Ad Code

យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ចំនួន​១៤០​នាក់ ទទួល​បាន​ជើង​សិប្បនិម្មិត ពី​សមាគម​ត្រកូល លីម កម្ពុជា​



ភ្នំពេញ​ ៖​ សមាគម ​ចិន​ត្រកូល​លីម​កម្ពុជា បាន​ការ​សហការ​គាំទ្រ ពី​មូលនិធិ​ជើង​សិប្បនិម្មិត​របស់​ម្ចាស់ក្សត្រី​ថៃ ផ្តល់ជូន​ជើង​សិប្បនិម្មិត ដល់​យោធិន​ពិការ​ចំនួន​១៤០​នាក់ មកពី​មណ្ឌល​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ នៅ​ទីស្នាក់ការ សមាគម​ចិន ត្រកូល លីម កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៨​។​

កម្មវិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី​ជំទាវ​ឧកញ៉ា លីម ឈីវហូរ និង​ក្រុមគ្រួសារ សមាគម ត្រកូល​លីម រួមជាមួយ​បងប្អូន យោធិន​ពិការ​ផងដែរ​។​

លោកស្រី​ជំទាវ​ឧកញ៉ា លីម ឈីវហូរ ប្រធានកិត្តិយស សមាគម​ចិន ត្រកូល លីម បាន​ថ្លែងថា សមាគម​ចិន ត្រកូល​លីម បង្កើតឡើង​តាំងពី​ឆ្នាំ​២០០១ រហូតមកដល់​បច្ចុប្បន្ន មាន​រយៈពេល​៨​ឆ្នាំ​មកហើយ ក្នុងនោះដែរ ក៏មាន​សកម្មភាព​ជាច្រើន​ចូលរួម​ជួយ​ដល់​សង្គមជាតិ និង​ចូលរួម​បណ្តុះ​គំនិត យុវជន​ជំនាន់​ក្រោយ​ត្រកូល​លីម ចងក្រង​ជា​ក្រុម រៀនសូត្រ នូវ​ចំណេះវិជ្ជា បទពិសោធន៍​ការងារ សម្រាប់​ត្រៀមខ្លួន​បន្តវេន ក្នុង​សមាគម​នា​ថ្ងៃ​អនាគត​។​

លោកស្រី​ជំទាវ​ឧកញ៉ា បន្តថា តាមរយៈ​កម្មវិធី​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រោម​ការដឹកនាំ ដ៏​ឈ្លាសវៃ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើអោយ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន មានការ​អភិវឌ្ឍ ​សុខ​សន្តិភាព នៅ​ទូទាំង​ប្រទេស​គ្មាន​អ្វី​ក្រ​ឡៃ​បានឡើយ​។​

ដោយឡែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​មា​ប្រសាសន៍​ថា នេះ​ជា​លើកដំបូង​ហើយ ដែល​ភាគី​ពាក់ព័ន្ធ ខាងលើ បាន​សហការ​គ្នា​ផ្តួចផ្តើម​គំនិត​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ជួយឧបត្ថម្ភ​គាំទ្រ និង​ជួយ​សម្រាល​ការ​លំបាក​ដល់​យោធិន​ពិការ នៃ​មណ្ឌល​យោធិន​ពិការ ៣១៧​តេ​ជោ​ភ្នំ​ឆ័​ត្រ ក៏ដូចជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដល់ ជន​បាត់បង់​សមត្ថភាព​ការងារ ហើយ​កម្មវិធី​នេះ ក៏​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ផងដែរ​។​
លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បន្តថា តប​ការ​ស្នើ​​សុំ សមាគម​ចិន​ត្រកូល​លីម បាន​សហការ​ជាមួយ​មូលនិធិ ជើងសិប្បនិម្មិត របស់​ម្ចាស់​ក្ស​ត្រី​ថៃ បានរៀបចំ​នូវ​កម្មវិធី​បរិច្ចាគ​ជើង សិប្បនិម្មិត ដល់​យោធិន ចំនួន​១៤០​នាក់ ការបរិច្ចាគ​ជើងសិប្បនិម្មិត​នេះ សរុប​១៥០​គ្រឿង ជើង​ធម្មតា ១៤០​គ្រឿង និង​ជើង​សម្រាប់ធ្វើ​ស្រែចំការ ចំនួន​១០​គ្រឿង ហើយ​រយៈពេល​នៃ​ការផ្តល់ជូន​នេះ មាន​ចំនួន​៧​ថ្ងៃ លោក​សង្ឃឹមថា​យោធិន​ពិកា​ដែល​ទទួលបាន​ជើងសិប្បនិម្មិត​នេះ យកទៅ​ប្រើប្រាស់​តាម​តម្រូវកា​របស់ខ្លួន ដើម្បី​រីកចម្រើន​ក្នុង​គ្រួសារ និង​ប្រទេសជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu