Ad Code

ស្ថាប័ន​បោះឆ្នោត​ទួរគី​បញ្ជា​ឲ្យ​រៀបចំ​ការបោះឆ្នោត​ក្រុង​អ៊ី​ស្តង់​ប៊ុល​ឡើងវិញ



ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ ស្ថាប័ន​បោះឆ្នោត​កំពូល​របស់​ប្រទេស​ទួរគី​បានចេញ​បញ្ជា​ឲ្យ​រៀបចំ​ឡើងវិញ​នូវ​ការបោះឆ្នោត​តំណែង​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​បន្ទាប់ពី​គណបក្ស​របស់លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​តវ៉ា​អំពី​បរាជ័យ​របស់ខ្លួន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ការបោះឆ្នោត​នេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកឈ្នះ​ក្នុងការ​បោះឆ្នោត​នេះ​គឺ​លោក Ekrem Imamoglu នៃ​គណបក្ស​សាធារណរដ្ឋ​ប្រជាមានិត (CHP) បាន​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​។​

លោក​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​រាប់ពាន់នាក់​នៅ​ជាយក្រុង​អ៊ី​ស្តង់​ប៊ុល​បន្ទាប់ពី​សេចក្តីសម្រេច​នេះ​ថា “​ពួកគេ​កំពុង​ព្យាយាម​យក​ការបោះឆ្នោត​ដែល​យើង​ឈ្នះ​ទៅវិញ​។ ប្រហែលជា​អ្នក​មិន​សប្បាយចិត្ត​ទេ​ប៉ុន្តែ​មិនដែល​បាត់បង់​ក្តីសង្ឃឹម​របស់​អ្នក​ឡើយ​”​។​

លោក Imamoglu បាន​ផ្តួល​បេក្ខជន​នៃ​គណបក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍ (AKP) ដែល​កំពុង​កាន់អំណាច​នៅក្នុង​ការបោះឆ្នោត​មូលដ្ឋាន​កាលពី​ថ្ងៃទី​៣១​ខែមីនា​ដើម្បី​គ្រប់គ្រង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ទួរគី​មួយ​នេះ​។​
​វា​គឺជា​ការ​ចាញ់ឆ្នោត​ដ៏​កម្រ​មួយ​សម្រាប់​លោក Erdogan​ទាំង​ខ្លួនឯង​ផ្ទាល់​ជា​អតីត​ចៅហ្វាយក្រុង​នេះ​។​

ប៉ុន្តែ​គណបក្ស AKP បាន​បដិសេធ​ទទួលយក​បរាជ័យ​នេះ​ដោយ​និយាយថា មាន​ភាពមិនប្រក្រតី​និង​អំពើពុករលួយ​នៅក្នុង​ការបោះឆ្នោត​នេះ​។​

លោក Imamoglu ទទួលបាន​ត្រឹមតែ​១៣,០០០​សំឡេង​ប៉ុណ្ណោះ​ប៉ុន្ដែ​ត្រូវបាន​គេ​បញ្ជាក់​បន្ទាប់ពី​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​រយៈពេល​២​សប្តាហ៍​កាលពី​ខែមេសា​។​

លោក Erdogan ធ្លាប់បាន​និយាយថា ជ័យជំនះ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​គឺ​ដូច​ជាការ​ឈ្នះ​ប្រទេស​ទាំងមូល​អញ្ចឹង​។​

ការ​ចាញ់​តំណែង​អភិបាល​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​រួមជាមួយ​ការបរាជ័យ​យ៉ាងខ្លាំង​មួយទៀត​នៅក្នុង​រដ្ឋធានី​អង់កា​រ៉ា​បាន​ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ​ជាទូទៅ​ទៅលើ​សេដ្ឋកិច្ច​ដែល​កំពុង​យ៉ាប់យ៉ឺន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu