Ad Code

ក្រុម​អ្នកចរចា​ចិន​នៅតែ​បន្ត​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ទោះបី​មាន​រង​សម្ពាធ​ពន្ធ​របស់​ត្រាំ​ក៏ដោយ​



ប្រទេស​ចិន​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​និយាយ​ថា ខ្លួន​នឹង​បន្ត​ផែនការ​បញ្ជូន​ក្រុម​អ្នកចរចា​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​កិច្ចចរចា​ពាណិជ្ជកម្ម ទោះបី​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ​បាន​ប្ដេជ្ញា​ថា​នឹង​ដំឡើង​ពន្ធ​នៅ​ចុង​សប្ដាហ៍​នេះ ដែលជា​ការគំរាមកំហែង​មួយ​អាច​នាំ​ឱ្យ​ទីផ្សារ​ភាគហ៊ុន​ឈាន​ទៅដល់​ភាព​វឹកវរ​។

លោក​ត្រាំ​បាន​ធ្វើ​ឱ្យ​បញ្ហា​កាន់តែ​ក្ដៅ​ឡើង​ស្រប​ពេល​ដែល​ក្រុម​អ្នកចរចា​បាន​ត្រៀមខ្លួន​ជួប​លោក​ក្នុង​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​សម្រាប់​អ្វី​ដែល​ត្រូវ​បាន​ចាត់ទុកជា​ជុំ​សំខាន់​ចុងក្រោយ​សម្រាប់​ការចរចា​ទាំងឡាយ​ដើម្បី​ឈាន​ទៅដល់​កិច្ចព្រមព្រៀង​ឬ​បង្ក​ឱ្យ​ភ្លើង​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះឡើង​។

​លោក​ត្រាំ​បាន​សរសេរ​នៅ​លើ Twitter កាលពី​ថ្ងៃអាទិត្យ​ថា "​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នឹង​នៅតែ​បន្ត​ប៉ុន្តែ​យឺត​ពេក​ពេល​ដែល​ពួកគេ​មានបំណង​ចរចា​ម្ដងទៀត​គឺ​អត់​ទេ​!” ​មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​និយាយ​ថា​ពន្ធ​ប្រមាណ​២០០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​ចិន​នោះ​នឹង​ត្រូវ​ដំឡើង​បន្ថែម​ទៀត​ពី​១០% ទៅ​២៥% ក្នុង​ថ្ងៃ​សុក្រ​នេះ​។​សហរដ្ឋអាមេរិក​បាន​អនុវត្ត​ការដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​២៥% លើ​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​របស់​ចិន​ដែល​មាន​តម្លៃ​៥០​ពាន់​លាន​ដុល្លារ​រួចមក​ហើយ​។

​លោក​ត្រាំ​ក៏បាន​បន្ត​ការ​គំរាមកំហែង​សាជាថ្មី​ដើម្បី​ដាក់​ពន្ធ​លើ​ការ​នាំចូល​ទាំងអស់​របស់​ចិន​មកកាន់​សហរដ្ឋអាមេរិក​ដែល​មាន​តម្លៃ​៥៣៩,៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំទៅ​។​ ​ទោះបី​ការ​បង្ហោះ​ដ៏​បង្ក​ជា​ព្យុះភ្លៀង​របស់​លោក​ត្រាំ​លើ​បណ្ដាញ​សង្គម Twitter ក្ដី​អ្នកនាំពាក្យ​ក្រសួងការបរទេស​របស់​ចិន​លោក ​Geng Shuang បាន​និយាយ​ថា​ភាគី​ចិន​បាន​ត្រៀមខ្លួន​ដើម្បី​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​កិច្ចចរចា​ហើយ​ប៉ុន្តែ​លោក​មិនបាន​ឱ្យ​ដឹង​ទេតើ​ពេលណា​ឬ​ថា​តើ​អ្នកចរចា​កំពូល​លោក Liu He ជា​អ្នកដឹកនាំ​គណៈប្រតិភូ​ឬ​យ៉ាងណា​នោះ​ទេ​។​ ​លោក​Geng​បាន​និយាយ​ថា​ដំណើរការ​ដ៏​វិជ្ជមាន​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចចរចា​ជាន់ខ្ពស់​១០​លើក​ហើយ​ពិភពលោក​ទាំងមូល​កំពុង​តាមដាន​រឿង​នេះ​៕AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu