កីឡាករជនជាតិជប៉ុនYuto Sasaki ត្រូវសម្រាកព្យាបាលរបួសជង្គង់រយៈពេលវែង ទើបធ្វើឲ្យរូបគេឈានដល់ការសម្រេចចិត្តចាកចេញពីគិរីវង់សុខសែនជ័យ មុនកាលកំណត់ ដើម្បីទៅព្យាបាលរបួសខ្លួននៅប្រទេសជប៉ុន ក្រោយបង្ហាញខ្លួនបានត្រឹមរយៈពេល៥ប្រកួតក្នុងក្របខណ្ឌ លីគកំពូលកម្ពុជា (Metfone Cambodian League 2019) កាលពីពេលថ្មី។
លោក ឌុក វាសនា អ្នកចាត់ការក្រុមគីរីវង់សុខសែនជ័យ បានប្រាប់ CNCC ថា កីឡាករវ័យ២៤ឆ្នាំខាងលើធ្លាប់មានបញ្ហាជង្គង់នេះម្ដងមកហើយ ហើយវាបានរើឡើងវិញមុនប៉ះជាមួយណាហ្គាវើលដ៍ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា កន្លងទៅ។ ដូច្នេះរូបគេក៏សម្រេចចិត្តត្រលប់ទៅប្រទេសកំណើតដើម្បីព្យាបាលសិន។ ថ្នាក់ដឹកនាំក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវ ខាងលើបានបញ្ជាក់ថា «គាត់ទៅជប៉ុនវិញហើយ។ គាត់របួសជង្គង់ របួសចាស់ហ្នឹង។ គាត់ធ្លាប់មានបញ្ហាហ្នឹងម្ដងហើយ តែគាត់អត់នៅព្យាបាលនៅខ្មែរទេ គាត់ទៅព្យាបាលនៅជប៉ុនវិញ»។
ទន្ទឹមនឹងគ្នានេះដែរ លោក ឌុក វាសនា ក៏មានកង្វល់ចំពោះការប្រកួតក្រោយទៀត ព្រោះក្រោយការចាកចេញរបស់កីឡាករ Yuto Sasaki ក៏មានកីឡាករមួយចំនួនកំពុងប្រឈមបញ្ហារបួស ទាំងបរទេសនិងកូនក្រុមក្នុងស្រុក។ កីឡាករជប៉ុនខាងលើនេះធ្លាប់មានបទពិសោធន៍លេងនៅក្លិប Kom Podgorica និងក្លិបFK Berane នៅប្រទេសម៉ុងតេណេក្រូ ចន្លោះឆ្នាំ២០១៧-២០១៨ មុនរូបគេបន្តទៅប្រកបអាជីពនៅក្លិបNK Fuzinar ក្នុងប្រទេសស្លូវ៉ាគី និងបន្តដំណើរមកកាន់ប្រទេសកម្ពុជា ដោយចូលរួមជាមួយគីរីវង់សុខសែនជ័យ កាលពីដើមឆ្នាំ២០១៩។
យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថា ក្លិបជាសមាជិករបស់លីគខ្លួនមានសិទ្ធិចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ប៉ុន្តែដាច់ខាតក្នុងនោះត្រូវតែមានកីឡាករជាជនជាតិសមាជិកទ្វីបអាស៊ី ១រូប។ ចំពោះក្រុមគីរីវង់សុខសែនជ័យ វិញបានចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ដោយក្នុងនោះមានកីឡាករជនជាតិម៉ាលី Souleymane Coulibalyកីឡាករប្រេស៊ីល Marcio Santos កីឡាករជប៉ុន Reiya Kinoshita,Yuto Sasaki និងTakahito Ota។
ឆ្លងកាត់៥ប្រកួតមកនេះក្រុមគិរីវង់សុខសែនជ័យ រកបានជ័យជម្នះត្រឹមមួយលើកប៉ុណ្ណោះដែលបានយកឈ្នះលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៤ទល់១ ខណៈ៤ប្រកួតផ្សេងទៀតសុទ្ធតែបរាជ័យគឺចាញ់វិសាខា ២ទល់០ ចាញ់អាស៊ីអឺរ៉ុប២ទល់១ ចាញ់ណាហ្គាវើល៣ទល់១ និងចាញ់ព្រះខ័នរាជស្វាយរៀង ២ទល់០។ បច្ចុប្បន្ន ក្រុមដឹកនាំដោយគ្រូបង្គោលជនជាតិថៃ Ekapob Potisai មួយនេះកំពុងឈរចំណាត់ថ្នាក់ទី១១ ក្នុងចំណោមក្លិបជាសមាជិកចំនួន១៤ក្រុមមាន៣ពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments