ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី បន្តឈរកំពូលកំពូលតារាង ២សប្ដាហ៍ជាប់គ្នានៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ដែលរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈក្រុមវេស្ទើនភ្នំពេញ វិញនៅមិនទាន់ស្គាល់ជ័យជម្នះទាល់តែសោះរយៈពេល៩ប្រកួតមកនេះ។
សរុបលទ្ធផលប្រចាំសប្ដាហ៍ទី៩ នេះមាន នៅថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៨ក្រុមអង្គថាយហ្គឺរ ស្មើគ្នាជាមួយក្រុមសូលទីឡូអង្គរ ០ទល់០ លើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយក្រុមវិសាខា ឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ៣ទល់២ លើទីលានកីឡដ្ឋានវេស្ទើន និងក្រុមភ្នំពេញក្រោន ចាញ់ក្រុមបឹងកេត ៣ទល់២ លើទីលានកីឡដ្ឋាន RSN Stadium។ ចំណែកនៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា វិញក្រុមអាស៊ីអឺរ៉ុប ឈ្នះក្រុមវេស្ទើនភ្នំពេញ ៦ទល់១ លើទីលានកីឡដ្ឋាន AEU Park ហើយក្រុមក្រសួងការពារជាតិ ឈ្នះក្រុមអគ្គីសនីកម្ពុជា ៤ទល់០ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ចាញ់ណាហ្គាវើល ៤ទល់២ លើទីលានពហុកីឡដ្ឋានជាតិ។
សរុបចំណាត់ថ្នាក់ត្រឹមសប្ដាហ៍ទី៩ នេះឃើញថាក្រុមបឹងកេត ឡើងឈរកំពូលតារាង មាន២៣ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ ណាហ្គាវើល មាន២២ពិន្ទុ។ ក្រុមលេខ៣គឺវិសាខា មាន១៩ពិន្ទុ ហើយក្រុមលេខ៤ក្រសួងការពារជាតិ មាន១៥ពិន្ទុ ខណៈក្រុមលេខ៥ ភ្នំពេញក្រោន មាន១៤ពិន្ទុស្មើគ្នាជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ តែឈ្នះតែមត្រង់ Head to Head។ ក្រុមលេខ៧គឺអាស៊ីអឺរ៉ុប មាន១២ពិន្ទុ ក្រុមលេខ៨ អង្គរថាយហ្គឺរ មាន១១ពិន្ទុ។ ព្រះខ័នរាជស្វាយរៀង ឈរលេខ៩ មាន១១ពិន្ទុ ស្មើគ្នា ហើយក្រុមលេខ១០ សូលទីឡូអង្គរ មាន៨ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១ មាន៤ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មិនទាន់មានពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះនឹងប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និងពានរង្វាន់ Singapore Cup ជាដើម។
សម្រាប់កម្មវិធីប្រកួតបន្ទាប់សប្តាហ៍ទី១០ នឹងបន្តធ្វើនៅចុងសប្ដាហ៍នេះថែមទៀតដោយនៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៦:៣០នាទីល្ងាចលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ខណៈក្រុមអាស៊ីអឺរ៉ុប ទទួលក្រុមព្រះខ័នរាជស្វាយរៀង លើទីលានកីឡដ្ឋាន AEU Sport Park វេលាម៉ោង៣រសៀល និងក្រុមក្រសួងការពារជាតិ ប៉ះក្រុមសូលទីឡូអង្គរ នៅម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់។
ចំណែកនៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា វិញក្រុមវិសាខា ប៉ះបឹងកេត វេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានវេស្ទើន ហើយក្រុមភ្នំពេញក្រោន ទទួលអគ្គីសនីកម្ពុជា វេលាម៉ោង៦ល្ងាចនិងក្រុមណាហ្គាវើល ជួបវេស្ទើនភ្នំពេញ វេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ៕
Source: Kampuchea Thmey Daily
0 Comments