ព្រះវិហារ ៖ លោក ម៉ប់ ធីរិត អតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ជំនួស លោក សេង សារី ដែល បានចូលនិវត្តន៍។ ពិធីប្រកាសចូលកាន់ មុខតំណែង បានប្រព្រឹត ទៅនៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពី របាយការណ៍រីកចម្រើន និងសមិទ្ធផល នានារបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលអាន ដោយ លោក សេង សារី អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ រួចមក លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លេខ ១៩៩/១៨ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្រេចប្រកាសតែងតាំង លោក ម៉ប់ ធីរិត មន្ដ្រីក្របចណ្ឌ ក .២ .១ បច្ចុប្បន្នជា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ទៅជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជំនួស លោក សេង សារី ដែល បានចូលនិវត្តន៍។
លោក ម៉ប់ ធីរិត ដែលទើបនឹងទទួលបានតំណែងថ្មី បានសម្ដែងនូវការដឹងគុណចំពោះការគាំទ្រ និងការតែងតាំងលោកជាប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះវិហារ ពីសំណាក់ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ ជាមួយនេះបាន ប្ដេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចក្នុងស្មារតីសាមគ្គីភាព បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការជាតិ អន្ដរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីបម្រើប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍន៍ជនបទតាមបែបពហុវិស័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្ដម អ៊ុន ចាន់ដា និង លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដែលកន្លងមកបានសហការគ្នាល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានាធ្វើឲ្យមន្ទីរទទួលបាន នូវសមិទ្ធផលយ៉ាងជូនប្រជាពលរដ្ឋ។
លោកទាំងពីរ បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកផងដែរលើការកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់នៅតំបន់ជនបទ ក្នុងនោះមានការកែលំអផ្លូវនៅតំបន់ជនបទជាបណ្ដើរៗពីផ្លូវក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងជាដើម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការអរគុណចំពោះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ដែលបានប្រកាសផ្តល់ផ្លូវកៅស៊ូប្រវែង១០០គីឡូម៉ែត្រ នៅក្នុងខេត្តព្រះវិហារ ក្នុងឆ្នាំ២០២០ខាងមុខនេះ។
លោកអភិបាលខេត្ត បានចាត់ទុកថា នេះជាដំណឹងរីករាយមួយសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារទាំងមូល។
ឯកឧត្ដម បាបន្តថា «ខេត្តព្រះវិហារបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ មិនចាញ់ខេត្តក្រុងដទៃឡើយ ដែលការរីកចម្រើននេះ គឺក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន»។
ក្រសួងក៏មានកម្មវិធី ផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យ ព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស វិជ្ជាជីវៈដើម្បីបង្កើនមុខរបររកប្រាក់ចំណូល។
លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលបានតែងតាំងថ្មី ត្រូវបន្តយកចិត្តទុកដាក់បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហប្រតិបត្តិការឲ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ធ្វើយ៉ាងណាអនុវត្តភារកិច្ចរបស់ខ្លួនឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
Source: Kampuchea Thmey Daily
0 Comments