Ad Code

រាជរដ្ឋាភិបាល​ជប៉ុន​ នឹង​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធាន​គ្រូបង្រៀន​នៅ​កម្ពុជា​ដើម្បី​បង្កើន​សមត្ថភាព​អប់រំ​សិស្ស​



ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​ជប៉ុន​ បាន​សន្យាថា នឹង​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធាន​គ្រូបង្រៀន​នៅ​កម្ពុជា​បន្ថែមទៀត​ដើម្បី​បង្កើន​សមត្ថភាព និង វិធីសាស្ត្រ​អប់រំ​សិស្សានុសិស្ស អោយ​ទទួលបាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​

លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ស៊ី​សា Horinouchi Hedehisa ឯក​អ​គ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​ជប៉ុន នឹង​បញ្ជូន​គ្រូឧទ្ទេស​ជំនាញ​ពី​ជប៉ុន មក​កម្ពុជា ដើម្បី​បណ្ដុះបណ្ដាល គ្រូ​គរុសិស្ស​នៅ​កម្ពុជា ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​អប់រំ​សិស្ស​ក្នុង​យុគសម័យ​ទំនើប និង​វិធីសាស្ត្រ​ក្នុងការ​បង្ហាត់បង្រៀន​សិស្ស​តាមបែប​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ឆាប់​ចេះ និង​ឆាប់​ចាប់​បាន នូវ​ការពន្យល់​ណែនាំ​របស់​គ្រូ​គរុ​សិស្ស លើ​មុខវិជ្ជា​អប់រំ ដូចជា​ភាសា​ខ្មែរ គណិតវិទ្យា និង​វិទ្យាសាស្ត្រ​សង្គម​ជាដើម​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធីបើកការដ្ឋាន​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ ក្រោម​ជំនួយឥតសំណង​ពី​សំណាក់​រាជរដ្ឋាភិបាល​ជ​ប៉ុន កាលពី​ថ្ងៃទី​៧​ឧសភា​នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ លោក ឯក​អ​គ្គ​រាជទូត​ជប៉ុន​បាន​បន្តទៀតថា ក្រៅពី​ការបញ្ជូន​គ្រូឧទ្ទេស​ជំនាញ​ពី​ជប៉ុន មក​កម្ពុជា រាជរដ្ឋាភិបាល​ជប៉ុន ក៏មាន​គ្រោង​រៀបចំ​បញ្ជូន​គ្រូឧទ្ទេស​ជំនាញ​ពី​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ផ្ទាល់​តែម្ដង ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូឧទ្ទេស​កម្ពុជា លើ​ការអប់រំ​គរុ​សិស្ស​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ​។​

លោក​បណ្ឌិត​សភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​ផ្ដល់​ជំនួយ​ឥតសំណង​ជា​បន្តបន្ទាប់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​រួមចំណែក​ក្នុង​ការ​គាំទ្រ​កែលម្អ​គុណភាព​គ្រូបង្រៀន​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​ក្នុងការ​អភិវឌ្ឍ​គម្រោង​ផ្សេងៗ​។​

លោក​រដ្ឋមន្ត្រី​បានចាត់ទុក​ការ​កំណែទម្រង់​ការបណ្ដុះ​បណ្ដាល​គ្រូបង្រៀន​គឺជា​ចំណុច​អាទិភាព​របស់​ក្រសួង​។ ​ជាក់ស្តែង​ការបើក​ការដ្ឋាន​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី ក្រោម​ជំនួយ​ឥតសំណង​ពី​សំណាក់​រាជរដ្ឋាភិបាល​ជ​ប៉ុន​នេះ ​គឺ​ដើម្បី​ពង្រឹង​គុណភាព​គ្រូបង្រៀន ដែល​ជា​ការចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ។
ជាមួយ​គ្នា​នេះ​ដែរ​លោក​រ​ដ្ឋ​មន្ត្រី​បាន​ធ្វើការ​អំពាវនាវ​ដល់​ គរុ​សិស្ស​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជំនាញ​គ្រូបង្រៀន​នេះ បន្ថែម​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​ផ្ទាល់ខ្លួន​ផង និង​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​ជប៉ុន បានចាត់ទុក​ប្រទេស​កម្ពុជា គឺជា​ប្រទេស​គោលដៅ​ដ៏​សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍ​​វិស័យ​អប់រំ តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ថវិកា និង​ការសាងសង់​ផ្សេងៗ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​​ធនធានមនុស្ស​គ្រូបង្រៀន ឲ្យ​កាន់តែ​មាន​ភាព​សំបូរបែប និង កាន់តែ​មាន​ភាព​រីកចម្រើន ដើម្បី​ឈាន​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu