Ad Code

នាយ ពែ​កមី ក្តៅ​ស្លឹក​ត្រចៀក​ ទម្លាយ​ការរិះគន់​កប់ៗ​មាត់​ លើ​ទង្វើ​ដ៏​គឃ្លើន​ និង​កាន់តែ​ព្រហើន​របស់​ក្រុមហ៊ុន Amazon !



​ភ្នំពេញ ​៖​ តារា​កំប្លែង​ នាយ ពែ​កមី ដោយសារ​អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​ដ៏​គឃ្លើន​ និង​ចេតនា​យ៉ាង​ព្រហើន​របស់​ក្រុមហ៊ុន​Online​ ដ៏​ល្បី​របស់​អាមេរិក​ ឈ្មោះ អា​ម៉ា​ហ្សូ​ន ដែល​បាន​ប្រមាថ​ដល់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ តាមរយៈ​ការយក​រូបភាព ​មក​ធ្វើជា​គម្រប​បង្គន់​ និង​កម្រាល​ជើង​ ដាក់​លក់​លើ​ទីផ្សារ​នោះ ​ភ្លាមៗ​នេះដែរ ​នាយ ពែ​កមី ក៏បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​មិន​សំចៃ​មាត់​លើ​ករណីបែបនេះ​។​

ការចេញមុខ​រិះគន់​ និង​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​របស់​តារា​កំប្លែង​ល្បីឈ្មោះ​ នាយ​ពែ​កមី នា​ពេល​នេះ ​បានធ្វើ​ឡើង​ស្រប​ពេលដែល​មានការ​បែកធ្លាយ​ និង​ទម្លាយ​នូវ​រូបភាព​ នៃ​ការប្រកាស​តាំង​ផ្សព្វផ្សាយ​ដាក់លក់​នូវ​ផលិតផល​កម្រាល​ជើង ​និង​បង្គន់​ ដែល​ស្ថិត​នៅ​លើ​គម្រប​មាន​រូបភាព​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​រិះគន់​ខ្លាំង​ពី​សំណាក់​មហាជន​ខ្មែរ លើ​ទង្វើ​ដ៏​ព្រហើន​របស់​ក្រុមហ៊ុន​អាមេរិក​ដ៏​ល្បី​មួយ​នេះ​។​

ផ្អែម​តាមរយៈ​សារ​រិះគន់​របស់​តារា​កំប្លែង​ នាយ ពែ​កមី បានលើកឡើង​ថា ​មិន​នឹកស្មានថា ​ក្រុមហ៊ុន អា​ម៉ា​ហ្សូ​ន នឹកឃើញ​គំនិត​ដែលនាំ​ឲ្យ​ខ្មែរ​យើង​ទទួលរង​ការប្រមាថ​អញ្ចឹង​សោះ​…​។ ស៊ែរ​មួយ​បង​ប្អូន​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​ លុបចេញ​នូវ​ទំនិញ​ប្រភេទ​នេះ​។

​ទន្ទឹមគ្នា​នឹង​ការរិះគន់​ ដោយ​ការមិន​ពេញចិត្ត​របស់​តារា​កំប្លែង ​នាយ ពែ​កមី ខាងលើ​នេះដែរ​ គេ​ក៏​កត់​សម្គាល់​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ ​ក៏​ហាក់​មិន​សប្បាយចិត្ត​លើ​ទង្វើ​របស់​ក្រុមហ៊ុន Online​ ដ៏​ល្បី​របស់​អាមេរិក​ ឈ្មោះ អា​ម៉ា​ហ្សូ​ន ដែល​បាន​យក​រូបភាព​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មក​ធ្វើជា​គម្រប​បង្គន់ ​និង​កម្រាល​ជើង​ដាក់លក់​លើ​ទីផ្សារ​ផងដែរ​។​

សូមបញ្ជាក់ថា ​កាលពី​ថ្មីៗ​កន្លងមកនេះ ​ធ្លាប់មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ​បាន​ផ្ទុះ​ប្រតិកម្ម​ម្តង​រួច​មក​ហើយ ​ចំពោះ​ក្រុមហ៊ុន អា​ម៉ា​ហ្សូ​ន ដ៏​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​យក​រូបភាព​ប្រាង្គ​ប្រាសាទអង្គរវត្ត​មក​ធ្វើជា​គម្រប​បង្គន់ និង​កម្រាល​ជើង​ដាក់លក់​តាម​ទីផ្សារ​អន​ឡាញ ដែល​ទង្វើ​នេះ​ ត្រូវបាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ប្រមាថ ​និង​ជា​ចេតនា​បន្ថោក​តម្លៃ​កម្ពុជា។ ប៉ុន្តែ​ខណៈ​ពេល​ដែល​រឿងរ៉ាវ​នេះ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ផង​ ក៏​ស្រាប់តែ​ផ្ទុះ​ការ​ប្រតិកម្ម​សាជាថ្មី​លើ​ក្រុមហ៊ុន​មួយ​នេះ​ បន្ទាប់ពី​បង្ហោះ​នៅលើ​ទីផ្សារ​របស់ខ្លួន​ តាមរយៈ​ការយក​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ធ្វើជា​គម្រប​បង្គន់ និង​ជា​កម្រាល​ជើង​ដាក់​លក់​លើ​ទីផ្សារ​ រហូត​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​។​

គិត​រហូតមកទល់​ពេលនេះ​ គេ​នៅ​មិនទាន់​ឃើញ​មាន​ស្ថាប័ន ឬ ក្រសួង​ពាក់ព័ន្ធ​ណាមួយ​ចេញ​ប្រតិកម្ម​ជុំវិញ​ករណី​ខាងលើនេះ​នៅឡើយ​ទេ ​ខណៈដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​កំពុង​ផ្ទុះ​ការ​រិះគន់ ​និង​ស្នើ​ឲ្យ​មាន​ចំណាត់​ការ​លើ​ករណី​រប​ស់​ក្រុមហ៊ុន​Online​ដ៏​ល្បី​របស់​អាមេរិក អា​ម៉ា​ហ្សូ​ន ផង​នោះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu