ភ្នំពេញ ៖ នារីវ័យក្មេងជនជាតិវៀតណាម ម្នាក់ សង្ស័យមានវិបត្តិធ្ងន់ធ្ងរដោះស្រាយមិនចេញ លោតពី លើអគារ ខុនដូរ DE CASTLE Royal ផ្លូវលេខ២៩៤ ភូមិ៤ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន ជាន់ទី២៩ មកក្រោម មុខច្រកចូល បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃអាទិត្យ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចខុនដូរ DE CASTLE Royal នៅតាមផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រជាពលរដ្ឋនៅក្បែរនោះបាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងអង្គុយ នៅមុខផ្ទះ ក៏ឮ ធ្លាក់អ្វីពីលើ អគារ DE CASTLE Royal លាន់ ដូចផ្ទុះកង់ឡាន គាត់ក៏ក្រឡេកមើលទៅឃើញនារីម្នាក់ ដេកស្លាប់នៅមុខ អគារ ឈ្មោះ DE CASTLE Royal ធ្វើពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួចក៏រាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន។ ចំពោះសពនារីវ័យក្មេង ដែលធ្លាក់ ពីលើអគារស្លាប់នោះ គឺបាក់ដៃបាក់ជើង និងធ្លាយពោះវៀនគួរឲ្យរន្ធត់។
សមត្ថកិច្ចនៅមិនទាន់ដឹងថា ជាករណីអ្វីឲ្យ ប្រាកដនៅឡើយទេ ប៉ុន្តែជំហានដំបូងសមត្ថកិច្ចដាក់ការសន្និដ្ឋាន ថា អាចជា ករណី អត្តឃាត ដោយសារមានវិបត្តិអ្វីមួយ ក៏លោតសម្លាប់ ខ្លួន តែទោះបីជាយ៉ាងណា កម្លាំង ជំនាញ និងសមត្ថកិច្ចមូលដ្ឋានកំពុងតែធ្វើការសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យមើលកន្លែងកើតហេតុដើម្បីបញ្ជាក់ថា ករណីនេះមានពាក់ព័ន្ធជាមួយនឹងរឿងអ្វីឲ្យប្រាកដ។
សមត្ថកិច្ចបានឲ្យដឹងថា សព មានឈ្មោះ ហ្វៀង ធីជុប ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះជនជាតិ វៀតណាម ស្នាក់នៅ ពីជាន់ទី២៩ បន្ទប់លេខ:៧។ មូលហេតុបណ្តាលឲ្យស្លាប់ខាងជំនាញ កំពុងពិនិត្យ និងស្រាវបន្ត បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕
Source: Kampuchea Thmey Daily
0 Comments