Ad Code

ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ជិះ​គេច​ខ្លួន​ទៅ​បុក​ម៉ូតូ​កង់​បី​ ធ្លាក់​ជន​សង្ស័យ​ម្នាក់​ ប៉ូលិស​ចាប់​ដាក់​ខ្នោះ



ភ្នំពេញ ​៖​ យុវជន​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​យុវជន​ម្នាក់​នេះ​ និង​បក្ខពួក​៥​នាក់​ទៀត ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច តែ​វាសនា​មិនល្អ នៅពេល​ជិះ​គេចខ្លួន​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី បណ្តាលអោយ​ធ្លាក់​ពីលើ​ម៉ូតូ ទើប​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​តែម្តង។

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១៦​និង​៣៥ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវ​លេខ​១៩៨៦ ក្រុម​ទី​២ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ លេខ​១៥ ផ្លូវ​លេខ​៣២៧ កែង​ផ្លូវ​លេខ ៥៩៦ ក្រុមទី​១៣​ភូមិ​៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ ឈ្មោះ សេង ចាន់​ថេ​ន ហៅ ថេ​ន ភេទ​ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ សិស្ស​ថ្នាក់​ទី​១១B​សាលា​មណ្ឌល​អង្ក​ការ S.O.S ស្នាក់នៅ​ផ្ទះ​ជួល​មិន​ស្គាល់​លេខ​ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង​ ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ​(​អង្គការ​ជួល​អោយ​ស្នាក់​នៅ។ ចំណែក​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល ២៦​ឆ្នាំ ជនជាតិខ្មែរ ជិះ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ Scoopy ពណ៌ ស មិន​ចាំ​ស្លាក​លេខ។ មិនបាន​បាត់បង់​សម្ភារ:​នោះ​ទេ​។​

មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក​បាន​អោយដឹង​ថា នៅ​មុន​ពេល​កើតហេតុ ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​១៦​និង​៣៥​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចំនួន ០១​គ្រឿង​ម៉ាក​ Scoopy​ពណ៌ ស មិន​ចាំ​ស្លាក​លេខ ដោយ​ជិះ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣២៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​មកដល់​ចំណុច​ផ្លូវ​លេខ​៥៩៦ កែង​៣២៧ ជនសង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន និង​បក្សពួក​ចំនួន​០៥​នាក់ ជិះ​ម៉ូតូ ០៣​គ្រឿង ក្នុង​នោះ​ជនសង្ស័យ​ជិះ​ម៉ូតូ ០១​គ្រឿង​ ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០៨ មាន​ស្លាក​លេខ​តែ​មិន​ចាំ​អង្គុយ​ពី​ខាងក្រោយ អ្នកបើក​ឈ្មោះ អា រ៉ា ហៅ​មាន់ ភេទ​ប្រុស អាយុ​ប្រហែល ១៧​ឆ្នាំ បាន​ជិះ​ចូលមក​អែបជិត​ពី​ខាងឆ្វេង​ដៃ​ជនរងគ្រោះ​រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ​ដែល​កំពុង​កាន់​ទូរស័ព្ទ​នៅ​ដៃ​ឆ្វេង រីឯ​បក្សពួក​ឈ្មោះ ព្រុំ​ដេវីត ភេទ​ប្រុស អាយុ​ប្រហែល ១៨​ឆ្នាំ ជាមួយ​ឈ្មោះ ផល​និ​ស័​យ ទេវ​: ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ ជិះ​ម៉ូតូ​០១ គ្រឿង ម៉ាក Honda C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ ២០១៥​មាន​ស្លាក​លេខ​តែ​មិន​ចាំ និង ឈ្មោះ អ៊ុក សុ​ផានិត ភេទ ប្រុស​អាយុ​ប្រហែល​១៨​ឆ្នាំ និង ឈ្មោះ អា រី ភេទ​ប្រុស​អាយុ​ប្រហែល ១៥​ឆ្នាំ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​Honda C110 សង់​ប៉ិច ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២មាន​ស្លាក​លេខ​តែ​មិន​ចាំ ជា​អ្នក​បិទគូថ តាម​ពី​ក្រោយ។ ក្រោយ​ពេលធ្វើ​សកម្មភាព ឆក់​បាន​សម្រេច ជនសង្ស័យ ឈ្មោះ អា រ៉ា និង សេង ចាន់​ថេ​ន បាន​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែងកើតហេតុ​តាមផ្លូវ​លេខ​៥៩៨ បញ្ច្រាសទិស​បត់​ទៅដល់​ចំណុច​ផ្លូវ​លេខ ៥៩៨ កែង​និង​ផ្លូវ លេខ​១៩៨៦ ក្រុមទី​២ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ក៏បាន​ជ្រុល​ទៅបុក​នឹង ម៉ូតូ​ឡាំប្រឺតា​ឥណ្ឌា បណ្តាលអោយ​ដួល​ធ្លាក់​ជនសង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន ត្រូវបាន​ជន​រងគ្រោះ​ដេញតាម​ពីក្រោយ​សហការ​ជាមួយ​សមត្ថកិច្ច​​​ឃាត់ខ្លួន​បាន ដោយ​ជនរងគ្រោះ​បាន​យក​ទូរស័ព្ទ​របស់ខ្លួន​បានមក​វិញ​រួច​ជិះ​ម៉ូតូ​បន្ត​ដំ​ណើ​រ​ទៅ​បាត់​ដោយ​មិន​ដាក់ពាក្យ​ប្តឹង ចំណែក​ជន​សង្ស័យ​ឈ្មោះ អា​រ៉ា ក៏បាន​លើក​ម៉ូតូ​បើក​គេចខ្លួន​បាត់​ដែរ​។​

ក្រោយពេល​ឃាត់ខ្លួន​ប៉ូលិស​បាន​យក​ទឹកនោម​ជនសង្ស័យ​ឈ្មោះ សេង ចាន់​ថេ​ន ទៅពិនិត្យ​ដើម្បី​ស្វែងរក​សារធាតុ​ញៀន ជា​លទ្ធផល​អវិជ្ជមាន​គ្មាន​សារធាតុ​ញៀន។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០១​នាក់ ឈ្មោះ សេង​ចាន់​ថេ​ន កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខ​ណ្ឌ​ទួលគោក ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu