នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានសម្លឹងទៅរកគូប្រជែងរបស់ខ្លួនកាលពីថ្ងៃពុធបន្ទាប់ពីរួចផុតទាំងប្រផិតប្រផើយពីការបោះឆ្នោតសម្តែងទំនុកចិត្តមួយដែលបង្កឡើងដោយការបរាជ័យកិច្ចព្រមព្រៀង Brexit របស់លោកស្រីនៅក្នុងសភា។
បន្ទាប់ពីមានភាពច្របូកច្របល់អស់រយៈពេល២៤ម៉ោង លោកស្រីបានទទួលស្គាល់ថា លក្ខខណ្ឌចាកចេញដែលលោកស្រីបានឈានដល់ជាមួយសហភាពអឺរ៉ុបគឺត្រូវបានច្រានចោលទាំងស្រុងប៉ុន្តែលោកស្រីបានប្តេជ្ញាថានឹងធ្វើការដើម្បីស្វែងរកជម្រើសផ្សេងទៀត។
លោកស្រី May បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ជនរួមជាតិនៅពេលល្ងាចថា “ពេលនេះសមាជិកសភាបានបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលពួកគេមិនចង់បាន យើងទាំងអស់គ្នាត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើតនូវអ្វីដែលសភាចង់បាន”។
កាលពីថ្ងៃអង្គារ សមាជិកសភាបានធ្វើឲ្យលោកស្រីនាយករដ្ឋមន្ត្រីជួបប្រទះបរាជ័យធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើបរបស់ចក្រភពអង់គ្លេសដោយសារតែការបដិសេធកិច្ចព្រមព្រៀងចាកចេញជាមួយសំឡេងឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើល៤៣២ទល់នឹង២០២។
ក៏ប៉ុន្តែ លោកស្រី May បានទទួលជ័យជម្នះមកវិញកាលពីរាត្រីថ្ងៃពុធនៅក្នុងការបោះឆ្នោតសម្តែងទំនុកចិត្តមួយដែលបង្កឡើងដោយគណបក្សប្រឆាំងគឺគណបក្សពលករដែលជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ។ ជាលទ្ធផល លោកស្រី May បានឈ្នះសំឡេង៣២៥ទល់នឹង៣០៦។
លោកស្រីបានកំណត់កាលវិភាគមួយនៃកិច្ចពិភាក្សាអន្ដរភាគីដែលបានចាប់ផ្តើមភ្លាមៗជាមួយនឹងកិច្ចប្រជុំជាមួយគណបក្សជាតិនិយមស្កុតឡេន គណបក្សជាតិនិយមវេលស៍និងមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីដែលគាំទ្រសហភាពអឺរ៉ុប។
លោកស្រីបានប្រាប់រដ្ឋសភាពីមុនថា “យើងត្រូវតែស្វែងរកដំណោះស្រាយដែលអាចចរចារនិងបញ្ជាឲ្យមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភា”។
ទោះបីជាយ៉ាងណាក៏ដោយ បណ្តាមេដឹកនាំគណបក្សប្រឆាំងបានដាក់ចេញនូវបញ្ជីមួយនៃការទាមទារសម្រាប់កិច្ចសហប្រតិបត្តិការរួមទាំងការពិភាក្សាពន្យារ Brexit ឲ្យលើសពីថ្ងៃទី២៩ខែមីនានិងការបដិសេធនូវលទ្ធភាពដែលថា ប្រទេសអង់គ្លេសនឹងត្រូវចាកចេញដោយគ្មានកិច្ចព្រមព្រៀងណាមួយផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments