Ad Code

អ្នករាយការណ៍ អសប ចូលរួម​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ខួប​លើក​ទី​១៣៣ នៅ​កម្ពុជា



ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ ដែល​ជា​ទិវា​ពលកម្ម​អន្តរជាតិ ខួប​លើក​ទី​១៣៣ សហព័ន្ធ សហជីព កម្មករ និយោជិត បាននាំ​គ្នា​ប្រារព្ធ​ទិវា​នេះ​យ៉ាង​គ្រឹក​គ្រេង តាម​ទីតាំង​ផ្សេងៗ​គ្នា និង​តាមរបៀប​ផ្សេងៗ​គ្នា ដោយ​សហព័ន្ធ សហជីព កម្មករ និយោជិត មួយចំនួន​បាន​នាំ​គ្នា​ជួបជុំ​សម្តែង​មតិ ហែ​ជា​ក្បួន ទាមទារ​លើ​បញ្ហា​មួយចំនួន ដែល​ពួកគេ​យល់ថា ជា​ចំណុច​ខ្វះខាត​សម្រាប់​ពួកគេ ហើយ​មួយ​ចំនួន​ទៀត ក៏បាន​នាំគ្នា​ជួបជុំ រាំ​លេង​កម្សាន្ត​សប្បាយ ហើយ​នៅក្នុង​ឱកាស​នោះ​ដែរ គេ​ក៏​ឃើញ​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ចូលរួម​ផងដែរ​។



នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នេះ លោកស្រី Rhona Smith បាន​ចូលរួម​ចំនួន​២​កន្លែង​ផ្សេងគ្នា គឺ​ទីមួយ នៅ​ចំណុច​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​នៅ​ទីនោះ ដឹកនាំ​រៀបចំ​ដោយ​សហភាព​ការងារ​កម្ពុជា របស់​លោក អាត់ ធន់ និង​ទី​ពីរ នៅ​ទីលាន​ប្រជាធិបតេយ្យ (​ខណ្ឌ​ឫស្សី​កែវ​) ដែល​នៅ​ទីនោះ រៀបចំ​ដោយ​សហភាព​សហជីព​ក​ម្ពុ​ជា របស់​លោក រ៉ុង ឈុន និង​មានការ​ចូលរួម​ពី អង្គការ សមាគម មួយចំនួនទៀត​។



លោកស្រី Rhona Smith បាន​ថ្លែង​នៅក្នុង​ឱកាស​នោះ​ថា នេះ​ជា​រឿង​មួយ​ល្អ ដែល​កម្មករ សហជីព បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ដែល​ជា​ការចូលរួម​ក្នុង​វិស័យ​កម្មករ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី​បន្ត​ថា ទិវា​ពលកម្ម​អន្តរជាតិ​ជា​រឿង​មួយ​សំខាន់​ណាស់ ដែល​បាន​រៀបចំឡើង​នៅ​ពេល​នេះ​។ គ្រប់​កម្មករ និយោជក​ទាំងអស់​មាន​សិទ្ធិ​ចូលរួម​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​វិស័យ​ការងារ ហើយ​គ្រប់​កម្មករ​ទាំងអស់ ត្រូវ​បាន​ទទួល​ប្រាក់បៀវត្ស​ត្រឹមត្រូវ​តាម​ការងារ​របស់ខ្លួន​។ ជាមួយគ្នា​នោះ គ្រប់​កម្មករ​ទាំងអស់ ក៏មាន​សិទ្ធិ​ចូលរួម​នៅក្នុង​ការចរចា​ជាមួយ​និយោជក អំពី​ប្រាក់បៀវត្ស​សមរម្យ​។



សូម​រំលឹក​ថា នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ០១ ខែឧសភា ខួប​លើក​ទី​១៣៣ នេះ សហភាព​ការងារ​កម្ពុជា បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ លើកកម្ពស់​លក្ខខណ្ឌ និង​ប្រាក់​ឈ្នួល​សមរម្យ សម្រាប់​កម្មករនិយោជិត​គ្រប់​វិស័យ ដោយមាន​ការចូលរួម​ពី សហព័ន្ធ សហជីព សមាគម ចំនួន​០៨ មកពី​វិស័យ​កាត់ដេរ ទេសចរណ៍ សំណង់ ឧស្សាហកម្ម កសិករ កសិកម្ម ដឹកជញ្ជូន និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​អង្គ​ដៃគូ​ជាតិ អន្តរជាតិ យ៉ាងច្រើន​។ ដែល​កម្មវិធី​នេះ បាន​ចាប់​ផ្តើម​ជួបជុំគ្នា ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​១០​កន្លះ​ព្រឹក ដោយមាន​ការលើក​បដា និង​ហែ​ក្បូន នៅមុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​ចំនួន ២០​ចំណុច ដែល​មាន​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​, សេវាកម្ម​របប​សន្តិសុខ​សង្គម​, សុវត្ថិភាព​នៅ​កន្លែង​ការងារ​, ទម្លាក់​ចោល​បណ្តឹង​ទាំងអស់​ប្រឆាំង​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករនិយោជិត​, បញ្ឈប់​ការប្រើប្រាស់​កិច្ចសន្យាការងារ​ខ្លីៗ​, បង្កើត​តុលាការ​ការងារ និង​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន និង​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា​ធ្វើអំពើ​ទុច្ចរិត​ជាច្រើន​មក​លើ​កម្មករ​ជាដើម​។



ចំណែក​នៅ​ទីលាន​ប្រជាធិបតេយ្យ (​ខណ្ឌ​ឫស្សី​កែវ​) ដែល​រៀបចំ​ដោយ​សហភាព​សហជីព​កម្ពុ​ជា របស់​លោក រ៉ុង ឈុន នោះ ក្រោម​ប្រធានបទ “​ស្ថានភាព​ការងារ​នៅ​កម្ពុជា​” ហើយ​នៅ​ទីនោះ វាគ្មិន​ដែល​បាន​ឡើង​ថ្លែង​ចំណាប់​អារម្មណ៍​សុទ្ធតែ​បាន​លើក​ឡើង​ពី​បញ្ហា​មួយចំនួន ដែល​ពួកគេ​អះអាង​ថា ជា​តម្រូវការ​ចាំ​បាច់​របស់​អង្គការ សមាគម និង​កម្មករ និយោជិត​នៅ​ប្រទេស​កម្ពុជា៕









Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu