កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត នៅវេលាម៉ោង1និង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទ07 ខែឧសភា ឆ្នាំ2019 នៅលើផ្លូវជាតិលេខ6 ចន្លោះគីឡូម៉ែត្រលេខ70-71 នៅចំណុចខាងលិចរោងចក្រវ៉ាឡុង ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់នៅកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតរងរបួស។
លោកប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ2AB.2463អ្នក បើកបរមិនស្គាល់អត្តសញ្ញាណបើកពីលិចទៅកើត បុករថយន្តម៉ាកហ៊ិនដាយ ពាក់ស្លាកលេខកំពង់ចាម 3A.1218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកស្របទិសពីលិចទៅកើត(បុកពីក្រោយ)។ ជាមួយគ្នានោះដែរ រថយន្តនោះបានកៀររថយន្តម៉ាកហ៊ិនដាយពាក់ស្លាកលេខ ព្រះសីហនុ3A.3693 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណកំពុងឈប់។
លោកអធិការបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឲ្យស្លាប់មនុស្ស02នាក់ គឺ ៖
1-ឈ្មោះ ជឺ ទង ភេទស្រី អាយុ57ឆ្នាំ
2-ឈ្មោះធា ភេទប្រុស អាយុ25ឆ្នាំ ព្រមទាំងរបួសមនុស្ស02នាក់ ប្រុស គឺ (1-ឈ្មោះសីហា ភេទប្រុសអាយុ18ឆ្នាំ ទីលំនៅស្រុករវៀង ខេត្តព្រះវិហារ។ 2-ឈ្មោះគោ ភេទប្រុស អាយុ17ឆ្នាំ ទីលំនៅស្រុករវៀង ខេត្តព្រះវិហារ)។
លោកអធិការបានបញ្ជាក់ថា ចំណែករថយន្តបានខូចអស់03គ្រឿង ក្នុងនោះមាន01គ្រឿង ម៉ាកសាំយ៉ុង ខូចខាតធ្ងន់ ហើយវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ៕
Source: Kampuchea Thmey Daily
0 Comments