កាលពីថ្ងៃពុធ ប្រធានផ្នែកអន្តោប្រវេសន៍របស់ប្រទេសថៃ បានប្តេជ្ញាថា នឹងមិនបង្ខំឲ្យជនភៀសខ្លួនវិលត្រលប់ទៅផ្ទះវិញដោយ “មិនស្ម័គ្រចិត្ត” នោះទេ បន្ទាប់ពីការអំពាវនាវរបស់ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតសុំការតាំងទីលំនៅថ្មីបានទាក់ទាញឲ្យមានការយកចិត្តទុកដាក់ជាសកលចំពោះប្រទេសមួយដែលមិនទទួលស្គាល់អ្នកស្វែងរកសិទិ្ធជ្រកកោន។
ប្រទេសនេះមិនមែនជាហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លួនទេហើយត្រូវរងការរិះគន់ជាយូរណាស់មកហើយដោយសារការឃុំខ្លួនពួកគេនៅក្នុងមណ្ឌលឃុំឃាំងឬបញ្ជូនពួកគេទៅរបបឃោរឃៅវិញដែលជាកន្លែងពួកគេត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារឬរឿងរ៉ាវកាន់តែអាក្រក់។
ករណីជាច្រើន មិនបង្កការភ្ញាក់ផ្អើលទេ ប៉ុន្តែរឿងរ៉ាវបានផ្លាស់ប្តូរកាលពីដើមខែនេះនៅពេលជនជាតិអារ៉ាប៊ីសាអ៊ូឌីតឈ្មោះ Rahaf Mohammed al-Qunun អាយុ១៨ឆ្នាំបានមកដល់ទីក្រុងបាងកកនិងចៀសវាងការនិរទេសដោយបង្ខាំងខ្លួនឯងក្នុងសណ្ឋាគារមួយនៅព្រលានយន្តហោះ។
នាងត្រូវបានគេប្រគល់ទៅឲ្យភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃហើយបានតាំងទីលំនៅនៅក្នុងប្រទេសកាណាដាក្នុងរយៈពេល១សប្តាហ៍ដែលនៅទីនោះនាងត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសលោកស្រី Chrystia Freeland បន្ទាប់ពីចុះចតនៅទីក្រុងតូរ៉ុនតូកាលពីថ្ងៃសៅរ៍។
ដំណើរការនៃករណីរបស់នាងគឺមិនធ្លាប់មានពីមុនមកឡើយសម្រាប់ប្រទេសថៃហើយត្រូវបានត្រួតពិនិត្យចាប់តាំងពីដំបូងរហូតដល់ទីបញ្ចប់ដោយប្រធានអន្តោប្រវេសន៍លោក Surachate Hakparn ដែលទើបត្រូវបានតែងតាំងឲ្យកាន់មុខតំណែងនេះនិងប្តេជ្ញាធ្វើកំណែទម្រង់។
ឆ្លើយតបនឹងសំណួរអំពីបញ្ហាជនភៀសខ្លួនរបស់ថៃ លោក Surachate បានប្រាប់នៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសថា គាត់នឹងចាត់វិធានការថ្មីហើយថា ក្រោមការគ្រប់គ្រងរបស់គាត់ នឹងគ្មាននរណាម្នាក់ត្រូវបញ្ជូនត្រលប់ទៅប្រទេសរបស់ពួកគេវិញទេប្រសិនបើពួកគេមិនចង់វិលត្រឡប់ទៅវិញ។
លោកបានបន្ថែមថា ក្នុងឋានៈជាប្រធាននាយកដ្ឋាននេះ “យើងនឹងធ្វើតាមបទដ្ឋានអន្តរជាតិ”៕ AFP
Source: Kampuchea Thmey Daily
0 Comments