកួត។
សូមបញ្ជាក់ថា ក្រុមណាហ្គាវើល បានបន្តប្រកួតចាញ់ក្រុម Hanoi FC ដោយលទ្ធផល៥ទល់១ នៅល្ងាចថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០១៩ ថ្មីៗនេះលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាធានីភ្នំពេញ ក្រោមការកាត់សេចក្តីពីសំណាក់លោកអាជ្ញាកណ្តាល Mahmood Al-Majarafi ជនជាតិអូម៉ង់។
កីឡាករ ញឹម សុវណ្ណារ៉ា ជាម្ចាស់គ្រាប់បាល់១គ្រាប់របស់ណាហ្គាវើល ដែលទាត់ចូលទីគូប្រកួតនៅនាទី៦៣ ខណៈក្រុម Hanoi FC រកបាន៥គ្រាប់ដោយកីឡាករFaye នៅនាទី៣៥ ហើយកីឡាករOseni រកបាន២គ្រាប់នៅនាទី៤២និង៩០+១ កីឡាករTrần Văn Kiên រកបាន១គ្រាប់នៅនាទីទី០ និងកីឡាករHoàng Vũ Samson រកបាន១គ្រាប់នៅនាទី៨៦។
ជុំវិញបញ្ហាខាងលើនេះ លោក មាស ចាន់ណា បានប្រាប់អ្នកសារព័ត៌មានក្រោមចប់ការប្រកួតថា «សម្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្តនៅពេលដែលពួកគាត់ធ្វើបានល្អពីនាទីទី១ ដល់នាទី៣៥ អ្វីដែលជាផែនការរៀបចំ ក៏ប៉ុន្តែមិនសប្បាយចិត្តនៅ ១០នាទីចុងក្រោយ ពេលគាត់ហត់ ក្ដៅហត់គាត់ចាប់ផ្ដើមធ្លាក់ ពេលធ្លាក់នេះហើយគេមានឱកាសទាត់ចូលភ្លាមៗ អីច្ចឹងវាជាបញ្ហាដែលខ្ញុំមិនសប្បាយចិត្តនៅតង់ទី១ នៅតង់ទី២ យើងចាប់ផ្ដើមធ្វើបានល្អទៀត រហូតដល់យើងវាយបកទាត់ចូលគេបាន១គ្រាប់វិញ តែនៅចុងម៉ោងយើងមានបញ្ហា ត្រង់គេទាត់ចូល។ ខ្ញុំបាននិយាយថា យ៉ាងហោចណាស់លទ្ធផលមិនឲ្យអាក្រក់ដូចនៅ Hanoi ឡើយ អីច្ចឹងលទ្ធផលនេះខ្ញុំទទួលយកបាន ប៉ុន្តែទាក់ទងនឹងគេទាត់ចូលចុងម៉ោង ខ្ញុំនឹងព្យាយាមទាំងលីគក៏ដោយ ទាំងប្រកួតបន្ទាប់ក៏ដោយ ខ្ញុំមិនឲ្យគេទាត់ចូលអច្ចឹងទៀតទេ យើងគួរតែតង់ទី២ ខ្លាំងជាងគេ គួរតែទាត់ចូលគេវិញ អច្ចឹងអ្វីៗខ្ញុំត្រូវតែផ្លាស់ប្ដូរខ្លះ»។
លោកគ្រូបង្វឹកដែលកំពុងកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក AFC A License បានទទួលស្គាល់ផងដែរ ជុំវិញការលេងច្រើនប្រកួតជាមួយមនុស្សដដែលៗច្រើនពេក ជាមួយនឹងការផ្លាស់ប្ដូរកីឡាករក្មេងៗធ្វើឲ្យមានបញ្ហាខ្លះ។ ប្រកួតក្រោយលោកថានឹងព្យាយាមធ្វើឲ្យល្អនៅចុងម៉ោង ដោយនឹងមានកលល្បិចវាយបកនៅចុងម៉ោងវិញ។
សូមរំលឹកថា ក្នុងនាមជាម្ចាស់ជើងឯកនៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្លិបណាហ្គាវើល បានចាប់ឆ្នោតស្ថិតនៅពូល F ជាមួយក្រុមខ្លាំងដល់ទៅ៣ក្នុងតំបន់អាស៊ានផ្សេងទៀត ដោយក្នុងនោះមានក្រុម Hanoi FC (ម្ចាស់ជើងឯកលីគកំពូលវៀតណាម) Tampines Rovers (ជើងឯករងលីគកំពូលសិង្ហបុរី) និង Yangon United (ជើងឯកលីគកំពូលមីយ៉ាន់ម៉ា)។
បើរាប់ចំណាត់ថ្នាក់បណ្តោះអាសន្នគឺក្រុម Tampines Rovers កក់កៅអីឡើងទៅជុំបន្ទាប់ក្រោយឈរកំពូលតារាងមាន១៣ពិន្ទុក្នុងដៃ តាមពីក្រោយដោយក្រុម Hanoi FC មាន១០ពិន្ទុ ហើយក្រុមណាហ្គាវើល របស់កម្ពុជា មាន៣ពិន្ទុឈរលេខ៣និងក្រុម Yangon United ឈរលេខ៤មាន៣ពិន្ទុដែរ។ សម្រាប់ប្រកូតបិទពូលគឺក្រុម Hanoi FC ត្រូវប៉ះក្រុម Tampines Rover នៅទីលានកីឡដ្ឋាន Hàng Đẫy Stadium ក្នុងរដ្ឋធានីហាណូយ វេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ខណៈក្រុម Yangon United ជួបក្រុមណាហ្គាវើល នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃជាមួយគ្នា លើទីលានកីឡដ្ឋាន Thuwunna Stadium ក្នុងទីក្រុងរ៉ង់ហ្គូន៕
Source: Kampuchea Thmey Daily
0 Comments