Ad Code

ទុសេ្ស​ខ្សែកាប​ភ្លើង​ធំ​ បញ្ជូន​ចរន្ត​អគ្គិសនី ផ្ទុះ​កង់​១២គ្រាប់ លាន់​ដូច​រន្ទះ តៃកុង​ខំ​បើកទ្វារ​ឡាន​ លោត​ចេញ​​ក្រៅ អកុសល​ឆក់​ធ្លាក់​ផ្កាប់​មុខ​ស្លាប់​



​រតនគិរី​ ៖ ករណី​គួរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​និង​ភ័យខ្លាច​ទាំង​កណ្តាលយប់ ខណៈ​មាន​ហេតុការណ៍​ទុសេ្ស​ខ្សែកាប​ភ្លើង​ធំ​បញ្ជូន​ចរន្តអគ្គិសនី​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០១៩​បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ម្នាក់​មានឈ្មោះ​ថូ រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១(​ក្រុម​តា​ស៊ុយ​)​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ និង​ផ្ទុះ​កង់​រថយន្ត​អស់​ចំនួន​១២​គ្រាប់​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា មុនពេល​កើត​ហេតុ​ តៃកុង​រថយន្ត​ខាងលើ​ បានរៀបចំ​ចត​រថយន្ត​របស់​ខ្លួន​នៅ​ចំហៀង​ផ្ទះ​ ហើយ​បាន​ចូលទៅ​ដេក​នៅក្នុង​កាប៊ី​ន​រថយន្ត​ មួយសន្ទុះ​ក្រោយមក​ ក៏​ស្រាប់តែ​មានការ​ទុសេ្ស​ខ្សែកាប​ធំ​បញ្ជូន​ចរន្តអគ្គិសនី​ដាច់​ខ្សែកាប​ធំ​នោះ​ធ្លាក់​មកលើ​រថយន្ត​ ហើយ​ចុង​ខ្សែ​ធ្លាក់​ដល់​ដី​ ប៉ះ​នឹង​កង់​រថយន្ត​ បណ្តាល​ឲ្យ​ផ្ទុះ​កង់​អស់​ចំនួន​១២​គ្រាប់​លាន់​រំពង​ដូច​គ្រាប់បែក​ទាំង​កណ្តាលយប់ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​និង​ភ័យខ្លាច​ស្លន់ស្លោ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​នោះ​រត់​ចែក​ជើង​គ្នា​។​

ប្រភព​បាន​បន្តទៀតថា ក្រោយពី​ផ្ទុះ​កង់​រថយន្ត​ តៃកុង​រថយន្ត​ខាងលើ​ក៏បាន​បើកទ្វារ​លោត​ចេញ​មក​ក្រៅ ​ក៏ប៉ុន្តែ​ស្របពេលនោះ​ដៃ​តៃកុង​ប៉ះ​ទៅ​នឹង​ដែក​ទ្វា​រ​ រថយន្ត​ បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​រថយន្ត​ផ្កាប់​មុខ​មក​ដី​ស្លាប់ៗ​នៅ​នឹង​កន្លែងកើតហេតុ​នោះ​តែម្តង​។​

ក្រោយ​កើតហេតុ​ គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ចំនួន​២​គ្រឿង​ និង​រថយន្ត​របស់​អធិការ​ស្រុក​អូរ​ជុំ​ចំនួន​១​គ្រឿង​ ដើម្បី​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់ ហើយ​ក្នុងនោះ​ក៏មាន​មន្ត្រី​ខាង​អគ្គិសនី​ចុះទៅពិនិត្យ​ និង​បិទ​ចរន្តអគ្គិសនី​ផង​ដែរ​។​

​​ក្នុងនោះ​ ក៏មាន​រថយន្ត​សាមុយ​របស់​ស្នងការ​ខេត្ត​ បានមក​ដឹក​ជនរងគ្រោះ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ ប៉ុន្តែ​ជា​អកុសល​ ខាង​មន្ទីរពេទ្យ​បាន​ប្រាប់ថា​ ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

ទាក់ទង​ទៅ​នឹង​ករណី​ខាងលើ​ផងដែរ ប្រធាន​អគ្គិសនី​ខេត្តរតនគិរី​មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​រឿងនេះ​បាន​ទេ​ ព្រោះ​អ្នកសារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​ផ្នែក​រដ្ឋបាល ​និង​មន្ត្រី​អគ្គិសនី​មួយទៀត ប៉ុន្តែ​ពួកគាត់​ដូចជា​មានការ​លាក់លៀម ​ហើយ​ឆ្លើយ​ថា ​អត់​ស្គាល់​លេខ​មេ​ទេ​។​

ចំណែក​ក្រុមគ្រួសារ ​នៃ​សព​របស់​ជនរងគ្រោះ​ បាន​សូម​អំពាវនាវ​ដល់​លោក​ប្រធាន​អគ្គិសនី​ខេត្ត​រតនគិរី ​គួរតែ​ចេញមុខ​ទទួលខុសត្រូវ​ក្នុង​ករណី​ទុសេ្ស​ដាច់​ខ្សែកាប​បញ្ជូន​ចរន្តអគ្គិសនី​ផង​ មិនគួរ​គេចវេះ​នោះទេ ព្រោះថា​ហេតុការណ៍​ខាងលើនេះ​ វា​បណ្តាលមកពី​ទុសេ្ស​ខ្សែកាប​ភ្លើង​ធំ​របស់​អគ្គិសនី​ទេ ​ដែល​បាន​ដាច់​ធ្លា​ក់​មក​ប៉ះ​នឹង​រថយន្ត​របស់គាត់​ដែល​ចត​ទុក​ស្ងៀម​នៅក្បែរ​ផ្ទះ​ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ និង​រថយន្ត​យ៉ាង​ដូច្នេះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu