Ad Code

រថយន្ត​ហ៊ី​យ៉ាន់​ដាយ​៣,៥​តោន ទំនង​ជា​បើកបរ​ងោក​បាន​ជ្រុល​ទៅ​បុក​រថយន្ត​នីសាន់​២​បាំង ​បើក​ច្រាសទិស​គ្នា


កំពង់ឆ្នាំង ៖ រថយន្ត​ដឹកទំនិញ​ពេញ​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយ​គ្រឿង បាន​រេ​ចង្កូត​បុក​រះ​រថយន្ត​តាក់ស៊ី​ម៉ាក​នី​ស​សាន់ នៅពេល​កំពុង​បើកបរ​ច្រាសទិស​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បណ្ដាល​ឲ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធ្លាក់​ស្នាមភ្លោះ​បុក​ដើម​ស្វាយ​បាក់​អស់​មួយ​ដើម ដែល​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ​ទំនង​ជា​បើកបរ​ក្នុង​ភាព​ងោកងុយ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៤ ស្ថិត​ក្នុង​ភូមិ​ស្មែ​ត​ឃុំ ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។​
សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​រងគ្រោះ​ម៉ា​កនី​ស​សាន់​២​បាំង​នោះ ពណ៌​កាប់​ស្ទាំង ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 2A-0429 បើកបរ​ដោយ​ឈ្មោះ លី សុខា អាយុ​៤២​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ក្នុងភូមិ​មាន់ចែ ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ បើកបរ​ពី​ក្រុងភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1173 បើកបរ​ច្រាសទិស​ជាមួយ​រថយន្ត​នី​សាន់(រងគ្រោះ)។​

មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​នី​សាន់​ដែល​មាន​ផ្ទុក​អ្នកដំណើរ​០៤​នាក់ បាន​បើក​ក្នុង​ល្បឿន​មធ្យម​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បាន​រេ​ចង្កូត​មក​ឆ្វេង ហើយ​បាន​បុក​រះ​ផ្នែក​ខាងឆ្វេង​រថយន្ត​នីសា​ន់ និង​បាន​ធ្លាក់​ស្នាមភ្លោះ​ខ្លួនឯង បុក​ដើម​ស្វាយ​បាក់​០១​ដើម បណ្ដាល​ឲ្យ​មុខ​រថយន្ត​បង្ក​ខូចខាត​ទាំង​ស្រុង ដោយឡែក​រថយន្ត​រង​គ្រោះ​កំពឹត​ផ្នែក​ខាងឆ្វេង និង​បាន​ដាច់​កាលេ​ក្រោយ​ទៀត។
ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ទុក​រថយន្ត​ចោល ហើយ​ក៏​បាន​រត់គេច​បាត់​ស្រមោល​តែម្តង។ ដោយឡែក​គេ​ឃើញ​តែ​ស្ត្រី​ចំណាស់​ម្នាក់​ទំនងជា​ម្ចាស់​រថយន្ត​បង្ក បាន​ឡូឡា​ក្អេងក្អាង​នៅ​ទីនោះ។ ក្នុង​ហេតុការណ៍​នេះ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​នោះ​ទេ ចំណែក​រថយន្ត​ទាំង​០២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​អូស​យក​មក​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់។​
នៅក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ប្រហែល​មកពី​អ្នកបើកបរ​រថយន្ត​បង្ក បើក​ងោកងុយ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​កើតឡើង៕
( ឈៀង ថា​រិ​ទ្ធ )


Post a Comment

0 Comments

Close Menu