Ad Code

អាវុធហត្ថ​រាជធានី​បកស្បែក​មុខ​ក្រុម​ចោរ​ជំនាញ​លួច​រថយន្ត​សេរី​ទំនើបៗ​បាន​១០​នាក់ ក្នុង​រយៈ​ពេល​០៧​ថ្ងៃ​


ភ្នំពេញ ៖ ក្នុង​រយៈពេល​០១​សប្ដាហ៍​ថ្មី​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​០៤​គ្រឿង ដែល​ចោរ​បាន​លួច​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ព្រមទាំង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​១០​នាក់​ពាក់ព័ន្ធ​បទល្មើស​ផ្សេងគ្នា បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​បន្ត​បន្ទាប់។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​០៥​ ខែមករា​នេះ​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរលួច​រថយន្ត​មួយ​សំបុក​ធំ​នេះ បាន​ធ្វើឡើង​តាម​ការ​ចង្អុល​បង្ហាញ​ និង​បទ​បញ្ជា​ផ្ទាល់​ពី​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជរាជ​ធានី​ ទើប​កម្លាំង​អាវុធហត្ថ​ជំនាញ​សហការ​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ចោរលួច​រថយន្ត​បានជា​បន្តបន្ទាប់​ក្នុង​ពេល​០៧​ថ្ងៃ​ប៉ុណ្ណោះ។
ហើយ​ដកហូត​បាន​រថយន្ត​០៤​គ្រឿង​ជា​វត្ថុ​តាង​មក​ជា​មួយ​ផង​ដែរ។ រថយន្ត​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដក​បាន​ពី​ជនសង្ស័យ​រួម​មាន ៖ 1- រថយន្ត​ម៉ាក​តូ​យូ​តា​កា​ម៉ា​រី ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-1294 ជា​របស់​ម្ចាស់​ឈ្មោះ កែវ សំ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​មិត្តភក្ដិ​ឈ្មោះ ឌឿ វិចិត្រ បាន​ខ្ចី​ជិះ​កាលពី​អំឡុង​ឆ្នាំ​២០១៣ ស្រាវជ្រាវ​រក​ឃើញ​វិញ​នៅក្នុង​កា​រ៉ា​ស់​ក្បែរ​របង​ម៉ុង​ឌី​យ៉ា​ល់ ឯ​ជនល្មើស​រត់​គេច​ខ្លួន។​
2- រថយន្ត​ម៉ាក FORD RANGER សេរី​ឆ្នាំ​2013 ជា​របស់​ក្រុមហ៊ុន​ស៊ី​អែ​ស​ស៊ីជី CSCG ត្រូវ​បាន​អ្នក​បើកបរ​លួច​យក​ទៅ​កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ស្រាវជ្រាវ​រក​ឃើញ​វិញ​នៅ​ចំណុច​ផ្លូវ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា និង​ឃាត់ខ្លួន​ជនល្មើស​បាន។​
3- រថយន្ត​ម៉ាក​តូយ៉ូតា​កា​ម៉ា​រី សេរី​ឆ្នាំ​១៩៩៧ ពណ៌​បៃតងចាស់ ស្លាក​លេខ​ភ្នំពេញ​2D-6602 ជា​របស់​ម្ចាស់​ឈ្មោះ ម៉ៃ កុសល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ចោរលួច​កាលពី​ថ្ងៃទី​១៩ ខែធ្នូ​ ឆ្នាំ​២០១៤ នៅ​ចំណុច ផ្លូវ​២០០២ ភូមិ​ត្រពាំង​ឈូក ខណ្ឌ​សែន​សុខ មុខ​ផ្ទះ​ឈ្មោះ ជួន វុទ្ធី ជា​មិត្តភ័ក្ដិ​ម្ចាស់​រថយន្ត​ដែល​បាន​ខ្ចី​រថយន្ត​នោះ​ទៅ​ដឹក​ប្រពន្ធ​កូន​ដើរលេង ហើយ​ស្រាវជ្រាវ​រក​ឃើញ​វិញ នៅ​កន្លែង​ជួសជុល​រថយន្ត ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រីឯ​ជនល្មើស​គេច​ខ្លួន​បាត់។​
4- រថយន្ត​ម៉ាក​តូយ៉ូតា​កា​ម៉ា​រី សេរី​ឆ្នាំ​១៩៩៨ ពណ៌​ប្រផេះ ស្លាក​លេខ​ភ្នំពេញ 2T-5853 ជា​របស់​ម្ចាស់​ឈ្មោះ ប៉ោ បូរ៉ា​វ៉ា​ត់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវ​បាន​បាត់​នៅ​ម៉ោង​ប្រហែល​យប់ ថ្ងៃទី២៧​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​ខ្លួនឯង ផ្លូវ៥៦ ក្នុង​បុរី​ពិភព​ថ្មី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​រក​ឃើញ​វិញ​នៅ​ចំណុច​ក្រោយ​ផ្សារ​ហេង​លី រីឯ​ជន​សង្ស័យ​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង។ ជនសង្ស័យ​ទាំង១០នាក់​ ដែល​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ​មានឈ្មោះ ៖​
1-ឈ្មោះ បាន សុភាព ហៅ​ស្វាយ វុទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​អតីត​អ្នកបើកបរ​រថយន្ត ​និង​បកប្រែ​ភាសា​ចិន​ឲ្យ​ក្រុមហ៊ុន​ស៊ី​អែ​ស​ស៊ីជី ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ក្រុមហ៊ុន​ កាលពី​ថ្ងៃ​ទី​០៥​ខែសីហា​ ឆ្នាំ២០១៤ ។​
2-ឈ្មោះ សុខ ធារ៉ា ហៅ​ផល្លា ភេទ​ប្រុស អាយុ​២៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​មិនបាន​សម្រេច នៅ​ចំណុច​ក្បែរ​បុរី​ប៉េង​ហួត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​កម្លាំង​របស់​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់​បាន​ពេល​កំពុង​ល្បាត។​
3-ឈ្មោះ ជុំ ផល្លា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​យក​ម៉ូតូ​មិត្តភក្ដិ​ទៅ​បញ្ចាំ។​
4-ឈ្មោះ ស៊ឹម ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​ក្រណាត់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​ចូល​លួច​សម្ភារៈ​មាន​គ្នា​០២នាក់ នៅ​ចំណុច​បន្ទប់​ជួល​របស់​ម្ចាស់​ឈ្មោះ អាង សមិទ្ធ ហៅ ធា ភូមិ​ម័ស សង្កាត់​ដង្កោ ខណ្ឌដង្កោ។ ឃាត់ខ្លួន​បាន​នៅ​ចំណុច​កើតហេតុ ដោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដង្កោ។​
5-ឈ្មោះ ប៊ុន ណា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​ចូល​លួច​សម្ភារៈ ជា​មួយ​និង​ឈ្មោះ ស៊ឹម ពៅ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​កន្លែង​ជាមួយគ្នា។​
6-ឈ្មោះ គយ សីហា ហៅ​អា​ស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​ប្លន់ ដោយ​ប្រើ​កាំបិត​តាំង​តោ និង​កូនកាំបិត គម្រាម​យក​ចិញ្ចៀនមាស​០១​វង់ ខ្សែក​ប្លាទីន​០១​ខ្សែ ទូរស័ព្ទ​ដៃ​សាំ​សុង​០១​គ្រឿង និង​កាបូបដៃ​០១ មាន​លុយ​១០.០០០រៀល ពី​ជនរងគ្រោះ​ឈ្មោះ សំបុក រ៉ាវី ភេទ​ប្រុស អាយុ​២៣ឆ្នាំ នៅ​ចំណុច​ច្រមុះជ្រូក​អគ្គិសនី​វត្តភ្នំ រួច​គេច​ខ្លួន​បាត់ បន្ទាប់មក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ចំណុច​លើ​វត្តភ្នំ។​
7-ឈ្មោះ ហៀ​ង សេង​ហៃ ហៅ ក្អូ​ន ភេទ​ប្រុស អាយុ​២៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​ប្លន់ ជាមួយ​ឈ្មោះ គយ សីហា ហៅ​អា​ស ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ម្តុំ​វត្តភ្នំ។​
8-ឈ្មោះ ពៅ ឌី ហៅ ទូច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជាក់ស្តែង​នៅ​ចំណុច​ព្រំប្រទល់ សង្កាត់​ផ្សារ​ដើម​គ​ និង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា។​
9-ឈ្មោះ សួង ចំរើន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាមួយ​ឈ្មោះ ពៅ ឌី ឃាត់ខ្លួន​ចំណុច​ជាមួយគ្នា។​
10-ឈ្មោះ ចាន់ មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​សហការ​ជាមួយ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជាក់ស្តែង នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្អេរ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្នុង​រយៈពេល​ជាង​១​ខែ​នេះ​ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​សេរី​ទំនើបៗ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ស្រាវជ្រាវ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ហើយ​ដកហូត​រថយន្ត​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​មិន​តិច​គ្រឿង​ដែរ៕​
វិមាន​

Post a Comment

0 Comments

Close Menu